CamNews

ព័ត៌មានអន្តរជាតិ 

សង្រ្គាមគ្រឿងញៀនសម្លាប់មនុស្ស៩,០០០នាក់របស់ហ្វីលីពីនធ្វើឱ្យកក្រើកដល់លោក Trump លាន់មាត់សរសើរ

ព័ត៌មានអន្តរជាតិ ៖ លោក Donald Trump បានបើកការសន្ទនាតាមទូរស័ព្ទដ៏ខ្លីមួយ ដែលបានថតទុកកាលពីខែមេសា  ជាមួយប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo Duterte ដោយលោក បានកោតសរសើរសង្គ្រាមបង្ហូរឈាម ទៅលើគ្រឿងញៀនរបស់បុរសខ្លាំងហ្វីលីពីនរូបនេះ នេះបើយោងតាមអត្ថបទ ដែលទទួលបានដោយកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ និងទស្សនាវដ្ដី The Intercept ។​

លោក Trump បានមានប្រសាសន៍ថា៖ "ខ្ញុំគ្រាន់តែចង់អបអរសាទរដល់លោក ព្រោះខ្ញុំបានឮពីការងារដ៏អស្ចារ្យ ទៅលើបញ្ហាគ្រឿងញៀន" ។ «ប្រទេសជាច្រើន មាននូវបញ្ហាគ្រឿងញៀននេះ យើង(អាមេរិក) ក៏មានបញ្ហាដូចនេះដែរ ប៉ុន្តែការងារដែលលោកកំពុងធ្វើនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំហៅទូរស័ព្ទទៅលោក គឺគ្រាន់តែចង់ប្រាប់លោកបែបនេះប៉ុណ្ណោះ"។

បន្ទាប់ពីកោតសរសើរប្រធានាធិបតីហ្វីលីពីន លោក Trump បានរិះគន់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងប្រឆាំងនឹងការវាយលុកប្រឆាំងគ្រឿងញៀនបែបហិង្សារបស់លោក Duterte ដែលបានសម្លាប់មនុស្សប្រមាណជា ៩,០០០ នាក់ក្នុងនោះរួមមានអ្នកប្រើប្រាស់ និងឈ្មួញគ្រឿងញៀនរយៈពេលខ្លីតិចជាងមួយឆ្នាំ ជាច្រើននាក់ផងដែរ។

លោក Trump បាននិយាយថា៖ "ខ្ញុំយល់ច្បាស់ពីបញ្ហានោះ ហើយខ្ញុំគិតថា យើងធ្លាប់មានអតីតប្រធានាធិបតីមួយរូប ដែលមិនយល់ពីបញ្ហានោះ ប៉ុន្តែខ្ញុំយល់ថា យើងបាននិយាយ អំពីបញ្ហានេះកាលពីមុនរួចមកហើយ" នេះបើយោងតាមអត្ថបទ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដី  The Intercept ។

មន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលរបស់លោក Trump ម្នាក់បានប្រាប់ huffingtonpost ថា អត្ថបទ ដែលបានចុះផ្សាយនោះ គឺជាការពិត ប៉ុន្តែមិនគួរផ្សព្វផ្សាយជាសាធារណៈអំពីឯកសារ"លេចធ្លាយ" នេះទេ។

អត្ថបទ ដែលត្រូវបានផ្តល់ទៅឱ្យស្ថាប័នព័ត៌មាននានា ដោយប្រភពមួយ នៅក្នុងប្រទេសហ្វីលីពីន និងត្រូវបានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយសារព័ត៌មាន Rappler ជាស្ថាប័នព័ត៌មានមួយរបស់ប្រទេសហ្វីលីពីន ដែលជាដៃគូសហការរបស់ទស្សនាវដ្ដី The Intercept គឺជាការបញ្ជាក់បន្ថែមចំពោះភាពស្និទ្ធស្នាលមិនប្រពៃរបស់លោក Trump ចំពោះមេដឹកនាំផ្តាច់ការពិភពលោក ។ វាទំនងជានឹងបង្កើនការភ័យខ្លាចថា វោហាសាស្ត្រអាក្រក់ពីលោក Trump និងលោកអគ្គរដ្ឋអាជ្ញា Jeff Sessions អំពីបញ្ហា ដែលពួកគេបានហៅថា ជាទុក្ខទោសនៃការសេព និងការញៀនគ្រឿងញៀន អាចជាមាគា ដែលនាំឱ្យមានសកម្មភាពប្រយុទ្ធគ្នា នាពេលអនាគត។​

