(ពិភពលោក)៖ បន្ទាប់ពីមានហេតុការណ៍ធ្លាក់យន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើនលើកច្រើនសារ បណ្តាលឲ្យឆ្នាំ២០១៥នេះ ជាប់ឈ្មោះជាឆ្នាំ ដែលមានសោកនាដកម្មដោយសារការធ្លាក់យន្តហោះច្រើនបំផុត។
ខាងក្រោមនេះជារបាយការណ៍សង្ខេប នៃហេតុការណ៍ធ្លាក់យន្តហោះសំខាន់ៗ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ ស្លាប់បាត់បង់ជីវិតសម្រាប់ឆ្នាំ២០១៥នេះ៖
១៖ ហេតុការណ៍ធ្លាក់យន្តហោះនៅ Shorehma Air
ហេតុការណ៍ធ្លាក់យន្តហោះនេះ បានបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ បន្ទាប់ពីយន្តហោះ Hawker Hunter Jet បានធ្លាក់នៅតំបន់ West Sussex ចក្រភពអង់គ្លេសក្នុងកម្មវិធីហោះបង្ហាញសមត្ថភាពក្នុងការហោះហើរ។
ហេតុការណ៍ធ្លាក់យន្តហោះនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥កន្លងទៅនេះ នៅចំពោះមុខអ្នកទស្សនាជាច្រើននាក់។ សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្នែកខ្លះនៃតួយន្តហោះមានលក្ខណៈហួសសម័យទៅហើយ ដែលនេះជាកត្តាមួយបណ្តាលឲ្យយន្តហោះធ្លាក់។
២៖ ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅ Fox Glacier
ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះបានកើតឡើងនៅប្រទេស ញ៉ូវហ្សេឡែន ដែលបណ្តាលឲ្យអ្នកបើកបរទាំងអស់ នៅលើយន្តហោះត្រូវស្លាប់បាត់បង់ជីវិត ក្នុងនោះរួមទាំងអ្នកទេសចរណ៍ជនជាតិអង់គ្លេសបួននាក់ផងដែរ។
នៅថ្ងៃកើតហេតុ អ្នកដំណើរមានគោលដៅទៅកំសាន្តនៅតំបន់ផ្ទាំងទឹកកក Fox Glacier ដែលស្ថិតនៅកោះភាគខាងត្បូង ប្រទេស ញ៉ូវហ្សេឡែន។ ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ។ សូមជម្រាបថា បញ្ហាអាកាសធាតុមិនអំណោយផល បានបង្កភាពលំបាកជាខ្លាំងក្នុងការស្វែងរកសាកសពដែលបានស្លាប់ក្នុង ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ។
៣៖ យន្តហោះ Sinai Metrojet
កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ យន្តហោះ Airbus A321 បានធ្លាក់នៅភាគកណ្តាលឧបទ្វីប Sinia ប្រទេស អេហ្ស៊ីប ក្នុងរយៈពេល២២នាទី បន្ទាប់ពីការហោះហើរ ចេញពីអាកាសយាន្តដ្ឋាន Sharm el-Sheikh ឆ្ពោះទៅកាន់អាកាសយាន្តដ្ឋាន Saint Petersburg។ មនុស្សទាំង២២៤នាក់ នៅលើយន្តហោះបានស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក្រុមឧទ្ទាមរដ្ឋឥស្លាម បានប្រកាសថាពួកគេជាអ្នកបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ។
សូមជម្រាបថា អ្នកដំណើរភាគច្រើនជាអ្នកទេសចរណ៍ជនជាតិរុស្ស៊ី ដែលបានត្រឡប់មកពីរមនីយដ្ឋាន Red Sea ។ អ្វីដែលជាព័ត៌មានគួរឲ្យរន្ធត់នោះគឺ អ្នកដំណើរភាគច្រើនជាគូស្វាមីភរិយា ដែលបានទុកកូនៗរបស់ខ្លួននៅប្រទេស រុស្ស៊ី ហើយហេតុការណ៍ធ្លាក់យន្តហោះនេះ បណ្តាលឲ្យកុមារជាច្រើននាក់ក្លាយជាក្មេងកំព្រា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក ប្រទេស រុស្ស៊ីបានប្រកាសថា ខ្លួនបានរកឃើញគ្រាប់បែកប្រភេទទំងន់មួយគីឡូក្រាមដែលត្រូវបានគេ ដាក់បង្កប់ និងបំផ្ទុះនៅលើយន្តហោះ។ យ៉ាងនេះក្តី របាយការណ៍ពីប្រទេស អេហ្សីបានប្រកាសថា ពួកគេបានរកឃើញភស្ថុតាងដែលបញ្ជាក់ថា ការធ្លាក់យន្តហោះនេះមិនមានការពាក់ព័ន្ធនឹងសកម្មភាពភេរវរកម្មឡើយ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង បណ្តាប្រទេសជាច្រើន បានផ្អាកជើងហោះហើររបស់ខ្លួនទៅកាន់អាកាសយាន្តដ្ឋាន Sharm el-Sheikh។
- អាន ៖ ISIS អះអាង ថាបានបាញ់ទម្លាក់ យន្តហោះរុស្ស៊ី សម្លាប់មនុស្ស ២២៤ នាក់ គ្មានសល់ សូម្បីម្នាក់
៤៖ យន្តហោះ Germanwing
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ យន្តហោះ Airbus A320 របស់ក្រុមហ៊ុន Germanwings បានធ្លាក់ទៅលើជ្រលងភ្នំរបស់ប្រទេស បារាំង ខណៈកំពុងហោះហើរពីទីក្រុង Barcelona ទៅកាន់ទីក្រុង Dusseldorf បណ្តាលឲ្យមនុស្សទាំង១៤៨នាក់ នៅលើយន្តហោះត្រូវស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ធ្លាក់ដ៏អាថ៌កំបាំងនេះ បានបង្កឲ្យមានភាពងឿងឆ្ងល់ជាខ្លាំង ដោយសារអ្នកបើកបរទាំងអស់លើយន្តហោះសុទ្ធតែមានបទពិសោធន៍ជាយូរឆ្នាំ ចំណែកអាកាសធាតុក៏មានអំណោយផលល្អផងដែរ នៅពេលហេតុការណ៍នេះកើតឡើង។
យ៉ាងនេះក្តីក្រុមអ្នកស៊ើបអង្កេត បានដឹងថា យន្តហោះនេះបានធ្លាក់ដោយសារស្នាដៃរបស់Co-pilotគឺ លោក Andreas Lubitz ដែលពីមុនមក Co-pilot រូបនេះ ក៏ធ្លាប់ព្យាយាមបើកយន្តហោះធ្វើអត្តឃាតផងដែរ បន្ទាប់ពីវេជ្ជបណ្ឌិតចេញលិខិតបញ្ជាក់ថា ស្ថានភាពជំងឺ មិនអាចឲ្យលោកបើកបរយន្តហោះតទៅទៀតបានឡើយ ប៉ុន្តែលោកព្យាយាមលាក់បាំងរឿងនេះ។
នៅមុនពេលហេតុការណ៍នេះកើតឡើង លោកបានចាក់សោបិទទ្វារបន្ទប់បើកបរ ដោយទុកឲ្យអ្នកបើកបរយន្តហោះម្នាក់ទៀតនៅខាងក្រៅ បន្ទាប់មកលោកបានបើកយន្តហោះទម្លាក់ទៅលើភ្នំតែម្តង។ សូមជម្រាបថា លោកធ្លាប់ស្រាវជ្រាវរកវិធីក្នុងការធ្វើបើកយន្តហោះធ្វើអត្តឃាតតាម ប្រព័ន្ធអ៊ីនធើណែតផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលដែលហេតុការណ៍នេះកើតឡើង។
៥៖ យន្តហោះ Trigana Flight257
កាលពីខែសីហា កន្លងទៅនេះ យន្តហោះTrigana Air Service Flight 257 បានធ្លាក់ក្នុងរយៈពេល៤៥នាទី បន្ទាប់ពីចាប់ហោះហើរដែលបណ្តាលឲ្យអ្នកដំណើរទាំង៤៩នាក់ និងសហសេវិក៥នាក់បានស្លាប់បាត់បង់ជីវិត។
ក្នុងហេតុការណ៍នេះ មិនមានការហៅទូរសព្ទស្នើរសុំជំនួយពីសំណាក់អ្នកបើកបរយន្តហោះឡើយ។ ទាក់ទងនឹងបញ្ហានេះ ក្រសួងដឹកជញ្ជូនរបស់ប្រទេស ឥណ្ឌូនេស៊ីបានប្រកាសទទួលស្គាល់ថា ប្រព័ន្ធអាកាសចរណ៍របស់ប្រទេស ឥណ្ឌូនេស៊ី មានលក្ខណៈហួសសម័យជាខ្លាំង ដោយមានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ។
៦៖ យន្តហោះ C-130 Hercules របស់ប្រទេស ឥណ្ឌូនេស៊ី
នេះជាហេតុការណ៍ធ្លាក់យន្តហោះទីពីររបស់ឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ ២០១៥នេះ ដែលបានធ្លាក់កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ បណ្តាលឲ្យមនុស្សទាំងអស់នៅលើយន្តហោះត្រូវស្លាប់បាត់បង់ជីវិត។ យន្តហោះ C-130ដែលជាកម្មសិទ្ធរបស់ទ័ពអាកាសឥណ្ឌូនេស៊ី បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស១២២នាក់លើយន្តហោះ និង២២នាក់នៅខាងក្រោម ត្រូវស្លាប់បាត់បង់ជីវិត។
គួររលឹកផងដែរថា ក្នុងពេលហេតុការណ៍នេះកើតឡើង យន្តហោះកំពុងដឹកកម្លាំងយោធា និងសមាជិកគ្រួសាររបស់ពួកគេទៅកាន់ទិសដៅរបស់ខ្លួន ហើយប៉ះទង្គិចជាមួយអង់តែនរបស់ក្រុមហ៊ុនទូរសព្ទចល័តមួយ បណ្តាលឲ្យយន្តហោះធ្លាក់តែម្តង៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី