CamNews

យល់ដឹង 

ពន្លឺបៃតងពេល​យប់នៅឈូងសមុទ្រថៃ ៖ ជាមូលដ្ឋាន មនុស្សភពក្រៅ?

រូបថតមួយនៃក្រុងបាងកក ប្រទេសថៃ ដែលថតបានពីអវកាស ប៉ុន្មានថ្ងៃកន្លងមក បាន និង
កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គម Twitter ។ ក្នុងរូបថតនេះ បង្ហាញថា នៅ
ឈូងសមុទ្រថៃ មានរស្មីពណ៌បៃតង ពេញផ្ទៃសមុទ្រ ប្រការនេះ នាំឱ្យមានសំនួរជាច្រើន ត្រូវ
បានលើកឡើង។

រូបថតដែលត្រូវបាន Reid Wiseman បង្ហោះនៅលើ Twitter កាលពីថ្ងៃទី ១៨ សីហា បាននាំឱ្យ
អ្នកលេងបណ្ដាញសង្គមមួយនេះ ជាច្រើន សង្ស័យថា ពន្លឺពណ៌បៃតង នៅលើផ្ទៃសមុទ្រ នៃ
ឈូងសមុទ្រថៃ ប្រហែលជាពន្លឺនៃមន្ទីរពិសោធសម្ងាត់ ទាក់ទិននឹង កាំរស្មី gamma ណាមួយ។
អ្នកខ្លះយល់ថា វាអាចជាមូលដ្ឋាននៃមនុស្សភពក្រៅ ឬថា វាជាពន្លឺដែលចេញពីសារាយសមុទ្រ!

នៅពេលគេពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នៅលើរូបថតនេះ គេមិនត្រឹមតែឃើញ ពន្លឺអំពូល
ភ្លើងក្នុងក្រុងបាងកក ប្រទេសថៃ និងរស្មីពណ៌បៃតង ពេញផ្ទៃសមុទ្រនៃឈូងសមុទ្រថៃប៉ុណ្ណោះ
ទេ ប៉ុន្ដែ គេក៏នឹងឃើញខ្សែកាំរស្មីស្ដើង កោង និងមានពណ៌បៃតង នៅឯនាយជើងមេឃផង
ដែរ។ នេះ គឺជារស្មីដែលកើតចេញពីពន្លឺរបស់ផ្កាយនានា និងពន្លឺព្រះចន្ទ ដែលចាំងផ្លាតលើ
ផ្ទៃផែនដី។

ក៏ប៉ុន្ដែ ពន្លឺពណ៌បៃតង ដែលស្ថិតក្នុងលើផ្ទៃសមុទ្រនៃឈូងសមុទ្រថៃ គឺមិនដូចរស្មីពណ៌បៃតង
នៅឯនាយជើងមេឃនោះឡើយ។ តើវាជាពន្លឺនៃមន្ទីរពិសោធសម្ងាត់ ទាក់ទិននឹងរស្មី gamma
ឬជាមូលដ្ឋាននៃមនុស្សភពក្រៅ ឬមួយក៏ ជាពន្លឺដែលចេញពីសារាយសមុទ្រ? ចម្លើយ គឺមាន
​ភាព​សាមញ្ញខ្លាំងណាស់! ពន្លឺនេះ កើតចេញពីអំពូលភ្លើង LED កម្លាំងខ្លាំង របស់បណ្ដាកប៉ាល់
នេសាទ។ កប៉ាល់ឡាយនៅឈូងសមុទ្រនេះ ប្រើអំពូលភ្លើងខាងលើ ដើម្បីទាក់ទាញម៉ឹក និង
សត្វសមុទ្រ ឱ្យងើបអណ្ដែតមកលើផ្ទៃទឹក។

យោងតាមរបាយការណ៍មួយ នៅលើទំព័រ Earth Observatory របស់ Nasa “អ្នកនេសាទនៅ
តំបន់អាមេរិកខាងត្បូង និងអាស៊ីអាគ្នេយ៍ ប្រើប្រាស់អំពូលភ្លើងដែលមានថាមពលខ្លាំង នៅលើ
សមុទ្រ គឺដើម្បីទាក់ទាញសត្វសមុទ្រទាំងឡាយ និងបណ្ដាត្រីតូចៗ ដែលជាចំណីរបស់ម៉ឺក។
ហ្វូងម៉ឹកនឹងហែលទៅតាមចំណីរបស់ខ្លួន មកលើផ្ទៃទឹក ជាកន្លែងដែលពួកវានឹងត្រូវអ្នកនាសាទ
ប្រមាញ់។ កប៉ាល់នេសាទនិមួយៗ តែងប្រើប្រាស់អំពូលភ្លើងដូចខាងលើ ចំនួនដល់ទៅរាប់រយ
ហើយពន្លឺដែលកប៉ាល់និមួយៗបញ្ចេញ ក៏អាចឡើងដល់ 300kW” ។

ទាក់​ទិន​នឹង​ពន្លែ​នៅ​លើ​ផែន​ដី ដែល​ថត​បាន​ពី​អវកាស កាល​ពី​ពេល​កន្លង គេ​ក៏​បាន​ដឹង​ថា ពន្លឺ​អំពូល
​​ភ្លើង​នៃ​បណ្ដា​ប្រទេស​ មាន​សភាព​ខុស​ៗ​គ្នានៅ​ពេល​រាត្រី ក្នុង​នោះ កូរ៉េ​ខាង​ជើង ប្រៀប​បាន​ទៅ​នឹង
​​មហា​សមុទ្រ មាន​តែ​ "កោះ" តូច​ៗ

មើលពីអវកាស ពន្លឺដែលចេញពីក្រុមកប៉ាល់នេសាទលើសមុទ្រ អាចស្មើនឹងពន្លឺក្នុងទីក្រុងធំ
មួយ ប៉ុន្ដែ ប្រសិនគេមើលផ្ទាល់នឹងភ្នែក នៅលើផ្ទៃសមុទ្រនឹងមានសភាពបែបណា? ចម្លើយ
អាចរកឃើញនៅក្នុងរូបថតទីពីរ ដែលជារូបថតរបស់អ្នកជំនាញខាងសរសេរអត្ថបទ ផ្នែកទេស
ចរណ៍ម្នាក់៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ huffingtonpost


Tags: Earth Observatory Thailand Twitter Reid Wiseman