CamNews

តារា 

ម៉ៅ ហាជី តារា​ចម្រៀង Idol របស់​សម្តេច​តេជោ ហ៊ុន សែន ចុះ​កិច្ច​សន្យា​ច្រៀង ក្នុង​ផលិត​កម្ម ថោន ៥ឆ្នាំ

ភ្នំពេញ៖ អតីតបេក្ខជនក្នុងកម្មវិធី «Cambodian Idol» លោក ម៉ៅ ហាជី ដែលជា Idol របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះត្រូវបានផលិតកម្ម ថោន ប្រកាសជាសាធារណៈថា លោក ម៉ៅ ហាជី សម្រេចចិត្ត ចុះកិច្ចសន្យាចូលច្រៀង ក្នុងផលិតកម្មថោន ជាផ្លូវការហើយ ដែលកិច្ចសន្យានោះ មានរយៈពេលរហូតដល់ទៅ៥ឆ្នាំ ។

ថ្វីដ្បិតតែអតីតបេក្ខជន មកពីខេត្តបាត់ដំបង លោក ម៉ៅ ហាជី បានធ្លាក់ពីកម្មវិធី «Cambodian Idol» ដោយមិនបានលើកពាន និងទទួលប្រាក់រង្វាន់ក៏ពិតមែន តែសម្រាប់ទឹកដមសំនៀង និងសមត្ថភាពរបស់លោក បានធ្វើឲ្យថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន មានការពេញចិត្តនិងចាត់ទុកថាជា Idol របស់សម្តេច មិនថាសម្តេចជាប់រវល់ការងារ អញ្ជើញទៅបំពេញបេសកកម្ម នៅក្រៅប្រទេសឬ ក្នុងប្រទេសទេ ពោលគឺសម្តេចតែងតែបោះឆ្នោត គាំទ្ររូបលោកជាប់រហូត ។ សម្រាប់លទ្ធផល លោក ម៉ៅ ហាជី បែរជាមិនមានភ័ព្វសំណាងបានក្លាយជាម្ចាស់ពានរង្វាន់ ក្នុងកម្មវិធី «Cambodian Idol » តែបើនិយាយ ពីភ័ព្វសំណាង គឺលោកមិនចាញ់ម្ចាស់ពានរង្វាន់ Cambodian Idol លោក នី រតនា ឡើយ ពោលគឺ ពេលនេះ លោក ម៉ៅ ហាជី បានរកទ្រនំឃើញហើយ ដោយលោកសម្រេចចិត្តចូលច្រៀង ឲ្យផលិតកម្ម ថោន ។

យោងតាមការបង្ហាញព័ត៌មានសាធារណៈ  របស់បណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការ របស់ផលិតកម្ម ថោន បានបញ្ជាក់ឲ្យដឹងថា «អតីតបេក្ខជន ក្នុងកម្មវិធី Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស លោក ម៉ៅ ហាជី បានក្លាយជាតារាចម្រៀង ពេញសិទ្ធិរបស់ ផលិតកម្ម ថោន ហើយនេះជាការ សម្រេចចិត្តជ្រើសរើស របស់គាត់ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវ »។

ជួបសម្ភាសន៍ជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក មាស សុខរតនៈ ដែលជាអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មថោន បានប្រាប់ដោយទទួលស្គាល់ថា លោក ម៉ៅ ហាជីពិតជា បានចូលច្រៀង និងចុះកិច្ចសន្យា ជាមួយផលិតកម្មថោន ពិតប្រាកដមែន ហើយនៅដើមឆ្នាំក្រោយនេះ ខាងផលិតកម្មនឹងមានត្រៀម ចេញបទចម្រៀងឲ្យ ម៉ៅ ហាជី ច្រៀងទៀតផង ។

នៅពេលសួរថា ការជ្រើសរើស ម៉ៅ ហាជី ឲ្យចូលច្រៀងក្នុងផលិតកម្ម ថោននេះ ក៏ព្រោះតែ ម៉ៅ ហាជីជា Idol របស់សម្តេចតេជោ ឬយ៉ាងណា? លោក មាស សុខរតនៈ បានឆ្លើយថា «តាមពិតទៅការជ្រើសរើស ម៉ៅ ហាជី ចូលច្រៀងនេះ គឺខាងផលិតកម្មបាន សម្លឹងមើលឃើញសមត្ថភាពយូរហើយ ក៏បានទាក់ទងជ្រើស ឲ្យចូលច្រៀង បន្ទាប់ពីនោះ កាលពីពេលថ្មីៗនេះ លោកក៏បានទទួលព័ត៌មាន ដ៏ភ្ញាក់ផ្អើលមួយ ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ម៉ៅ ហាជី ក៏ជា Idol របស់សម្តេច គឺជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ផលិតកម្មថោន…»។

ភ្ជាប់ជាមួយគ្នានោះដែរលោក មាស សុខរតនៈ ក៏បានអះអាងថា ការដែល ម៉ៅ ហាជី ចូលច្រៀងឲ្យផលិតកម្មថោន នេះគឺមិនមានបញ្ហាអ្វី ជាមួយខាងទូរទស្សន៍ហង្សមាស ឬផលិតកម្មហង្សមាសនោះទេ ព្រោះថាបើ ម៉ៅ ហាជី មានជាប់ពាក់ព័ន្ធ យើងក៏មិនទទួលដែរ ។ មួយវិញទៀតអតីតបេក្ខជន ក្នុងកម្មវិធី «Cambodian Idol» ក៏មិនអាចមកចុះកិច្ចសន្យាបានដែរ ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានទម្លាយថា សម្តេចជាអ្នកគាំទ្របេក្ខជន វគ្គផ្តាច់ព្រ័ត្រ Cambodian Idol ម៉ៅ ហាជី នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ សម្តេចបានបញ្ជាក់ថា «ខ្ញុំគាំទ្រ ម៉ៅ ហាជី បេក្ខជនមកពីខេត្តបាត់ដំបង ប៉ុន្តែជាលទ្ធផល គឺមិនត្រូវចិត្តទៅវិញ»៕

- អាន ៖ Idol របស់​សម្តេច​តេជោ ហ៊ុន សែន លោក ម៉ៅ ហាជី អាច​ប្រឈម​ផ្លូវ​ច្បាប់ ចំពោះ​ការលួច​ចុះ​កុង​ត្រា​ជាមួយផលិតកម្មថោន


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Cambodian Idol HMHDTV Live Show Mao ha Chi