(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុនសម្ភារៈកីឡា FBT នឹងរៀបចំកម្មវិធីលក់ សម្លៀកបំពាក់កីឡា បញ្ចុះតម្លៃយ៉ាងពិសេសពី ៣០% ទៅ ៧០% នៅក្នុងពិធីតាំងពិព័រណ៍គុណភាពផលិតថៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៧ ខែកុម្ភៈនេះ នៅមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រ។ ក្នុងឱកាសដ៏ពិសេសនេះ កីឡាករបាល់ទាត់ល្បីឈ្មោះ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ក៏នឹងចូលរួមផ្ដល់អាវជម្រើស ជាតិកម្ពុជាចំនួន ២០០អាវ ដល់អ្នកគាំទ្រដោយឥតគិតថ្លៃផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនសម្ភារៈកីឡា FBT គឺជាក្រុមហ៊ុនឧបត្ថម្ភដ៏ធំដល់ NOCC នៅក្នុងការផ្ដល់សម្លៀកបំពាក់ ដល់អត្តពលិកជម្រើសជាតិកម្ពុជា ចូលរួមប្រកួតលើឆាកអន្ដរជាតិនាពេល កន្លងមក ។ លើសពីនេះ FBT ក៏ជាដៃគូឧបត្ថម្ភធំរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្លឹបបាល់ទាត់ធំៗមួយចំនួន នៃលីកកំពូលកម្ពុជា។ ដូច្នេះការរៀបចំពិធីតាំងពិព័រណ៍នេះ NOCC គ្មានគោលដៅចង់បានប្រាក់ចំណេញអ្វីទេ ក្រៅពីចង់ផ្សព្វផ្សាយឲ្យ ប្រជាពលរដ្ឋយល់ដឹងពីគុណភាព នៃផលិតផលម៉ាក FBT ដែលតែងតែចូលរួមលើកស្ទួយវិស័យកីឡា កម្ពុជាឲ្យរីកចម្រើន។
លោកបានបញ្ជាក់ទៀតថា ក្នុងឱកាសដ៏ពិសេសនេះ សម្រាប់សម្លៀកបំពាក់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវ លក់បញ្ចុះតម្លៃពី១៨ដុល្លារ សល់ត្រឹម ៨ដុល្លារប៉ុណ្ណោះក្នុងមួយឈុត ហើយគ្រប់សម្ភារៈលក់បញ្ចុះតម្លៃ គឺសុទ្ធតែជា ផលិតផលរបស់ FBT ដែលមានគុណភាពល្អដូចៗគ្នា។ នេះជាឱកាសដ៏ល្អ សម្រាប់អ្នកគាំទ្រកីឡាជាតិ ដែលនិយមប្រើប្រាស់សម្លៀកបំពាក់មានគុណភាពខ្ពស់ ដូចជា FBT ដើម្បីជាការរួមចំណែកលើកស្ទួយវិស័យកីឡាជាតិ ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ កម្ពុជាផងដែរ។
អគ្គលេខាធិការ NOCC រូបនេះបានបញ្ជាក់ថែមទៀតថា អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់ប្រជាពលរដ្ឋ ឬអ្នកគាំទ្រ ដែលទទួលបានហត្ថលេខា ពីខ្សែប្រយុទ្ធឆ្នើមមកពីក្លឹបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា និងខ្សែប្រយុទ្ធឆ្នើម ប្រាក់ មុន្នីឧត្តម មកពីក្លឹបស្វាយរៀងព្រះខ័នរាជនោះ នឹងទទួលបានអាវជម្រើសជាតិដោយឥតគិតថ្លៃ រហូតដល់ទៅ ២០០ អាវឯណោះ។
សូមបញ្ជាក់ថា កីឡាករជម្រើសជាតិ ប្រាក់ មុន្នីឧត្តម នឹងចូលរួមផ្ដល់អាវឥតគិតថ្លៃចំនួន ១០០អាវ នៅកន្លែងតាំង ពិព័រណ៍ផលិតផល FBT នៅកោះពេជ្រ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច នាថ្ងៃទី០៦ ខែកុម្ភៈខាងមុខ ខណៈតារាបាល់ទាត់វ័យក្មេង ចាន់ វឌ្ឍនាកា នឹងផ្ដល់អាវឥតគិតថ្លៃ ១០០អាវដូចគ្នា នៅថ្ងៃទី០៧ ខែកុម្ភៈចុងសប្ដាហ៍នេះ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច។
សូមអ្នកគាំទ្ររួសរាន់ឡើង ព្រោះចំនួនអាវមានកំណត់ ប៉ុន្ដែប្រសិនបើអ្នកគាំទ្រគ្មានសំណាងទេ យើងក៏អាចទិញ សម្លៀកបំពាក់កីឡាជម្រើសផ្សេងៗ ដែលមានការបញ្ចុះតម្លៃពី ៣០% ទៅ ៧០% នៅក្នុងឱកាសនោះផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី