(បាងកក)៖ ប្រទេសថៃក្នុងអំឡុងពេលនៃការកាន់ទុក្ខ ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រ បានទទួលរងការវាយប្រហារពីពួកសកម្មប្រយុទ្ធសាជាថ្មីម្តងទៀត នៅក្នុងខេត្តភាគខាងត្បូងប្រទេស នាយប់ថ្ងៃពុធម្សិលមិញ និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួនបីនាក់ បាត់បង់ជីវិត ថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាជ្ញាធរថៃបានឲ្យដឹងថាទោះបីជាសន្តិសុខត្រូវបានរឹតបន្តឹងខ្លាំង ហើយប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនត្រូវបាន ដាក់នៅតាមច្រកចេញចូលសំខាន់ៗយ៉ាងណាក៏ដោយក៏ ការបំផ្ទុះគ្រាប់បែក, ការបាញ់រះ, និងការដុតបំផ្លាញ នៅតែកើតមានឡើងនៅតាមបណ្តាខេត្ត Songkhla, Narathiwat, និង Pattani ដដែល ហើយការវាយប្រហារទាំងអស់នេះ បានចាប់ផ្តើមនាវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃពុធ និងបានបញ្ចប់ទៅវិញនៅមុនពាក់កណ្តាលអាធ្រាត។
* បញ្ជាក់ ៖ រូបភាពឯកសារ
នៅក្នុងខេត្ត Songkhla សន្តិសុខចំនួនពីរនាក់ប្រចាំហាងតាំងបង្ហាញរថយន្តមួយកន្លែងត្រូវបានបាញ់ សម្លាប់ ហើយក្រោយមកពួកសកម្មប្រយុទ្ធ ក៏បានបំផ្ទុះអគារនោះតែម្តង។ ចំណែកឯនៅក្នុងហេតុការណ៍ មួយផ្សេងទៀតនៅក្នុងខេត្ត Pattani នាយទាហានមួយរូបបានស្លាប់បាត់បង់ជីវិតដោយជនប្រដាប់ អាវុធចំនួនបួននាក់ជិះម៉ូតូពីរគ្រឿង បានបើកការបាញ់ប្រហារមកលើទីតាំងឈរជើងរបស់យោធា។
* បញ្ជាក់ ៖ រូបភាពឯកសារ
គួរបញ្ជាក់ដែរថាជាងមួយទសវត្សរ៍មកនេះ ជីវិតមនុស្សរាប់ពាន់នាក់ត្រូវបានបាត់បង់ដោយសារតែ ពួកប្រឆាំងចង់ផ្តាច់ខ្លួននៅក្នុងប្រទេសថៃ ប៉ុន្តែអំពើហិង្សានៅភាគខាងត្បូងប្រទេសបានទើបតែបាន ផុះផុលឡើងវិញនៅរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ ដោយកាលពីខែសីហាមានការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធនៅតាមខេត្តដល់ទៅ០៧ ហើយមនុស្សបួននាក់ត្រូវបានសម្លាប់។
ចំណាត់ការក្តៅដើម្បីទប់ទល់ទៅនឹងការកើនឡើង នៃការវាយប្រហារទាំងអស់នេះនៅភាគខាងត្បូង ប្រទេស កម្លាំងយោធា និងប៉ូលិសជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅតាមតំបន់ជាពិសេសក្បែរ សាលារៀនដែលទើបតែចាប់ផ្តើមបវេសនកាលថ្មី៕
ប្រភព ៖ CNA