នៅក្នុងការហៅទូរស័ព្ទរបស់ខ្លួនជាមួយលោក Trump លោក Duterte បានហៅបញ្ហាគ្រឿងញៀនថាជា "ទុក្ខទោសនៃប្រទេសជាតិរបស់លោក" នេះបើយោងតាមអត្ថបទដដែលនោះ។

មន្ត្រីសេតវិមាន បានចាត់ទុកការហៅទូរស័ព្ទកាលពីខែមេសានោះថា ជា "ការសន្ទនាប្រកបដោយមិត្ដភាពបំផុត” ក្នុងអំឡុងពេល ដែលលោក Trump បានអញ្ជើញលោក Duterte ឱ្យបំពេញដំណើរទស្សនកិច្ចមករដ្ឋធានីវ៉ាស៊ីនតោន។ ការវិវឌ្ឍនៃសង្រ្គាមគ្រឿងញៀននេះ បានធ្វើឱ្យបណ្ដាមន្រ្ដីសេតវិមាន មានការភ្ញាក់ផ្អើល និងបានបំពួកឱ្យមានការថ្កោលទោសកាន់តែខ្លាំង ពីបណ្ដាអង្គការសិទ្ធិមនុស្ស ដែលបានចោទលោក Duterte ពីបទបង្កើតសង្គ្រាមគ្រឿងញៀនផ្ទុយពីច្បាប់ ដែលបានបង្កការភ័យខ្លាចដល់ប្រទេសជាតិ ជាមួយនឹងយុទ្ធនាការនៃការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដែលបានធ្វើឡើងដោយក្រុមមន្ត្រីការពារសណ្ដាប់ធ្នាប់ និងប៉ូលីស។ លោក Duterte បានទទួលយកគំរូដ៏ព្រៃផ្សៃ ដោយលោក បានប្រៀបធៀបខ្លួនឯង ជាមួយនឹងលោក ហ៊ីត្លែរ នៅលើបេសកកម្មមួយ ដែលបានសម្លាប់អ្នកញៀនថ្នាំរាប់លាននាក់។



លោក John Sifton នាយកផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រាប់កាសែត New York Times នៅក្នុងខែមេសាថា៖ "តាមរយៈការគាំទ្រជាសំខាន់ចំពោះ សង្រ្គាមគ្រឿងញៀនយ៉ាងសម្លាប់រង្គាលរបស់លោក Duterte នោះ ក្នុងពេលឥឡូវនេះ លោក Trump កំពុងផ្សំគំនិតខាងផ្លូវចិត្ត ដើម្បីលើកទឹកចិត្ដឱ្យមានការសម្លាប់មនុស្ស នាពេលអនាគត" ។ "ទោះបីជាយ៉ាងនេះក្ដី លក្ខណៈនៃចរិតរបស់លោក ទំនងជាមិនអាចធ្វើឱ្យមានការសម្លាប់បែបនោះទៅរួចនោះទេ លោក Trump គួរតែខ្មាស់ខ្លួនឯង”។



ក្នុងអំឡុងការហៅទូរស័ព្ទរបស់អ្នកទាំងពីរ លោកTrump និងលោក Duterte ក៏បានពិភាក្សាផងដែរអំពីភាពតានតឹងកាន់តែធំឡើង នៅឧបទ្វីបកូរ៉េ និងបានសម្តែងការព្រួយបារម្ភអំពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jung Un ដែលលោក Trump បានហៅថា ជា"មនុស្សឆ្កួត ជាមួយនឹងអាវុធនុយក្លេអ៊ែរ" ។ ប៉ុន្មានថ្ងៃក្រោយមកលោក Trump បានក៏និយាយថា លោកនឹងមាន " កិត្តិយស "ក្នុងការជួបជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើងរូបនេះ។

លោក Trump និងលោក Duterte បានយល់ស្របនឹងគ្នាថា ប្រទេសចិននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើង ស្ថិតក្រោមការឃ្លាំមើល និងបំបិទលទ្ធភាពនៃសកម្មភាពយោធារបស់ប្រទេសនេះ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ huffingtonpost


Tags: Donald Trump