CamNews

កីឡាអន្តរជាតិ 

អាមេរិក ឈ្នះ​មេ​ដាយ​នៅ Rio 2016 កើន​ដល់ ៣០​គ្រឿង បន្ត​នាំ​មុខ​ចិន ដាច់​ដដែល

(ក្រុងរីយ៉ូ)៖ អត្តពលិកអាមេរិក នៅតែបន្តនាំមុខដាច់គេដដែល ពីការឈ្នះមេដាយបានកើនដល់ចំនួន ៣០គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល តាមពីក្រោយដោយអត្តពលិករបស់ចិន ទើបឈ្នះ មេដាយសរុបបាន ២៣គ្រឿងនៅឡើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហានេះ។

តាមរយៈតារាងរបស់ Rio 2016 បានបង្ហាញថា អាមេរិក បានកំពុងនាំមុខគេបណ្តោះអាសន្នពីការឈ្នះមេដាយមាស ១០គ្រឿងច្រើនជាងគេ ក្រៅពីមេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធបាន ៩គ្រឿង សរុបចំនួន ៣០គ្រឿង ទៅលើ ប្រភេទកីឡាហែលទឹក កីឡាបាញ់ធ្នូ កីឡាជិះកង់ កីឡាជិះទូកក្តោង កីឡាសំដែង កីឡាគុនដាវ កីឡាយូដូ កីឡាបាញ់ កាំភ្លើង និងកីឡាជិះសេះ។

ជាមួយគ្នានោះដែរ ប្រទេស៤ ក្នុងតំបន់អាស៊ាន មានអត្តពលិកថៃ ឈ្នះមេដាយ ៤គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ១) វៀតណាម ឈ្នះមេដាយ២គ្រឿង (មាស១ និងប្រាក់១) ឥណ្ឌូនេស៊ី ឈ្នះមេដាយប្រាក់ ២គ្រឿង និងអត្តពលិករបស់ ប្រទេសហ្វីលីពីន ទើបតែឈ្នះមេដាយប្រាក់ ១គ្រឿងដែរ ស្របពេលដែលកម្ពុជា ពុំទាន់ឈ្នះមេដាយនៅឡើយទេ ដោយទើបតែបានប្រកួតកីឡាហែលទឹក ១វិញ្ញាសាប៉ុណ្ណោះ ដោយកីឡាករ ពូ សុវិជ្ជា តែធ្វើមិនបានល្អឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: rio 2016