CamNews

ប្លែកៗ 

អ្នក​អាច​ជួល​បុរស​វ័យ​កណ្ដាល ធ្វើ​ជា​ដៃ​គូ​ តម្លៃ ១០​ដុល្លារ​ក្នុងមួយ​ម៉ោង

យោងទៅលើ​តម្រូវការ​នៃ​មនុស្ស​មួយចំនួន ដែល​ត្រូវការ​បុរស​វ័យ​កណ្ដាល ធ្វើជា​មិត្ត ក្នុង​រាល់​កាលៈទេសៈ សេវា​កម្ម “ឱ្យ​ជួល​អ្នកបម្រើ​វ័យ​កណ្ដាល” ត្រូវបាន​បង្កើតឡើង។

ដោយមាន​គំនិត​ច្នៃប្រឌិត​សម្បូរបែប ជប៉ុន ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស​ដែលមាន​សេវា​កម្មចម្លែកៗយ៉ាងច្រើន ទាក់ទិន​នឹង​ការឱ្យ​ជួល​មនុស្ស ធ្វើជា​ដៃគូ​ប្រចាំថ្ងៃ។ ទ​ន្ទឺ​ម​នឹង​សេវាកម្ម​ឱ្យ​ជួល​សង្សារ រហូតដល់​សេវា​កម្ម “គេង​ជាមួយ​ប្រុស​ស្អាត” សម្រាប់​នារី​ទាំងឡាយ ថ្មីៗនេះ សេវា​កម្ម​ឱ្យ​ជួល​បុរស​វ័យ​កណ្ដាល ក៏​ត្រូវបាន​បង្កើតឡើង នៅក្នុង​ប្រទេស​នេះ។

បុរស​វ័យ​កណ្ដាល​ក៏​អាច​ដើរ​ផ្សារ​ជាមួយ​អតិថិជន​របស់ខ្លួន

ជាធម្មតា អតិថិជន​ភាគច្រើន តែង​ត្រូវការ​បុគ្គលិក​ដែល​ស្លៀកពាក់​ស្អាតបាត មាន​រូបរាង​សង្ហារ និង​នៅ​ក្មេង ដើម្បី​បម្រើ​សេវាកម្ម ប៉ុន្ដែ ក៏មាន​អ្នកខ្លះ​មិន​ចូលចិត្ត​បែបនេះ ដោយ​ពួកគេ​ចូលចិត្ត​បុគ្គលិក​វ័យ​ចំណាស់។ យោងទៅលើ​តម្រូវការ​នេះ ហាង​កាហ្វេ Butler and maid បាន​បង្កើត​សេវាកម្ម ឱ្យ​ជួល​បុគ្គលិក​ប្រុស វ័យ​កណ្ដាល ដែល​ហៅថា Ossan Rental ។

សេវាកម្ម​ចម្លែក​នេះ ពិតជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ស្ដ្រី​ដែល​ចង់​មាន​មិ​ត្ដម្នាក់​ដែលមាន​ភាពចាស់ទុំ និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការជួយ​កិច្ចការងារ ឬ​ស្ដាប់​ការសម្ដែង​អារម្មណ៍ នៅពេល​ត្រូវការ។

មិនចាំបាច់​ទៅរក​ឯណា​ឆ្ងាយ​នោះទេ គ្រាន់តែ​ទាក់ទង​តាមរយៈ blog ឬ​ទំព័រ Twitter របស់​ក្រុមហ៊ុន អតិថិជន អាច​នឹង​ស្វែង​រកបាន​បុរស​វ័យ​កណ្ដាល​ម្នាក់ សមស្រប​ជាមួយ​ខ្លួន ដោយ​ចំណាយ​ត្រឹមតែ ១,០០០យ៉េន/ម៉ោង (១០ដុល្លារ​អាមេរិក)។

អតិថិជន អាច​ជ្រើសរើស​លោក Takanobu Nishimoto វ័យ ៤៦ឆ្នាំ ជា​សាស្ដ្រាចារ្យ នៅ​មហាវិទ្យាល័យ​ឯកទេស​ផ្នែក​ម៉ូ​ដែល

ក្រុមហ៊ុន​ខាងលើនេះ ត្រូវបាន​បង្កើតឡើង​ដោយ​បុរស​វ័យ​កណ្ដាល​ពីររូប។ ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ បង្ហើប​ឱ្យដឹងថា អ្នក​ជួល​សេវា​កម្មនេះ នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន មានដូចជា ការលេង​ហ្គេម​ជាមួយគ្នា ធ្វើជា​មិត្ត​ល្អ​ដើម្បី​ជជែក​គ្នា ធ្វើ​កិច្ចការងារ​ជំនួស ឬ​ធ្វើជា​អ្នករួមដំណើរ​ឡើង​ផ្សារ។ល។

ក្រុមហ៊ុន​នេះ ធ្វើ​សកម្មភាព ២៤ក្នុង​មួយថ្ងៃ ដូច្នេះ អតិថិជន​អាច​ជួល​សេវាកម្ម ក៏ដូចជា​មតិ​រិះគន់ មក​ក្រុមហ៊ុន​គ្រប់ពេល។


ក្រៅពី​សាស្ដ្រាចារ្យ អតិថិជន ក៏​អាច​ជួល​អតិ​ត​កីឡាករ​បាល់ Baseball និង​ជា​អ្នក​អ្នក​អត្ថាធិប្បាយ​ផ្នែក​កីឡា ឈ្មោះ Mikio Sendou ទៀតផង

បើទោះជា​សេវាកម្ម​ឱ្យ​ជួល​បុរស​វ័យ​កណ្ដាល​នេះ នៅ​ថ្មីថ្មោង​ក៏ដោយ ប៉ុន្ដែ ស្ថាបនិក​ក្រុមហ៊ុន​មានការ​ជឿជាក់ថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ក្រុមហ៊ុន​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ហើយ​នឹងមាន​ទីផ្សារ​ធំ​ទូលាយ ទូទាំងប្រទេស។


ដោយ ៖ តារា
ប្រភព ៖ rocketnews24


Tags: Japanese Middle-Aged Man Ossan Rental Butler and maid Takanobu Nishimoto Mikio Sendou