(ម៉ាឌ្រីដ)៖ ៣ពិន្ទុដែលទទួលបានដោយស្រួលក្នុងទឹកដីរបស់ខ្លួននេះ បានធ្វើឲ្យក្រុមលេខ៣ឆ្នាំទៅ Atletico Madrid តាមពីក្រោយយ៉ាងប្រកៀក ក្រុមកំពូលតារាង FC Barcelona ក្នុងសប្តាហ៍ទី២៧ នេះនៃ La Liga ជើងទី២ ។
Antoine Griezman បានស៊ុតប៉េណាល់ទីអតីតក្រុមចាស់របស់គេ នៅនាទីទី៦១ ក្រោយពេលមិត្តរួមក្រុម Saul Niguez រកបានគ្រាប់ទី២នៅនាទីទី៤៦ និង Own Goal គ្រាប់ទី១ ដោយកីឡាករ Diego Reyes នោះនៅត្រឹមនាទីទី៨ ដើម្បីបើកផ្លូវឲ្យក្រុមរបស់លោក Diego Simeone បន្តគ្រប់គ្រងតំណែងកំពូលតារាង យ៉ាងរឹងមាំ ដោយមាន៦១ ពិន្ទុ តាមពីក្រោយ Barcelona តែ៥ពិន្ទុប៉ុណ្ណោះ ។
នេះជា៣ពិន្ទុលើកទី២ផងដែរសម្រាប់ Atletico Madrid ក្រោយពីបានយកឈ្នះ ១-០ នៅទឹកដីរបស់ Real Madrid កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុនក្នុង សប្តាហ៍ទី២៦ ដើម្បីបន្តប្រវត្តិលេងមិនចាញ់ Real Madrid ក្នុងរដូវកាលថ្មីឆ្នាំ ២០១៥-២០១៦ ជាមួយនឹងជើងទី១ ក្នុងទឹកដីរបស់ខ្លួនមានលទ្ធផលស្មើ ១-១ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី