(ខាឌីប)៖ ប្រពន្ធ-កូន មិត្តស្រី និងសមាជិកគ្រួសារ ត្រូវបានគេហាមឃាត់ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីប អឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងនាពេលខាងមុខនេះ សម្រាប់ក្រុមជម្រើសជាតិវ៉េល នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក Chris Coleman ថ្លែងប្រាប់សារព័ត៌មាន BBC ។
លោក Coleman បានបញ្ជាក់ថា “យើងលេង៣ប្រកួតក្នុងរយៈពេល១០ថ្ងៃនៅទីនោះ ដូច្នេះវាគ្មានពេលដើម្បីធ្វើរឿងផ្សេងនោះឡើយ សូម្បីមកកាន់សណ្ឋាគារ ក៏ស្ទើរតែគ្មានពេលដែរ ព្រោះថានេះជាលើកទី១ ក្នុងដែលជម្រើសជាតិវ៉េល បានលេងក្នុងព្រឹត្តិការណ៍នេះ ចាប់តាំងពីឆ្នាំ១៩៥៨មក ក្នុង World Cup” ។
ទន្ទឹមនឹងនោះដែរ ពិធីការិនីទូរទស្សន៍ Sky Sports នាង Charlotte Coleman ក៏មិនបានអនុញ្ញាតឲ្យទៅយកព័ត៌មានក្នុងយុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តង ផងដែរ គ្រាដែលកីឡាករគ្រប់រូបមានរយៈពេល៦ថ្ងៃ ដើម្បីជួបជុំគ្រួសារ ក្រោយពេលបញ្ចប់ការប្រកួតជម្រុះក្នុងពូលទល់នឹងក្រុមជម្រើសជាតិអង់គ្លេស រុស្ស៊ី និងស្លូវ៉ាគី ។
ការសម្រេចមិនឲ្យកីឡាករពាក់ព័ន្ធពាក់ព័ន្ធនឹងគ្រួសារ ច្បាស់ជាប៉ះពាល់សម្រាប់កីឡាករខ្សែប្រយុទ្ធ Gareth Bale ដែលនឹងប្រសូត្របុត្រដំបូងរបស់គេជាមួយ នឹងភរិយា Emma Rhys-Jones ក្នុងពេលអំឡុងប្រកួត តែលោក Coleman ក៏មានគម្រោងលុបចោលពិធីខួបកំណើតគម្រប់ខួប៤៦ឆ្នាំរបស់គាត់ផងដែរ ដែលជម្រើសជាតិវ៉េល ត្រូវជួបប្រកួតទល់នឹងស្លូវ៉ាគី នារាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ។
មុនចាប់ផ្តើមលេង Euro 2016 នៅប្រទេសនាថ្ងៃទី១០ មិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ វ៉េល ក៏ត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹងជម្រើស ជាតិស្លូវ៉ាគី ថ្ងៃទី២៤ ខែមីនា មុនធ្វើដំណើរទៅជួបម្ចាស់ផ្ទះអ៊ុយក្រែន នៅ៤ថ្ងៃបន្ទាប់ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី