CamNews

កីឡាអន្តរជាតិ 

Euro 2016៖ អាល្លឺម៉ង់ បំបាក់ស្លូវ៉ាគី ៣-០ មុនពេលប៊ែលហ្ស៊ិក លត់ហុងគ្រី ៤-០ ឡើងទៅវគ្គ៨ក្រុម

(ប៉ារីស)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់ បានឡើងទៅវគ្គ៨ក្រុមផងដែរ ក្រោយទម្លាក់ក្រុមឈរនៅលេខ៣ល្អជាងគេ ស្លូវ៉ាគី ៣-០ មុនពេលបិសាចក្រហមប៊ែលហ្ស៊ិក បំបាក់ហុងគ្រី ៤-០ យប់មិញនេះដូចគ្នានៃ Euro 2016 នៅបារាំង។

កីឡាករខ្សែការពារមកពីក្លឹបក្នុងស្រុក Bayern Munich, Jerome Boateng រកបានគ្រាប់ទី១ឲ្យអាល្លឺម៉ង់ ត្រឹមចាប់ផ្តើមលេងបាន៨នាទីក្នុងវគ្គទី១ មុនពេលមិត្តរួមក្រុម Mesut
 Ozil ទាត់បាល់ពិន័យប៉េណាល់ទី អត់ចូលនៅនាទីទី១៣។

តែយ៉ាងណាក៏ដោយ ម្ចាស់ពាន World Cup 2014 មួយនេះ នៅតែបន្តដាក់សម្ពាធទៅលើស្លូវ៉ាគីដដែល រហូតរកបាន២គ្រាប់ទៀតនៅនាទីទី៤៣ ដោយខ្សែប្រយុទ្ធ Mario Gomez និង Julian Draxler គ្រាប់ទី៣ នៅនាទីទី៦៣ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៤៤៣១២នាក់។

អាល្លឺម៉ង់ ត្រូវជួបក្រុមការពារតំណែងជើងឯក អេស្ប៉ាញ ឬក៏ជម្រើសជាតិអាសូរីអ៊ីតាលី ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រោយក្រុមទាំងពីរប៉ះគ្នាម៉ោង១១យប់នេះ ក្នុងវគ្គ១៦ក្រុមសិន ហើយប៊ែលហ្ស៊ិក ត្រូវឡើងទៅជួបវ៉េលនៅវគ្គ៨ក្រុមដែរ បន្ទាប់ពីទម្លាក់ហុងគ្រី ៤-០ ឲ្យត្រឡប់ទៅផ្ទះវិញ។

ដូច្នេះនៅពេលនេះ បានរកឃើញ៦ប្រទេសហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយប៉ូឡូញ ប៉ះព័រទុយហ្គាល់, វ៉េល ប៉ះប៊ែលហ្ស៊ិក, ម្ចាស់បារាំង ត្រូវប៉ះអង់គ្លេស ឬក៏អ៊ីស្លង់ និងអាល្លឺម៉ង់ ប៉ះអេស្ប៉ាញ ឬក្រុមរងជើងឯកឆ្នាំ២០១២ អ៊ីតាលី ដើម្បីប្រជែងយកកៅអីឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។

៦ក្រុមដែលបានហាលអាវត្រឹមវគ្គ១៦ក្រុមមាន ស្វីស អៀរឡង់ខាងជើង ក្រូអាត សាធារណរដ្ឋអៀរឡង់ ស្លូវ៉ាគី និងជម្រើសជាតិហុងគ្រី៕

ផ្តល់សិទ្ធដោយ​ ៖ ខ្មែរថកឃីង


Tags: Euro 2016