(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈនេះ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា របស់ក្លឹបបឹងកេតអង្គរ កំពុងមានប្រជាប្រិយភាពទទួលបានការគាំទ្រច្រើនជាងគេ នៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់អត្តពលិក ដែលមានប្រជាប្រិយភាពជាងគេ(Cambodia Sports Award Ceremony) ។ ដោយឡែកកីឡាការិនីដ៏ស្រស់ស្អាត ២រូប គឺកីឡាការិនីហែលទឹកជម្រើសជាតិ ហែម ថុនវិទិនី និងកីឡាការិនីតេក្វាន់ ស៊ន សៀវម៉ី កំពុងទទួលបានការគាំទ្រយ៉ាងប្រកៀកប្រកិតពីសំណាក់ទស្សនិកជន ។
សម្រាប់រូបថតកីឡាករល្បីឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បន្ទាប់ពីបង្ហោះឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការបោះឆ្នោតតាមរយៈការចុក Like នៅលើ Page ផ្លូវការរបស់ Naga world រយៈពេលជាង ២ថ្ងៃកន្លងទៅ គឺបានទទួលការគាំទ្រចំនួន ៤,៣៣៤Like ហើយ ដោយចំនួននេះកំពុងនាំមុខអត្តពលិកផ្សេងៗ ដែលមានឈ្មោះបោះឆ្នោតក្នុងប្រភេទពានរង្វាន់អត្តពលិកមានប្រជាប្រិយភាពជាងគេ ដែលតាមពីក្រោយដោយកីឡាការិនី ស៊ន សៀវម៉ី និង ហែម ថុនវិទិនី ប៉ុន្ដែវ៉ាដាច់ខ្សែប្រយុទ្ធមកពីក្លឹបស្វាយរៀងព្រះខ័នរាជ ប្រាក់ មុន្នីឧត្តម ដែលទើបទទួលបានការគាំទ្រ ១,៨៦៨Like ប៉ុណ្ណោះ ។
ដោយឡែកកីឡាការិនីដ៏ស្រស់ស្អាត ហែម ថុនវិទិនី និង ស៊ន សៀវម៉ី វិញ ពេលនេះកំពុងតែទទួលបានការគាំទ្រយ៉ាងប្រកៀកប្រកិត ក្នុងនោះ ហែម ថុនវិទិនី ទទួលបានការគាំទ្រ ២,៥១១Like ឈរចំណាត់ថ្នាក់លេខ២ រីឯកញ្ញា ស៊ន សៀវម៉ី ទទួលបានគាំទ្រ ២,៣៣១Like ឈរចំណាត់ថ្នាក់លេខ៣ ។ ប៉ុន្ដែទោះជាយ៉ាងណា ឱកាសនៃការទទួលបានការគាំទ្រ ឬចុក Like នៅសល់ច្រើន រហូតដល់ម៉ោង ១២យប់ថ្ងៃទី១៧ ខែកុម្ភៈឯណោះ ទើបគណៈកម្មការរៀបចំកម្មវិធីបូកសរុបលទ្ធផល រកអ្នកឈ្នះពានរង្វាន់អត្តពលិកមានប្រជាប្រិយភាពជាងគេឃើញ ។
គួរបញ្ជាក់ថា សម្រាប់ជ័យលាភី នៃពានរង្វាន់អត្តពលិកមានប្រជាប្រិយភាពជាងគេ អ្នកឈ្នះ គឺទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ ប៉ុន្ដែមិនមានតែពាននេះទេ គឺមានពានរង្វាន់ជាច្រើនទៀត កំពុងរង់ចាំចូលរួមប្រកួតអត្តពលិកតំណាងសហព័ន្ធកីឡាជាតិដទៃទៀត រួមមានពានរង្វាន់អត្តពលិកឆ្នើម ដែលធ្លាប់បានមេដាយលើឆាកអន្ដរជាតិ គឺទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ និងពានរង្វាន់កីឡាករ-កីឡាការិនីជនពិការឆ្នើម ទទួលបាន ១,៥០០ដុល្លារ និងពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ សម្រាប់គ្រូបង្វឹកខ្មែរ ទទួលបាន ២ពាន់ដុល្លារ ។
លើសពីនេះគណៈកម្មការក៏បានផ្ដល់ឱកាសឲ្យក្រុមអ្នកសារព័ត៌មានកីឡាជាតិ ជ្រើសរើសអត្ថបទល្អ និងរូបភាពស្អាត ដាក់ឲ្យអ្នកគាំទ្របោះឆ្នោត ដើម្បីឈ្នះពានរង្វាន់ ១ពាន់ដុល្លារដូចៗគ្នាផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី