ភ្នំពេញ៖ សម្រាប់ការរិះគន់ និងវាយប្រហារ ទៅលើអតីតបេក្ខជន ក្នុងកម្មវិធី «Cambodian idol» កញ្ញា សុវត្ថិឌី ធារីកា នៅពេលនេះគឺជាលើកទី២ហើយ ក្រោយពីនាងបានធ្លាក់ ចេញពីកម្មវិធីលំដាប់ ពិភពលោកនេះភ្លាម។ មិនស្ងប់ សំឡេងរិះគន់ ទោះបីនាងបានចាកចេញក៏ដោយ អ្នកលេង Facebook ម្នាក់ចេញមុខបង្ហាញ ភាពសប្បាយរីករាយ ទៅលើការបរាជ័យរបស់នាង ដោយពោលថា គេនឹងយកចេកទៅសែន បើបេក្ខជនរូបនេះ ធ្លាក់ពីការប្រកួត។
ក្រោយពីអតីតបេក្ខជន នៅក្នុងកម្មវិធី «Cambodian idol» កញ្ញា សុវត្តិឌី ធារីកា បានធ្លាក់ចេញពីកម្មវិធីលំដាប់ ពិភពលោក របស់ស្ថានីយទូរទស្សន៍ ហង្សមាស នៅក្នុងសប្តាហ៍ទី៨ កាលពីពេលថ្មីៗនេះ ស្រាប់តែគេបានឃើញមាន នារីរូបស្អាតម្នាក់ មានឈ្មោះ នៅក្នុងបណ្តាញទំនាក់ទំនង សង្គម Facebook ថា “Sreypov Rose III” បានធ្វើការ វាយប្រហារ និងបង្ហាញពីការបន់ស្រន់របស់ខ្លួនថា «បើម្នាក់នឹងធ្លាក់ ខ្ញុំសែនចេក១ស្និត» ។
នេះជាលើកទី២ ហើយ ដែលទស្សនិកជនបាន បង្ហាញការខឹងសម្បាររិះគន់ និងបង្ហាញពីអារម្មណ៍ មិនពេញចិត្តទៅ លើកញ្ញា សុវត្ថិឌី ធារីកា ដោយលើកទី១គឺមានគេរិះគន់ ទៅលើទឹកដមសំនៀង និងរូបសម្រស់របស់នាង ។ ប៉ុន្តែ បើទោះជាអតីតបេក្ខនារីរូបនេះ បានជួបនូវព្យុះភ្លៀងការរិះគន់ ទាំងខ្លួនមិនជាប់ជយលាភីក៏ដោយ តែនាងបាន បង្ហាញពី ភាពរឹងប៉ឹង មិនរាថយ មិនចុះចាញ់ឧបសគ្គ និងការរិះគន់នោះឡើយ ។
តាមរយៈអត្ថបទ រៀបរាប់ផុសចេញពិចិត្តមួយ ដែលសុវត្ថិឌី ធារីកា បានសរសេរដោយដៃ ហើយបង្ហោះ នៅលើ បណ្តាញទំនាក់ ទំនងសង្គម Facebook ផ្ទាល់ខ្លួន បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា «ទោះជាខ្ញុំធ្លាក់ តែទោះជា យ៉ាងណាក៏ដោយ វិថីសិល្បៈមួយនេះ នៅវែងឆ្ងាយទៀត សម្រាប់ខ្ញុំមិនអស់សង្ឃឹមឡើយ វាជាក្តីស្រមៃ និងជាការ តាំងចិត្តតាំងពីកុមារភាព ទោះបីដួលថ្ងៃនេះ ប៉ុន្តែខ្ញុំនឹងក្រោកឈរបន្ត តាមក្តីសុបិនមួយនេះ ដើម្បីក្លាយជាអ្នក សិល្បៈម្នាក់ នៅថ្ងៃអនាគត…» ។
កញ្ញា សុវត្ថិឌី ធារីកា គឺជាបេក្ខជនម្នាក់ ដែល មានរហស្សនាមថា ជានាងតូចប្រចាំកម្មវិធី «Cambodian idol» ហើយនាងក៏ជាបេក្ខនារី តែម្នាក់គត់ ដែលអាចមានវាសនាឈានជើង មកដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល