CamNews

ព័ត៌មានអន្តរជាតិ 

ទឹកជំនន់មួយប្រាវនៅប្រទេសថៃ ផ្តាច់ជីវិតមនុស្ស ១១នាក់ និង០២នាក់ទៀតបាត់ខ្លួន

(បាងកក)៖ មនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិត និងពីរនាក់ផ្សេងទៀត​បានបាត់ខ្លួនដោយសារ​គ្រោះទឹកជំនន់មួយប្រាវ​ដែលបង្កឡើងដោយការធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមប្រភពពីនាយកដ្ឋានបង្ការ​គ្រោះមហន្តរាយថៃ គ្រោះទឹកជំនន់ខាងលើបានចាប់ផ្តើមកាល​ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅតាមបណ្តាខេត្តចំនួន ២០នៃភាគខាងត្បូងប្រទេស ដែលបានបង្កផល​ប៉ះពាល់ដល់ប្រជាជនប្រមាណជា ១៥៧,៥៨០គ្រួសារ ក្នុងស្រុកចំនួន ៦៨ ដោយសារតែមានការធ្លាក់ភ្លៀង​ឥតឈប់ឈរនៅរយៈពេលបួនថ្ងៃចុងក្រោយនេះ ហើយផ្លូវរថភ្លើងចំនួនបួនខ្សែបាននិងកំពុងជាប់គាំង​មិនដំណើរការបាន ខណៈស្រែចម្ការទំហំ ២,៤០០ហិកតាបានទទួលរងការបំផ្លិចបំផ្លាញ និងមានការ
រអិលបាក់ដីនៅតំបន់រងផលប៉ះពាល់ផងដែរ។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលថៃបានចេញសេចក្តីណែនាំឲ្យមជ្ឈមណ្ឌលការពារគ្រោះមហន្តរាយទាំងឡាយ ធ្វើការឃ្លាំមើល និងប្រុងប្រយ័ត្នខ្ពស់ចំពោះការរអិលបាក់ដី និងគ្រោះទឹកជំនន់ដែលច​កើតមានឡើងនៅក្នុង​តំបន់​រងគ្រោះ ហើយនិងត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចាត់ចែងក្រុមប្រតិបត្តិការសង្រ្គោះព្រមទាំងផ្តល់​ជំនួយជាសម្ភារៈផ្សេងៗនៅតាមទីតាំងណាដែលត្រូវការជាចាំបាច់ ហើយនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏បានបញ្ជាឲ្យទីភ្នាក់ងាររបស់រដ្ឋាភិបាលប្រចាំតំបន់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​ដើម្បីជួយជនរងគ្រោះដោយសារ​ទឹកជំនន់ផងដែរ៕



ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Thailand PokemonGo Int news Hot news