(បាងកក)៖ ជនរងគ្រោះ ៤០០នាក់ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ នៅក្នុងប្រទេសថៃនៅមិនទាន់ត្រូវបាន បញ្ជាក់អត្តសញ្ញាណនៅឡើយទេ។ នេះបើតាមសម្តីរបស់មន្ត្រីប៉ូលិសថៃ ដែលចេញផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។
កាលពីជាង ១២ឆ្នាំមុនពោលគឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ គ្រោះរញ្ជួយដីដ៏មហិមាកំរិត ៩.១៥ រិចទ័រ ដោយបង្កជារលកយក្សស៊ូណាមិវាយប្រហារមកលើតំបន់មហាសមុទ្ទឥណ្ឌា ក្នុងនោះមានប្រទេស ថៃ ឥណ្ឌូណេស៊ី ឥណ្ឌា និង ស្រីលង្កា បានទទួលរងគ្រោះខ្លាំងជាងគេ។ ជាក់ស្ដែងគ្រោះមហន្តរាយធម្មជាតិ ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រមនុស្សជាតិនេះ បានផ្ដាច់យកជីវិតមនុស្ស ៥,៣៩៥នាក់ក្នុងនោះ ២,០០០នាក់ ជាភ្ញៀវទេសចរណ៍បរទេសនៅក្នុងប្រទេសថៃ។
ថ្លែងនៅប្រាប់ Reuters លោក Anand Boonkerkaew ជាមន្ត្រីប៉ូលិសថៃនៅក្នុងស្រុក Takua Pa នៃខេត្ត Phang Nga បានគូសបញ្ជាក់ថា «ចាប់តាំងពីមានគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤ អាជ្ញាធរថៃបាន ទាក់ទងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មកទទួលសាកសពមនុស្សចន្លោះពី ៤,០០០នាក់ ដល់ ៥,០០០នាក់ ប៉ុន្តែសាកសពមនុស្សប្រមាណជា ៤០០នាក់ផ្សេងទៀតនៅតែមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេរហូតមកទល់នឹងពេលនេះ»។
គួររំលឹកថា គ្រោះមហន្តរាយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ បានសម្លាប់មនុស្សសរុប ២២៦,០០០នាក់ ដែលភាគច្រើនបំផុតជាជនជាតិឥណ្ឌូណេស៊ី៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី