(សេអ៊ូល)៖ កូរ៉េខាងត្បួង បានចាក់ផ្សាយសំឡេងឃោសនា ដែលជាសង្គ្រាមចិត្តសាស្ត្រ នៅតាមបន្ទាត់ព្រំដែន នៅថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីកូរ៉េខាងជើង បានប្រកាសថា ខ្លួនជោគជ័យក្នុងការបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែន ប៉ុន្តែការចាក់ផ្សាយសំឡេងឃោសនានេះ ត្រូវបានកូរ៉េខាងជើង លើកឡើងថា ជាសកម្មភាពមួយ ដែលជំរុញឲ្យ «កើតមានសង្គ្រាមរវាងប្រទេសឈាមជ័រតែមួយ»។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦។
នៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីឆ្លើយតប និងប្រឆាំងទៅលើការបំផ្ទុះសាកល្បង គ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង, រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជាក់ឲ្យត្រៀមចាក់ផ្សាយសំឡេងឃោសនា ដែលជាសង្គ្រាមចិត្តសាស្ត្រ នៅតាមបន្ទាត់ព្រំដែននៃប្រទេសកូរ៉េទាំងពីរ ដែលនេះជាលើកទី២ហើយ ដែលកាលពីខែសីហា ឆ្នាំ២០១៥ កូរ៉េខាងត្បួងបានចាក់ផ្សាយសំឡេងឃោសនានេះម្ដងដែរ ដោយសារតែមានករណីផ្ទុះមីនស្លាប់ទាហាន និងមនុស្សមួយចំនួន ដោយក្នុងនោះកូរ៉េខាងត្បួង បានលើកឡើងថា វាទង្វើរបស់កូរ៉េខាងជើង។
អ្នកជំនាញអាមេរិក បានលើកឡើងថា គ្រាប់បែកអ៊ីដ្រូសែន ដែលកូរ៉េខាងជើងផលិតនេះ គឺមានអនុភាពខ្លាំងជាង ៧ដង នៃគ្រាប់បែកដែលត្រូវបានសហរដ្ឋអាម៉េរិក ទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ១៩៤៥កន្លងទៅ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ លោក គីម ជុនអ៊ុន មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង បានប្រកាសថា ខ្លួនជោគជ័យក្នុងការបំផ្ទុះសាកល្បង គ្រាប់បែកអ៊ីដ្រូសែន ដែលគ្រាប់បែកនេះ ត្រូវបានមេដឹកនាំរូបនេះ ប្រកាសឲ្យដឹងតាំងពីខែធ្នូមកម្ល៉េះ៕
ប្រភព ៖ យ៉ាហូ និង យូអេសញ៉ូវ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី