CamNews

កីឡាអន្តរជាតិ 

មេដាយបំពាក់ដល់អត្តពលិក Rio 2016 កើនដល់ ៤៣៤គ្រឿង គ្រាដែលអាមេរិក និងចិន នៅតែបន្តនាំមុខ

(ក្រុងរីយ៉ូ)៖ ចំនួនមេដាយ ៤៣៤គ្រឿងបានធ្វើការបំពាក់ដល់អត្តពលិកមកពី ៦៥ប្រទេសដែលបានឈ្នះមេដាយនៅ Rio Olympic 2016 ខណៈដែលអាមេរិក និងចិន បន្តនាំមុខគេដដែល។

យោងតាមគេហទំព័រ Rio 2016 បានបង្ហាញថា គិតត្រឹមថ្ងៃអាទិត្យ ទី១៤ ខែសីហានេះ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ បានដំណើរការអស់រយៈពេល ៩ថ្ងៃមកហើយ ជាមួយនឹងអត្តពលិកអាមេរិក បន្តនាំមុខគេដាច់ពីការឈ្នះមេដាយសរុប បាន៦០គ្រឿងច្រើនជាងគេ និងចិន ឈរនៅលេខ២ ឈ្នះបាន ៤១គ្រឿង ហើយអង់គ្លេស លេខ៣ ឈ្នះមេដាយបាន ៣០គ្រឿង។

ការប្រកួតដែលនៅសល់រយៈពេល ៧ថ្ងៃទៀតនេះដែរ មាន៥ប្រភេទកីឡាបានបញ្ចប់ទៅហើយ គឺកីឡាបាញ់ធ្នូ កីឡាយូដូ កីឡាជិះកង់ កីឡាបាញ់កាំភ្លើង និងកីឡាទូកកានូ ខណៈកីឡាហែលទឹក ដែលអាមេរិកឈ្នះមេដាយច្រើនជាងគេនោះ នឹងបញ្ចប់នៅថ្ងៃទី១៦ សីហា។

ក្នុងចំណោមមេដាយមាស ១៤២គ្រឿង ប្រាក់ ១៤០គ្រឿង និមេដាយសំរឹទ្ធ ១៥៣គ្រឿង សរុប ៤៣៤គហរឿង ដែលចែកជូននេះ កម្ពុជាពុំទាន់ទទួលបាន ១គ្រឿងនៅឡើយទេ ក្នុងចំណោម៤ប្រភេទកីឡាដែលបញ្ជូនទៅចូលរួមនឹងគេ មានកីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាបោកចំបាប់ និងកីឡាតេក្វាន់ដូ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rio 2016