CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង​ព្រមាន​អាមេរិកខ្លាំងៗ បើ​មិន​ចង់​ភ្លក្ស​រសជាតិ​នៃ​ការវាយប្រហារ ដ៏ខ្លាំងក្លា​បំផុត

ព្យុងយ៉ាង៖ បើយោងតាមចុះផ្សាយតាមរយៈគេហទំព័រ Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានព្រមានទីក្រុងវ៉ាស៊ីនតោនថា "កុំមករញ៉េរញៃជាមួយនឹងពួកយើង" បើពុំដូច្នោះអ្នកនឹងបានភ្លក់ការវាយប្រហារដ៏ខ្លំាងខ្លាបំផុត ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកវិធីសាស្ត្រ ដាក់សម្ពាធបន្ថែមប្រឆាំងនឹង ទីក្រុងព្យុងយ៉ាងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ ។

ប្រឈមមុខនឹងរបបដឹកនាំ លោក Kim Jong Un ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានជាច្រើនដងថា គោលនយោបាយអត់ធ្មត់ជាមួយកូរ៉េខាងជើង បានឈានដល់ទីបញ្ចប់ហើយ ថាសហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់កម្លាំងយោធានៅក្នុងករណីចាំបាច់ ។ ប៉ុន្តែកូរ៉េខាងជើងក៏បានព្រមានដែរថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្រ្គាមនុយក្លេអ៊ែរ តាមដែលអាមេរិកត្រូវការ ។ ក្រោយៗមកទៀត អាមេរិកបានបន្ធូរបន្ថយពាក្យគំរាមរបស់ខ្លួន ដោយអះអាងថា ចង់បានសន្តិភាពនៅឧបទ្វីប ហើយចិនត្រូវបានអំពាវនាវឲ្យចូលរួមយ៉ាងសកម្មក្នុងរឿងនេះ ។

ជាងនេះទៅទៀតសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ កន្លងផុតទៅនេះបានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានគូសបញ្ជាក់ថា "យើងកំពុងពិនិត្យឡើងវិញ លើស្ថានភាពទំាងអស់របស់កូរ៉េខាងជើង រួមទំាងការបញ្ចូលទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគាំទ្រភេរវករ ក៏ដូចជាការស្វែងរកវិធីសាស្ត្រដាក់សម្ពាធបន្ថែមលើព្យុងយ៉ាង ឱ្យងាកមករកតុចរចាជាមួយយើង ដែលនឹងមិនមែនដូចកិច្ចចរចាមុនៗនោះទេ" ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Channel News Asia


Tags: Donald Trump Kim Jong Un