CamNews

ព័ត៌មានអន្តរជាតិ 

ខ្លាំងបាត់, ២០១៦ សហរដ្ឋអាមេរិក​លក់​សព្វាវុធ បានច្រើន​ជាងគេ​លើ​លោក ជាប់​​ចំណាត់ថ្នាក់​ «កំពូល​ផុតលេខ»

(វ៉ាស៉ីនតោន)៖ នៅក្នុងឆ្នាំនេះសហរដ្ឋអាមេរិក​បានវ៉ាដាច់ប្រទេសបារាំង​ និងរុស្ស៉ីនៅក្នុងការលក់សព្វាវុធ ជាមួយនឹង​ទឹកប្រាក់​ចំនួន ៤០ពាន់​លានដុល្លារ ដែលប្រហាក់ ប្រហែល​នឹងពាក់កណ្តាល​នៃចំណូល​ដែលរក​បាន​ពី​ការលក់អាវុធ​ទាំងអស់​នៅទូទាំងពិភពលោក​កាលពីឆ្នាំមុន ​ហើយប្រការនេះ​បានធ្វើឲ្យអាមេរិក​ក្លាយជា​ប្រទេស​​ដែលគ្រប់គ្រង​ទីផ្សារអាវុធ​សកល ដោយស្ថិត​នៅចំណាត់​ថ្នាក់កំពូល។ នេះបើតាមការចេញ​ផ្សាយ​ដោយសារព័ត៌មាន​រុស្ស៉ី Sputnik នៅមុននេះបន្តិច​នាព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។


យោងតាមរបាយការណ៍​ចុងក្រោយ​បំផុត ចំណូលដែលរក​បានពីការលក់​សព្វាវុធនៅទូទាំង​សកលលោក បានថមថយពី ៨៩ពាន់លានដុល្លារ​​នៅក្នុង​ឆ្នាំ២០១៤ មកត្រឹម ៨០ពាន់លានដុល្លារ​នៅក្នុងឆ្នាំ២០១៥ ប្រហែល​​ជា​បានបណ្តាលមកពី​ការធ្លាក់ចុះ​នៃតម្លៃប្រេង​ដែលជាកត្តា​ដាក់កំណត់​​ទៅលើចំនួនទឹកប្រាក់​ប្រទេសមួយ​ចំនួនអាចបង្វែរ​ចូលទៅក្នុងការ​ទិញ​សព្វាវុធ ប៉ុន្តែទោះជាយ៉ាងនេះក្តីប្រទេសកាតា បានចំណាយ​លុយ​ប្រហែល​ ១៧ពាន់លានដុល្លារទៅលើការជាវសព្វាវុធពីអាមេរិក។

បន្ថែមពីនេះការបញ្ជា​ទិញថ្មីពីសំណាក់​ព្រះរាជាណាចក្រ អារ៉ាប់ប៊ី សាអ៊ូឌីត, អ៉ីរ៉ាក់, និងកូរ៉េខាងត្បូង បានចូលរួមចំណែក​យ៉ាងធំធេង​នៅក្នុង​ចំណូល​ ដែលរកបានពីការលក់ សព្វាវុធ​របស់​សហរដ្ឋអាមេរិក ហើយជាងនេះទៅទៀត​ទំនាក់ទំនង​ដ៏យូរអង្វែង​ ជាមួយអ្នកទិញ​បរិក្ខារ​យោធា​នៅជុំវិញ​ពិភពលោក បានជួយឲ្យប្រទេសមហាអំណាច​មួយនេះ​ធានាបាននូវ​ការបញ្ជាទិញថ្មីៗ​ជាច្រើនពីប្រជាជាតិ​ទាំងឡាយ ដែល​ធ្លាប់​បាន​ប្រើប្រាស់​ផលិតផលសព្វាវុធ របស់អាមេរិកអស់រយៈពេលយូរគួរសម។

ជាមួយគ្នានេះដែរ​របាយការណ៍ខាងលើ​បានគូសបញ្ជាក់​ទៀតថា កិច្ចព្រមព្រៀង​នៃការលក់​ប្រភេទសព្វាវុធ​របស់សហរដ្ឋអាមេរិក​​ក៏ត្រូវបាន​ពង្រីក​វិសាលភាព​ផងដែរ ដោយរួមមានទាំងគ្រឿង​បន្លាស់, គ្រាប់, ការ​បំពាក់​បំប៉ន, សេវាកម្មគាំទ្រផ្សេងៗ ដែលមានតម្លៃថ្លៃ​គួរឲ្យ​កត់​សម្គាល់​​ភ្ជាប់ទៅជាមួយពួកវា។

គួរបញ្ជាក់ថាបើយោងតាមប្រភពដដែល​សម្រាប់​ការលក់​សព្វាវុធ​របស់ប្រទេស​រុស្ស៉ីវិញ ​គឺមានប្រទេសចិន​សំខាន់​ជាងគេ​រួម​ជាមួយ​​ និង​ឥណ្ឌា, ម៉ាឡេស៊ី, វៀតណាម, ព្រុយណេ, និងឥណ្ឌូណេស៊ី ដែលជាអ្នកជំរុញ។ អ្វីដែលទាក់ទាញអតិថិជន​របស់រុស្ស៊ី​បំផុតនោះ គឺមីស៊ីល​ និង​យន្តហោះចម្បាំង ប៉ុន្តែប្រព័ន្ធសព្វាវុធ​ខាងវិស័យ​យោធា​ជើងទឹកវិញ​ពុំសូវមាន​ប្រជា​ប្រិយ​ភាព​នោះ​ឡើយ៕





ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: US China Hong Kong Pentagon Int news Hot news