ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង
បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការវាយប្រហារបាញ់គ្រាប់ពិត ចំក្បាលជនស្លូតត្រង់ដល់ទៅ
៥ នាក់ កាលពីវេលាល្ងាចម្សិលមិញនេះ នៅឯក្រុង Houston រដ្ឋ តិចសាស់ សហរដ្ឋអាមេរិក
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស nbcnews ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ចុះជួយសង្គ្រោះជា
បន្ទាន់ ពីសំណាក់សមត្តកិច្ចប្រចាំតំបន់ តែជាអកុសល មនុស្ស ៣ នាក់បានស្លាប់បាត់បង់
ជីវិតបាត់ទៅហើយ ខណៈពេលដែលពីរនាក់ផ្សេងទៀត ត្រូវបានសមត្តកិច្ចបញ្ជូនទៅ
សង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង Memorial Hermann Texas Trauma
Institute តាមរយៈជើងហោះហើរឧទ្ធម្ភាគចក្រ។
បន្ថែមពីលើនេះ ប្រភពព័ត៌មានច្បាស់ការណ៍មួយនេះ អះអាងបន្ថែមថា ករណីខ្មាន់កាំភ្លើង
ដៃប្រដាប់ដោយអាវុធ ចេញធ្វើសកម្មភាពវាយប្រហារ បាញ់គ្រាប់ពិតលើកនេះ បានកើត
ឡើងកាលពីវេលាល្ងាចម្សិលមិញនេះ ពោលគឺវេលាម៉ោង ៤និង ៣០ នាទី (ម៉ោងក្នុងស្រុក
សហរដ្ឋអាមេរិក ) នៅឯតំបន់ទីប្រជុំជន Peppermill Place ភាគពាយព្យក្រុង Houston រដ្ឋ
តិចសាស់ សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ខ្មាន់កាំភ្លើង ដែលត្រូវបានគេជឿថា ជាមនុស្ស
ប្រុស ពេញវ័យ នោះ បានរត់គេចខ្លួនដោយសុវត្ថិភាព បន្ទាប់ពីមានការវាយប្រហារលើក
នេះ តែទោះជាយ៉ាងណា ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដាន ស៊ើបអង្កេត រកតំរុយ
និងកំណត់អត្តសញ្ញាណ ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews