(បាងកក)៖ នៅក្នុងប្រទេសថៃ មិនមានបុគ្គលច្រើនរូបនោះទេ ដែលអាចធ្វើឱ្យភាពអ៊ូអរប្រែជាស្ងាត់ជ្រងំ សកម្មភាពចរាចរណ៍ដ៏មមាញឹក នៅកណ្តាលទីក្រុងបាងកក ប្រែជាគ្មានសកម្មភាពបាននោះ។ ប៉ុន្តែកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅនេះ ជាថ្ងៃដែលព្រះអង្គម្ចាស់ ភូមិប៊ុល សោយទិវង្គត នៅតាមដងផ្លូវក្នុងប្រទេសថៃ រាល់ការធ្វើចរាចរណ៍រថយន្តនានាត្រូវបានហាមឃាត់ អ្វីៗប្រែជាស្ងប់ស្ងាត់ អ្វីដែលអ្នកអាចឮបាន គឺមានតែភ្លេងឱ្យជ័យ ដែលចេញពីឧបករណ៍បំពងសម្លេងរបស់ព្រះរាជវាំងប៉ុណ្ណោះ។
នៅក្នុងថ្ងៃនោះ ទង់ជាតិប្រទេសថៃរាប់ពាន់ ត្រូវបានបក់រវ៉ិកដោយប្រជាពលរដ្ឋថៃគ្រប់វ័យ ជាមួយនឹងសម្រែកប្រយោគមួយឃ្លាថា «Song Phra Charoen» ដែលមានន័យថា «ជយោព្រះករុណា»។ ប៉ុន្តែច្បាប់ប្រឆាំងការប្រមាថស្តេចថៃ បានធ្វើឱ្យមនុស្សជាច្រើនត្រូវជាប់ពន្ធនាគារដោយសារបញ្ហានេះ។ តាមរយៈច្បាប់នេះ ជម្រុញឱ្យមនុស្សគិតថា ទ្រង់ជាស្តេចផ្តាច់ការខ្វះការគោរពពីប្រជាពលរដ្ឋ តែផ្ទុយពីការគិត ព្រះអង្គម្ចាស់ភូមិបុល អាឌុលយ៉ាដេត ជាស្តេចដែលទទួលបានការស្រឡាញ់ និងការលើកតម្កើនយ៉ាងខ្លាំងពីប្រជាពលរដ្ឋថៃ។
ខាងក្រោមនេះជាហេតុផលដែលធ្វើឱ្យទ្រង់ ជាស្តេចដែលទទួលបានការស្រឡាញ់ជាខ្លាំងពីប្រជាពលរដ្ឋ៖
១៖ ពលីសម្រាប់ប្រជាពលរដ្ឋថៃ
នៅពេលទ្រង់ឡើងសោយរាជ្យសម្បត្តិ ព្រះអង្គម្ចាស់ភូមិបុល បានថ្លែងថា «ទ្រង់ឡើងសោយរាជសម្បត្តិដោយភាពត្រឹមត្រូវ និងដើម្បីផលប្រយោជន៍ជនជាតិសៀម»។ ជាក់ស្តែងទ្រង់ពិតជាបានរក្សាការសន្យានេះសម្រាប់ប្រជាពលរដ្ឋថៃពិតមែន។ ព្រះអង្គបានជួយដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសប្រជាកសិករ និងជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ។
ឧទាហរណ៍ដ៏សំខាន់នៃព្រះរាជកិច្ចទាក់ទងនឹងគម្រោង ដែលផ្តើមដោយព្រះរាជតម្រិះរបស់ទ្រង់ផ្ទាល់ គឺគម្រោង ៤,២០០គម្រោង ដែលត្រូវបានអនុវត្តទូទាំងប្រទេស ដើម្បីឱ្យប្រាកដថាតាមរយៈគម្រោងទាំងនេះ ប្រជាពលរដ្ឋរបស់ទ្រង់អាចពឹងផ្អែកលើខ្លួនឯងបានដែលមានឈ្មោះថា «គម្រោងសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់ខ្លួនឯង»។ កាលពី ៤៥ឆ្នំាមុន ទ្រង់ព្រមទាំងរាជវង្សានុវង្ស បានយាងទស្សនកិច្ចនៅតំបន់ត្រីកោណមាស ដែលស្ថិតនៅបន្ទាត់ព្រំដែនរវាង ថៃ ឡាវ និងមីយ៉ាន់ម៉ា។ ទោះបីទ្រង់ទតឃើញវាលស្រែជាច្រើនពោរពេញដោយចម្ការអាភៀន តែទ្រង់មិនបានចេញបញ្ជាឲ្យចាប់ខ្លួនជនជាតិភាគតិចទាំងនោះឡើយ ដោយព្រះតម្រិះថា ទ្រង់មិនចង់បន្លាចពួកគេ ឬជម្រុញពួកគេឱ្យចូលរួមចលនាកុម្មុយនីស ដែលកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបណ្តាប្រទេសជាច្រើននៅអាស៊ីក្នុងពេលនោះ។
ទ្រង់បានធ្វើការពលីសម្រាប់ប្រជាពលរដ្ឋថៃ តាមរយៈការបង្កើតគម្រោងជាច្រើន ពិសេសទៅលើវិស័យកសិកម្ម និងតំបន់ដាច់ស្រយាល ដែលទាមទារឱ្យទ្រង់ត្រូវធ្វើដំណើរទូទាំងប្រទេសថៃ។ នៅក្នុងឆ្នាំ២០០៣ ទ្រង់បានបង្ហាញការគាំទ្រចំពោះសង្គ្រាមប្រឆាំងថ្នាំញាណ ដែលបណ្តាលឲ្យជនសង្ស័យជាង ២,០០០នាក់ត្រូវបាត់បង់ជីវិត។
២៖ ប្រឈមមុខជាមួយរបត់នយោបាយជាច្រើនលើកច្រើនសារ៖
ក្រោមរាជសម្បត្តិរបស់ទ្រង់ ប្រទេសថៃឆ្លងកាត់រដ្ឋប្រហារ ១៧ដង នាយករដ្ឋមន្ត្រី២៦រូប រួមជាមួយការបះបោរ និងវិបត្តិរដ្ឋធម្មនុញ្ញជាច្រើនលើកច្រើនសារ។ ក្នុងពេលនោះស្ថានភាពក្នុងប្រទេសថៃ ធ្លាក់ចុះជាខ្លាំង ចំណែកគម្លាតរវាងអ្នកមាន និងអ្នកក្រគឺកាន់តែខ្លាំង។
ទោះបីធ្លាក់ក្នុងស្ថានភាពបែបនេះជាច្រើនលើកច្រើនសារ ទ្រង់នៅតែបន្តជាបង្គោលយ៉ាងរឹងមាំ មិនត្រឹមតែជាដំណាងរបស់ប្រវត្តិសាស្ត្រប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គក្នុងបង្រួមបង្រួមជាតិ។ ទ្រង់ត្រូវបានគេចាត់ទុកថាជាគោលជំហរដ៏សំខាន់មួយ និងជាព្រះរាជាជាទីស្រឡាញ់របស់ប្រជាជាតិថៃ ព្រមទាំងត្រូវបានគេមើលឃើញថា ទ្រង់ជាកម្លាំងដែលជួយរក្សាស្ថិរភាព និងបង្រួបបង្រួមជាតិ ដែលបានបែកបាក់ដោយសាររបត់នយោបាយជាច្រើនលើកច្រើនសារ។ បន្ទាប់ពីមានការធ្វើរដ្ឋ ប្រហារកាលពីទសវត្សរ៍ឆ្នាំ១៩៩០ បង្កឱ្យមានការប្រឈមមុខដាក់គ្នារវាងយោធា និងក្រុមសកម្មជនការពារប្រជាធិបតេយ្យ តែក្រោយមកទ្រង់ក៏ទទួលបានប្រជាប្រិយភាពសាជាថ្មី។
៣៖ ទ្រង់ចេះបង្កើនប្រជាប្រិយភាព៖
ក្រៅពីកិច្ចការប្រទេសជាតិ ទ្រង់ជាអ្នកលេងឧបករណ៍ភ្លេងហ្សាសដ៏ជំនាញម្នាក់ ហើយទ្រង់ក៏ធ្លាប់បាននិពន្ធបទភ្លេងជាច្រើនផងដែរ។ ក្រៅពីនេះទ្រង់ចូលចិត្តការថតរូបកាម៉ារ៉ា តែងតែស្ថិតនៅជាប់ជាមួយព្រះអង្គជានិច្ច ក្នុងអំឡុងពេលដែលទ្រង់ធ្វើដំណើរជុំវិញប្រទេសថៃ។ ជាមួយនឹងរូបភាពទាំងនេះ ទ្រង់បានបង្កើតនៅឯកសារជាច្រើន ដែលមានសារៈសំខាន់បំផុតសម្រាប់គម្រោងការណ៍នានា។ មិនតែប៉ុណ្ណោះទ្រង់ក៏បានជម្រុញវិស័យកីឡាក្នុងចំណោមប្រជាពលរដ្ឋថៃ ដើម្បីជម្រុញការថែទាំ សុខភាពឱ្យបានល្អ។ ចាប់តាំងពីទ្រង់ឡើងកាន់អំណាចជាលើកដំបូង ខណៈស្ថិតនៅវ័យក្មេងនៅឡើយ ទ្រង់ចូលចិត្តធ្វើដំណើរគ្រប់កន្លែង និងបង្កភាពសិ្នទ្ធស្នាល ជាមួយប្រជាពលរដ្ឋមកពីសហគមន៍ក្រីក្រ។ ប្រជាពលរដ្ឋថៃ ចូលចិត្តទ្រង់ពាក់ព័ន្ធបទពិសោធន៍ក្នុងការធ្វើគោលនយោបាយកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ។
៤៖ ធ្វើបដិវត្តន៍ លុបបំបាត់របបទាសករចេញពីប្រទេសថៃ
មុនការឡើងសោយរាជ្យសម្បត្តិរបស់ទ្រង់ របបទាសករបានក្លាយជារឿងដ៏សំខាន់ និងចាំបាច់មួយក្នុងសង្គមមនុស្ស ដោយទាសករត្រូវបានគេទិញលក់ដូចសត្វ ព្រមទាំងរងការបំពានយ៉ាងឃោរឃៅជាទីបំផុត។ តាមរយៈព្រះរាជកិច្ចរបស់ទ្រង់ របបទាសភាពត្រូវបាន លុបបំបាត់ចាប់តាំងពីពេលនោះមក។
៥៖ ធ្វើឲ្យប្រទេសថៃ ចៀសផុតពីរបបអាណានិគមន៍
ព្រះអង្គម្ចាស់ ភូមិប៊ុល បានប្រើប្រាស់ភាពឈ្លាសវៃរបស់ទ្រង់ក្នុងការចរចា ដើម្បីចាកផុតពីនឹមអាណានិគមន៍របស់បារាំង និងអង់គ្លេស ខណៈដែលប្រទេសទាំងអស់ ផ្សេងទៀតនៅអាស៊ាន ព្រមទាំងបណ្តាប្រទេសជាច្រើនលើពិភពលោក សុទ្ធតែធ្លាក់ក្រោមរបបមួយនេះ។ នេះជាមូលហេតុដែលជម្រុញឲ្យប្រជាពលរដ្ឋថៃ មានមោទនភាព ក្នុងការក្លាយជាប្រទេសដែលមិនធ្លាប់សិ្ថតក្រោមរបបអាណានិគម ដោយសារយុទ្ធសាស្ត្រឆ្លាតវៃរបស់ទ្រង់។
៦៖ ខិតខំបំពេញព្រះរាជកិច្ច ដើម្បីទទួលការការគោរពពីរាស្ត្រ
ការពិតទៅដំណែងជាស្តេចថៃ ត្រូវធ្លាក់ទៅក្នុងដៃ ព្រះរាមរបស់ទ្រង់ ព្រះនាមអាណាដា ម៉ាហ៊ីដូល។ ជាអកុសលទ្រង់បែរជាត្រូវសុគតដោយគ្រាប់កាំភ្លើង បាញ់ត្រង់ព្រះកេសដោយមិនដឹងមូលហេតុរហូតមកទល់បច្ចុប្បន្ន តែមានគេសង្ស័យថា នេះជាស្នាដៃរបស់ព្រះអង្គម្ចាស់ ភូមិប៊ុល ដើម្បីដណ្តើមរាជ្យសម្បតិ្ត ព្រោះបន្ទាប់ពីទ្រង់សុគត ព្រះអង្គម្ចាស់ ភូមិប៊ុល ក៏បានឡើងកាន់អំណាចក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។
ដោយហេតុនេះទ្រង់ទំនងជាខ្លាចគ្មានប្រជាប្រិយភាព ដោយសារដំណែងនេះមិនមែនជាដំណែងរបស់ទ្រង់ ហេតុនេះព្រះរាជាអង្គនេះចាំបាច់ត្រូវបំពេញ ព្រះរាជកិច្ចជាច្រើន ដើម្បីទាក់ទាញការគោរពស្រឡាញ់ពីប្រជារាស្ត្រ រហូតទ្រង់ទទួលបានភាពជោគជ័យពិតមែន។ ច្បាស់ណាស់ថា ចាប់តាំងពីការចាប់ផ្តើមឡើងកាន់អំណាច ព្រះអង្គម្ចាស់ ភូមិបុល ត្រូវបានគេចាត់ទុកថាដំណាងរបស់ព្រះជាម្ចាស់។
ទ្រង់ត្រូវបានគេលើកតម្កើនជាម្ចាស់ជ័យលាភីសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ក្នុងពេលសោយរាជ្យសម្បត្តិរយៈពេល ៧០ឆ្នាំ ទ្រង់នៅតែអាចរក្សាដំណែងជាក្សត្រ ដែលទទួលបានក្តីស្រឡាញ់ពីប្រជាពលរដ្ឋរបស់ទ្រង់។ មនុស្សភាគច្រើន មិនធ្លាប់មានបទពិសោធន៍ក្រោមការ គ្រប់គ្រងដោយព្រះរាជាអង្គផ្សេង ហេតុនេះទើបធ្វើឱ្យប្រជាពលរដ្ឋថៃ មិនចង់បាត់បង់ទ្រង់។ ព្រះភ័ក្ររបស់ព្រះអង្គត្រូវបានគេបោះពុម្ពជាប់នឹងក្រដាសប្រាក់ និងកាក់សម្រាប់ការចាយវាយនៅក្នុងប្រទេសថៃ។
៧៖ អភិបាលកិច្ចល្អ៖
ទ្រង់ចំណាយពេលជាច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងនៃការកាន់អំណាច ជាពិសេសទៅលើគម្រោង ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ក្នុងប្រទេសថៃ។ គម្រោងសំខាន់ៗមានដូចជា Royal Project Foundation ក្នុងខេត្ត ឈៀងមៃជាដើម។ ទ្រង់បានជម្រុញការថែទាំសុខភាពដល់ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ដាច់ស្រយាល ហើយពិបាកក្នុងការស្វែងរកសេវាកម្មព្យាបាល។ បុត្រីរបស់ទ្រង់ Sirindhorn បច្ចុប្បន្នកំពុងប្រតិបត្តិការទៅលើគម្រោងសុខភាព យ៉ាងយកចិត្តទុកដាក់បំផុត។
មិនតែប៉ុណ្ណោះទ្រង់បានដាក់បញ្ជូលប្រព័ន្ធបែបលោកខាងលិច មកអនុវត្តនៅក្នុងប្រទេសថៃ ដែលក្នុងនោះមានដូចជា ការប្រើប្រាស់រូបិយវត្ថុ ប្រព័ន្ធគ្រប់គ្រងទីក្រុងបែបថ្មី ការកសាងផ្លូវរថភ្លើងជាលើកដំបូងក្នុងប្រទេសថៃជាដើម។
តាមរយៈហេតុផលខាងលើ អាចបង្ហាញថា ព្រះអង្គម្ចាស់ ភូមិប៊ុល ជាក្សត្រដែលទទួលបានក្តីស្រឡាញ់ និងការគោរពជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ ជាក់ស្តែងរូបចម្លាក់ និងរូបភាពរបស់ទ្រង់ ត្រូវបានដាក់តាំងនៅតាមការិយាល័យ និងសាលារៀនទូទាំងប្រទេស។ ប្រជាពលរដ្ឋថៃភាគច្រើន រក្សារូបព្រះឆាយាល័ក្ខ របស់ទ្រង់នៅតាមលំនៅដ្ឋាន និងរថយន្ត។ មិនតែប៉ុណ្ណោះភ្លេងលើកតម្កើនព្រះរាជា នៅតែត្រូវបានគេចាក់ផ្សាយនៅតាមរោងមហោស្របមុនពេល ចាប់ផ្តើមការចាក់ផ្សាយខ្សែភាពយន្ត៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី