(ភ្នំពេញ)៖ អតីតបេក្ខជន ម៉ៅ ហាជី ថ្វីដ្បិតប្រឡងធ្លាក់ កម្មវិធី Cambodian Idol រដូវកាលទី១ ក៏ពិតមែន តែគេកត់សម្គាល់ឃើញថា បេក្ខជនមកពីខេត្តបាត់បងរូបនេះ នៅតែបន្តទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនស្ទើរគ្រប់មជ្ឈដ្ឋាន ទាំងអ្នកនៅក្នុងប្រទេស និងអ្នករស់នៅក្រៅប្រទេស។ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យ មហាជនចាប់អារម្មណ៍័នោះ គឺបន្ទាប់ពីមានរឿងរ៉ាវក្ដីក្ដាំជាមួយនឹងស្ថានីយទូរទស្សន៍ហង្សមាស ក្នុងកម្មវិធី«Cambodian Idol » ខណៈតារារូបនេះ បានទៅចុះកិច្ចសន្យាច្រៀងជាមួយផលិតកម្ម ថោន ទាំងមិនទាន់ដាច់ស្រេចជាមួយកម្មវិធីប្រឡងរបស់ខ្លួន ។
ប៉ុន្តែបន្ទាប់ពីរឿងរ៉ាវនេះ បានពុះកញ្ជ្រោលឡើងកាន់តែខ្លាំង ម៉ៅ ហាជី បានចេញមុខប្រតិកម្ម និងស្វែងរកដំណោះស្រាយយ៉ាងស្ងៀមស្ងាត់ ជាមួយនឹងកម្មវិធី Cambodian Idol ដើម្បីបន្ធូបន្ថយស្ថានការណ៍កុំឲ្យកាន់តែតានតឹង ហើយបានបញ្ជាក់ថា លោកមិនបានទៅលូចចុះកិច្ចសន្យាជាមួយផលិតកម្ម ថោន ដូចអ្វីដែលបានលេចឮនោះទេ ពោលលោកបែរជាចោទទូរទស្សន៍ហង្សមាស ថាបានបង្ខូចកេរ្តិ៍ឈ្មោះលោកទៅវិញ ។ យ៉ាងណាក្ដីភាពចម្រូងចម្រាស់នេះ ត្រូវបានដោះស្រាយ ខណៈ មៅ ហាជី ចូលខ្លួនតាមអ្វី ដែលស្ថានីយទូរទស្សន៍ស្នើសុំ ជៀសបញ្ហាកាន់ជ្រុលទុំជោរឡើង ។
តាមរយៈសន្ទុះនៃការគាំទ្រនេះ ទើបធ្វើឲ្យជីវិតសិល្បៈរបស់ ម៉ៅ ហាជី កាន់តែមានសង្ឃឹមជោគជ័យ សម្រាប់ថ្ងៃអនាគត់បើទោះបីជាលោក បានធ្លាក់ការប្រឡងនៅក្នុងកម្មវិធីនោះហើយក៏ពិតមែន តែទីផ្សារសិល្បៈអតីតបេក្ខជនរូបនេះ នៅតែបន្តហក់ឡើងខ្ពស់ត្រដែត។ ខណៈកំពុងមានផលិតកម្មធំៗចំនួន២ជ្រែងគ្នាចង់បាន លោក ម៉ៅ ហាជី ធ្វើជាតារារបស់ខ្លួន។
ភាពលេចធ្លោ ដែលបានមកពីការគាំទ្រពីសំណាក់ទស្សនិជន ស្ទើរគ្រប់ស្រទាប់វ័យនេះហើយ ដែលជាកំលាំងចិត្តយ៉ាងធំធេងសម្រាប់ ម៉ៅ ហាជី ដើម្បីសម្រេចបំណងប្រាថ្នានាថ្ងៃអនាគត់របស់ខ្លួន ដោយការប្រើប្រាស់ខ្សែជីវិតលើវិថីសិល្បៈមួយនេះ។ ស្របពេលគ្នានេះលោក ម៉ៅ ហាជី ក៏បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយរូបភាពរថយន្តស៊េរីទំនើប១គ្រឿង នឹងការសរសេរសាខ្លីថា «បើខ្ញុំមានឡានមួយនេះមែន មិនដឹងជាល្អប៉ុនណាទេ ?អ្នកណាអាចទាយបានទេថា ខ្ញុំនឹងទៅកន្លែងណាមុនគេ ? »។
បើសង្កេតមើលតាមរយៈអត្ថន័យខ្លឹមសារខាងលើ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមពេលនេះ មានទស្សនិកជនខ្លះ បានបញ្ចេញមតិថា ហាជី ហាក់បង្ហាញពីបំណងប្រាថ្នាខ្ពស់ ដោយស្រវ៉ាចង់បានរថយន្តស៊េរីទំនើប បន្ទាប់ពីមានឈ្មោះល្បី នៅក្នុងវិស័យសិល្បៈ៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី