ក្រុងញូវយ៉ក ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកតវ៉ារាប់រយនាក់ បានតម្រង់ជួរ នៅតាមបណ្ដោយផ្លូវ ហាយវ៉េប៉ែកខាងលិចតំបន់ Manhattan ដើម្បីសើចចំអកដាក់ក្បួនរថយន្តរបស់លោក Donald Trump ខណៈពេលដែលលោក បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូង ទៅកាន់ស្រុកកំណើតរបស់ខ្លួននាក្រុងញូវយ៉ក ដោយលោកមិនបានអញ្ជើញទៅ ចាប់តាំងពីលោក ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកមកម្ល៉េះ។
លោក Trump បានពន្លឿនការធ្វើដំណើររបស់លោក ឱ្យបានមុនម៉ោង ៧ រសៀលដើម្បីទៅចូលរួមទទួលទានអាហារពេលល្ងាច ជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull នៅលើនាវា USS Intrepid ជានាវាផ្ទុកយន្តហោះលែងប្រើ ដែលឥឡូវនេះ បានក្លាយជាសារមន្ទីរមួយ។
ហ្វូងមនុស្ស បានសម្ដែងការមិនពេញចិត្ដ និងស្រែកថា "ក្រុងញូវយ៉កស្អប់អ្នកណាស់!" ស្របពេលវាយស្គរបន្ទរ។ អ្នកគាំទ្រលោក Trump មួយចំនួន បានលើកដៃ ដើម្បីលើកទឹកចិត្តដល់លោក ។ ក្រុងញូវយ៉ក ជាកន្លែងនៃការធ្វើបាតុកម្មប្រឆាំងនឹងលោក Trump ដ៏ធំ នៅថ្ងៃដំបូងនៃការឡើងតំណែងជាប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ ការជួបជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ គ្រាន់តែជាការប្រមូលផ្ដុំទ្រង់ទ្រាយតូចជាងមុនប៉ុណ្ណោះ។
បាតុករខ្លះបានស្រែកពាក្យថា "គួរឱ្យអាម៉ាស់ណាស់!" ដាក់ក្រុមមនុស្ស ដែលស្លៀកពាក់សម្លៀកបំពាក់រាត្រី និងអាវផាយ ដែលមើលទៅទំនងជា តម្រង់ទៅទទួលទានអាហារពេលល្ងាច ដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់ខួបលើកទី ៧៥ នៃសមរភូមិសមុទ្រផ្កាថ្ម ដែលជាសមរភូមិទាហានជើងទឹក នាសង្គ្រាមលោកលើកទី II ។
អ្នកគាំទ្រលោក Trump មួយក្រុមតូច ក៏បានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវផងដែរ ដោយមានកាន់បដាសរសេរថា៖ «សូមអរគុណព្រះជាម្ចាស់ ដែលប្រទានលោក Trump ដល់យើង "និង" និរទេសជនអន្ដោប្រវេសន៍ខុសច្បាប់ចេញទៅ”៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ AP