ស្ដ្រីជនជាតិថៃម្នាក់ កំពុងតែល្បីឈ្មោះយ៉ាងខ្លាំង និងរកបានប្រាក់យ៉ាងច្រើន ព្រោះតែមានសមត្ថភាពទស្សន៍ទាយដឹងអំពីវាសនា អនាគតរបស់មនុស្ស ដោយប្រើប្រាស់កូនអុក។
គ្រូទាយកូនអុក មានរហ័សនាមថា Ajarn Nong
បន្ទាប់ពីបែកបាក់គ្រួសារ និងត្រូវរស់នៅដោយគ្មានផ្ទះសម្បែងមួយរយៈពេល ស្ដ្រីមេម៉ាយកូនមួយ Amunnata Lamwanna ក៏មានសំណាង ត្រូវបានគ្រួទាយដ៏ល្បីឈ្មោះម្នាក់ ហៅឱ្យមកជួយធ្វើការ និងរស់នៅទីនោះ។ ក្រោយពីបានសិក្សាស្វែងយល់អំពីក្បួនតារា និងវិជ្ជាហោរា Lamwanna ក៏សុំចេញបង្កើតមុខរបរទស្សន៍ទាយដោយឡែក ក្រោមរហ័សនាមថា Ajarn Nong ។
ទំព័រ Oddity Central ដកស្រង់សំដីរបស់គ្រូទាយម្នាក់នេះ ឱ្យដឹងថា Ajarn បាននឹកឃើញវិធីទស្សន៍ទាយដោយប្រើកូនអុកនេះ គឺបន្ទាប់ពីបានមើលគេលេងអុកមួយក្ដារ នៅឧទ្យាន។ “ខ្ញុំនឹកឃើញវិធីទស្សន៍ទាយថ្មី។ ពេលបានឃើញទីតាំងរបស់កូនអុក ខ្ញុំអាចមើលដឹងអំពីទីតាំងរបស់បណ្ដាតារា តាមក្បួនហោរាថៃ។ ដូចទៅនឹងសន្លឹកបៀរបស់លោកខាងលិច និងក្បួនហុងស៊ុយ ទីតាំងរបស់តារានិមួយៗ សុទ្ធតែចង្អុលបង្ហាញនូវជោគវាសនារបស់អ្នក។ វិធីទស្សន៍ទាយនេះ ខ្ញុំសម្រេចបានកាលពីឆ្នាំ ២០១០ ហើយអ្នកដំបូងគេដែលខ្ញុំសាកល្បង គឺប្ដីរបស់ខ្ញុំ” ។
នៅពេលមើលជោគវាសនាឱ្យភ្ញៀវម្ដងៗ Ajarn នឹងយកតម្លៃ ពី ៣០ ទៅ ៥០ដុល្លារអាមេរិក។ ភ្ញៀវក៏អាចជ្រើសរើសវិធីបង់ប្រាក់ជាកញ្ចប់ រយៈពេលមួយឆ្នាំ ក្នុងតម្លៃ ២០០ដុល្លារ។ ក្នុងពេលទស្សន៍ទាយ ភ្ញៀវនឹងត្រូវបានស្នើឱ្យចាប់យកកូនអុកចំនួន ៥ ហើយដាក់ទៅលើបាតដៃ ទៅតាមបែបដែលពួកគេយល់ថាសមស្រប។ កូនអុកនិមួយៗ តំណាងឱ្យអត្ថន័យដោយឡែក ក្នុងនោះ កូនអុក “ត្រី” តំណាងឱ្យផ្កាយព្រះសុក្រ ជានិមិត្តរូបនៃភាពជានារី បើកទូលាយ និងមិនមែនជាមនុស្សអត្មានិយម ចំណែកទ័ពសេះ តំណាងឱ្យផ្កាយព្រះសៅរ៍ និមិត្តរូបនៃមនុស្សចូលចិត្តការងារ។ ក្រៅពីនេះ កូនអុក “ស្ដេច” តំណាងឱ្យផ្កាយព្រហស្សត៍ ជានិមិត្តរូបនៃមនុស្សដែលមានអត្ដចរឹតពិបាកស្និទ្ធស្នាល ជាមនុស្សចេះគិតគូរ និងយកហេតុផលជាធំ ខណៈដែលកូនអុក “នាង” តំណាងឱ្យកញ្ចុំផ្កាយអារក្សស្រែ បង្ហាញអំពីភាពស្រឡាញ់ចូលចិត្ត ចេះការពារនិងភាពរលូន។
Ajarn កំពុងធ្វើពិធី មុនពេលទស្សន៍ទាយ (រូប ៖ Facebook)
បើទោះជាមិនចេះច្បាស់អំពីក្បួននៃការលេងអុក ប៉ុន្ដែគ្រូទាយរូបនេះ អាចមើលការបំលាស់ទីកូនអុកនៅលើដៃរបស់ភ្ញៀវ ដើម្បីកំណត់ដឹងនូវអនាគតនៃជីវិតរបស់ពួកគេ។ ជាទូទៅ ភ្ញៀវរបស់ Ajarn ភាគច្រើនគឺជាមន្ដ្រីរាជការ ប៉ូលិស ទាហាន ជាមនុស្សដែលចង់ដឹង ចង់យល់ ថា តើពេលណាទើបពួកគេនឹងបានឡើងឋានៈ។ ក្រៅពីនេះ ក៏មានស្ដ្រីជាច្រើនដែលមានកូនស្លាប់ ក៏មករកអ្នកគ្រូ ដើម្បីបានដឹងអំពីសុខទុក្ខរបស់វិញ្ញាណក្ខន្ធរបស់កូន នៅឯភពផ្សេង។
Ajarn បានឱ្យដឹងថា វិធីទស្សន៍ទាយរបស់ខ្លួន ក៏ឆុត មិនចាញ់វិធីទស្សន៍ទាយដទៃ ព្រោះគាត់បានប្រើប្រាស់កត្ដាវិទ្យាសាស្ដ្រស្ទើរទាំងអស់ ដើម្បីសន្និដ្ឋានអំពីអនាគត។ គ្រូទាយមេម៉ាយ Ajarn Nong ក៏ប្រើប្រាស់បណ្ដាញសង្គម Facebook ហើយអ្នកអាចចូលទស្សនាតាមរយៈ តំណរភ្ជាប់ https://www.facebook.com/nongpayakorn ។
អត្ថបទគួរចាប់អារម្មណ៍ដទៃ
ទស្សន៍ទាយនិស្ស័យអ្នកតាមរយៈក្រុមឈាម
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Oddity Central/Facebook