CamNews

ព័ត៌មានអន្តរជាតិ 

ពិធីបុណ្យ​ព្រះ​សព សម្ដេចព្រះសង្ឃរាជ​ថៃ នឹងត្រូវ​ធ្វើឡើង ចំនួន ១០០ថ្ងៃ

ពិធីបុណ្យ​ព្រះ​សព សម្ដេចព្រះសង្ឃរាជ Nyanasamvara នៃ​ប្រទេស​ថៃ នឹងត្រូវ​បាន​ប្រ​ព្រឹ​ត្ដ​ឡើង​ចំនួន ១០០ថ្ងៃ ក្នុងនោះ ពិធី​បូជាព្រះសព នឹងធ្វើ​ឡើង​ចំនួន ៣ថ្ងៃ។

យោងតាម​សេចក្ដីប្រកាស​របស់​មន្ទី​រ​ពេទ្យ Chulalongkorn សម្ដេច​សង្ឃ Nyanasamvara បាន​សុគត​កាលពី​វេលា​ម៉ោង ៧ និង ២៩នាទី​ព្រលប់ ថ្ងៃទី ២៤ តុលា ដោយ​ឆ្លង​រោគ​ឈាម បន្ទាប់ពី​បាន​វះកាត់ កាលពីពេលថ្មីៗនេះ ដើម្បី​ព្យាបាល​រោគ​ពោះវៀន។

សម្ដេចព្រះសង្ឃរាជ Nyanasamvara ប្រសូត នៅ​ថ្ងៃទី ៣តុលា ឆ្នាំ ១៩១៣ ដែល​កាលណោះ​មាន​ឈ្មោះថា Charoen Gajavatra នៅក្នុង​ខែត្រ Kanchanaburi ភាគខាងត្បូង​ប្រទេស​ថៃ ហើយ​បាន​ក្លាយជា​សម្ដេចព្រះសង្ឃរាជ នា​ឆ្នាំ ១៩៨។ ព្រះអង្គ ទទួលបាន​ការគោរព​ជាខ្លាំង ពី​សំណាក់​ពុទ្ធបរិស័ទ​នៅ​ជុំវិញ​ពិភពលោក។ រូប ៖ Bangkok Post

ប្រភពពី Bangkok Post ឱ្យដឹងថា ប្រជាជន​ថៃ រាប់ពាន់នាក់ បាននាំគ្នា​មក​តម្រង់​ជួរ ប្រវែង​ប្រហែល ៣០០ម៉ែត្រ នៅមុខ​មន្ទីរពេទ្យ កាលពី​ព្រឹក​ព្រលឹម ម្សិលមិញ ដើម្បី​ទទួល​ព្រះ​សព​ព្រះអង្គ។

ព្រះ​សព​របស់​សម្ដេចព្រះសង្ឃរាជ​អង្គ​នេះ បាន​ត្រូវ​ដង្ហែ​ទៅកាន់​វត្ដ Bowon Niwet ជា​កន្លែង ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​សព និង​បុណ្យ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅវេលា​ម៉ោង ១រសៀល ថ្ងៃទី ២៦កន្លងទៅ។ រូប ៖ Bangkok Post

ពុទ្ធបរិស័ទ​ថៃ រាប់ពាន់នាក់ ឈរ និង​អង្គុយ​រង់ចាំ​នៅតាម​បណ្ដោយ​ផ្លូវ ដើម្បី​ទទួល​ព្រះ​សព ដែល​ដង្ហែ​មកកាន់​វត្ត Bowon Niwet ។ ពុទ្ធបរិស័ទ​ទាំងនេះ អ្នកខ្លះ​កាន់​ផ្កា អ្នកខ្លះ​កាន់​ព្រះឆាយាល័ក្ខណ៍ និង​អ្នក​ខ្លះទៀត បត​ជើង ក្រាបថ្វាយបង្គំ ដើម្បី​សម្ដែង​ការគោរព នៅពេល​រថយន្ដ​ដង្ហែ​ព្រះ​សព ឆ្លងកាត់។

រាជរដ្ឋាភិបាល​ថៃ បានប្រកាសថា នឹង​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​សព ចំនួន ៣០ថ្ងៃ និង​បង្ហូតទង់ជាតិ​មក​ត្រឹម​ពាក់កណ្ដាល​ដង ចំនួន ៣ថ្ងៃ។ មន្ដ្រីរាជការ ត្រូវបាន​ស្នើឱ្យ​ពាក់​ឈុតខ្មៅ រហូតដល់​ថ្ងៃទី ២៣វិច្ឆិកា។ ការិយាល័យ​នាយករដ្ឋមន្ដ្រី ជា​អ្នកទទួលបន្ទុក​រៀបចំ​ពិធីបុណ្យ​ព្រះ​សព​នេះ។ នគរបាល​ថៃ បាន​ស្នើឱ្យ​ទីតាំង​លេង​កំសាន្ដ​ក្នុងប្រទេស​នេះ ផ្អាក​សកម្មភាព ចាប់ពី​ថ្ងៃទី ២៥តុលា ដល់​ថ្ងៃទី ៨វិច្ឆិកា ដើម្បី​បង្ហាញ​អំពី​ការគោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេចព្រះសង្ឃរាជ។

នៅក្នុង​វត្ត Bowon Niwet មន្ដ្រី​សង្ឃ​ជាន់ខ្ពស់ ចំនួន ៥០អង្គ បាន​ចំណាយពេល នៅ​ស្ងៀមស្ងាត់ ៥នាទី ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព​ដែល​ទើប​ត្រូវបាន​ដង្ហែ​មកដល់។ Bangkok Post ឱ្យដឹងថា ព្រះ​សព​របស់​ព្រះអង្គ​នឹងត្រូវ​តម្កល់​នៅក្នុង​វត្ត Bowon Niwet ចំនួន ១០០ថ្ងៃ ដើម្បី​ផ្ដល់ឱកាស​ដល់​ពុទ្ធបរិស័ទ អាច​ចូលមក​គោរព នៅមុន​ពេល​បូជា​ព្រះ​ភ្លើង។ សម្រាប់​រាជវង្សានុវង្ស​ថៃ នឹង​យាង​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ចំនួន​បី​លើក លើកទីមួយ​ចំនួន ៧ថ្ងៃ​ដំបូង លើក​ទី​ពីរ នៅ​ថ្ងៃទី ៥០ និង​ទី​បី ថ្ងៃទី ១០។

ក្នុង​ទី​អារាម តាម​បណ្ដា​ខេ​ត្រ​ក្នុងប្រទេស​ថៃ សុទ្ធតែ​បារ​ព្ធ​ពិធីបុណ្យ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្ដេចព្រះសង្ឃរាជ។ Phra Ratcrattanawimol ដែលជា​មន្ដ្រី​សង្ឃ​មួយអង្គ​នៅ​ខែត្រ Kanchanaburi ដែលជា​ស្រុកកំណើត​របស់​សម្ដេច​ស​ង្ឃ​អង្គ​នេះ មាន​សង្ឃ​ដិ​កា​ថា ព្រះសង្ឃ​ចំនួន ១,១៩៩អង្គ ក្នុង​ខេ​ត្រ​នេះ នឹង​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​សព ដែលមាន​រយៈពេល ៧ថ្ងៃ។

រាជបុត្រី Maha Chakri Sirindhorn (ឆ្វេង) និង​រាជបុត្រា Maha Vajiralongkorn យាង​ចូលរួម​ពិធី​បង្សុកូល ទៅតាម​រាជពិធី នៅក្នុង​វត្ដ Bowon Niwet កាលពី​ល្ងាចម្សិលមិញ។

ស្រដៀង​ទៅនឹង​កម្ពុជា ប្រទេស​ថៃ បានចាត់ទុក​ពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដោយមាន​បរិស័ទ​ចំនួន ៩៥% នៃ​ចំនួន​ប្រជាជន​សរុប។ ចំណែក​បព្វជិត​វិញ គឺមាន​ដល់​ទៅ ជាង ៦១,០០០អង្គ។

 

អត្ថបទ​សំខាន់​ៗគួរ​ចាប់​អារម្មណ៍ ៖

ថៃ​ចាប់​ខ្លួន​សង្ឃ​បី​អង្គ ដែល​លួច​ជក់​ថ្នាំ​ញៀន ក្នុង​ព្រះ​វិហារ

សង្ឃថៃដែលមានទ្រព្យ ជិតមួយលានដុល្លារ ប្រើកាបូបថ្លៃ ត្រូវតាមចាប់ខ្លួន

 



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ AFP/Bangkok Post


Tags: Nyanasamvara monk Thai Buddhist leader dead