(ជប៉ុន)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានទម្លាក់ចោលការព្រមានពីរលកយក្សស៊ូណាមិ នៅឯតំបន់ឆ្នេរសមុទ្រ ហ្វូគូស៊ីម៉ា និងតំបន់មីយ៉ាហ្គី ស្ថិតនៅភាគឦសាន នៃប្រទេស ក៏ប៉ុន្តែនៅតែអំពាវនាវឱ្យប្រជាជនទំាងអស់មានការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីដំបូងឡើយទីភ្នាក់ងារឧតុនិយម បានប្រកាសពីសញ្ញាអាសន្ន នៃរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត៧.៤ រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ឆ្នេរហ្វូគូស៊ីម៉ា នៅម៉ោងប្រមាណជា ៥៖៥៩នាទីព្រឹកមិញនេះ ខណៈរលកយក្សស៊ូណាមិកម្ពស់១.៤ម៉ែត្រ ត្រូវបានគេអង្កេតនៅកំពង់ផែសិនដៃ នៃតំបន់មីយ៉ាហ្គី។ ដោយឡែកទន្ទឹមគ្នានោះដែរ ក្រុមអាជ្ញាធរបានជម្លៀសប្រជាជននៅក្នុងតំបន់ ទៅកាន់ទីទួលមានសុវត្ថិភាព ចំណែកឯទីភ្នាក់ងារឧតុនិយម បានទម្លាក់ចោលការព្រមានពីរលកយក្សស៊ូណាមិ នៅក្នុងតំបន់ទំាងពីរខាងលើ នៅម៉ោងប្រមាណជា ៩៖៤៦នាទី (ម៉ោងនៅក្នុងប្រទេសជប៉ុន) ប៉ុន្តែ នៅតែអំពាវនាវឱ្យប្រជាជនទំាងអស់ មានការប្រុងប្រយ័ត្នខ្ពស់ដដែល។
សូមជំរាបថា គ្រោះរញ្ជួយដីនេះ ដែលបង្កររំញ័រដល់ទីក្រុង តូក្យូ មានចំណុចរញ្ជួយនៅតាមបណ្ដាយឆ្នេរសមុទ្រ ហ្វូគូស៊ីម៉ា និងមានជំរៅរញ្ជួយ២៥គីឡូម៉ែត្រ ទៅក្នុងដី។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដែលកំពុងឃ្លំា មើលពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លំាងនេះ៕
ប្រភព ៖ NHK / BBC
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី