ព័ត៌មានអន្តរជាតិ ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ bbc នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០១៧ នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញនាយកការិយាល័យប៉ូលិសសហព័ន្ធអាមេរិក FBI លោក James Comey ចេញ ពីតំណែង ហើយក៏ជារឿងធំមួយដែលកំពុងបង្កជាចលាចលជាថ្មីម្តងទៀត នៅក្នុងចំណោមអ្នកនយោបាយអាមេរិក ។
លោក ដូណាល់ ត្រាំ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ថា "FBI គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទំាងឡាយរបស់សហរដ្ឋអាមេ រិក ដែលគួរឲ្យគោរពជាទីបំផុត ។ ប៉ុន្តែនៅថ្ងៃនេះនឹងមានការចាប់ផ្ដើមថ្មីមួយ សម្រាប់ទីភ្នាក់ងារយុត្តិធម៌នៃយើងគ្រប់គ្នា នោះគឺការស្វែងរកនាយក FBI ថ្មី" ។
ដោយឡែកយោងតាមសារ Email ផ្ញើជូនលោក James Comey នឹងចេញផ្សាយជាសាធារណៈ ខាងសេតវិមានក៏បានទទួលស្គាល់ ព័ត៌មាននេះដែរ ដោយនិយាយថា លោក ដូណាល់ ត្រាំ បានបញ្ចប់តួនាទីនាយក FBI រូបនេះ ក្រោមហេតុផលលោក James Comey មិនមានសមត្ថភាពដឹកនាំស្ថាប័នរបស់ ខ្លួនឲ្យមានការរីកចម្រើន ។
ទោះបីជាយ៉ាងណាក៏ដោយ ការបណ្ដេញ លោក James Comey ចេញពីតំណែង បានធ្វើឡើងនៅចំពេលដែល FBI កំពុងដឹកនាំការស៊ើបអង្កេត ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ ជាមួយរុស្ស៊ីតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ bbc