(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់អាជីព Real Madrid របស់អេស្ប៉ាញ កាន់តែខិតជិតក្នុងការបន្តកិច្ចសន្យាថ្មីជាមួយនឹង ក្រុមផលិតសម្ភារៈកីឡា Adidas ដែលមាន ទំហំទឹកប្រាក់ ១០៦លានផោនក្នុង១ឆ្នាំ ក្នុងការឧបត្ថម្ភអាវ ដល់ក្លឹបអ្នកមាន មួយនេះ ។
តាមរយៈសារព័ត៌មាន Dailymail បានឲ្យដឹងថា កិច្ចសន្យាថ្មីនេះនឹងបន្តរយៈពេល១០ឆ្នាំទៅមុខទៀត ក្រោមទំហំទឹក ប្រាក់ដែលទទួលបានគឺ ១០៦លានផោន ក្រោយពេលកិច្ចសន្យាចាស់ Real Madrid ទទួលបានតែ ៣១លានផោនក្នុង ១ឆ្នាំតែប៉ុណ្ណោះ ដែលនឹងក្លាយទៅជាការឧបត្ថម្ភជាងគេបំផុត ពុំមានក្លឹបណា ទទួលបាន ហើយក្លឹប Manchester United របស់អង់គ្លេសវិញ ទទួលបានត្រឹមតែ ៧៥០លានផោនតែប៉ុណ្ណោះ ក្នុងកិច្ចសន្យារយៈពេល១០ឆ្នាំជាមួយនឹង ក្រុមហ៊ុនយក្សរបស់អាល្លឺម៉ង់មួយនេះ ចាប់តាំងពីឆ្នាំ២០១៤ មក ។
ទន្ទឹមជាមួយនឹងការចុះកិច្ចសន្យាដែលមានទឹកប្រាក់ខ្ពស់នោះដែរ ឯកសណ្ឋានរបស់ក្លឹប Real Madrid ក៏បានលក់ដាច់ និងមានតម្លៃថ្លៃជាងគេផងដែរនៅ លើទីផ្សារ នាំមុខអាររបស់ក្លឹប Chelsea, Arsenal និងក្លឹប Liverpool ទៅទៀត ។
សូមបញ្ជាក់ដែរ រវាងក្លឹបស្តេចស Real Madrid និងក្រុមហ៊ុន Adidas បានចុះកិច្ចសន្យាឧបត្ថម្ភអាវកាលពីឆ្នាំ២០១២ និងផុតសុពលភាពដល់ឆ្នាំ២០២០ តែកិច្ចសន្យាចាស់នឹងត្រូវរំលាយចោល ប្រសិនបើកិច្ចសន្យាថ្មីកើតមានឡើងនៅចុង បញ្ចប់រដូវកាលនេះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី