CamNews

ព័ត៌មានអន្តរជាតិ 

យន្ដហោះចម្បាំងអូស្ដ្រាលី វែកមុខនាវាចម្លែក គំរាមដល់កិច្ចប្រជុំ G20

យន្ដហោះចម្បាំង F-18 ចំនួន ២គ្រឿង កាលពីព្រឹកមិញនេះ ត្រូវបានគេបញ្ជាឱ្យចេញប្រតិបត្តិការ
ដើម្បីវែកមុខនាវាអាថ៌កំបាំង ១គ្រឿង ដែលកំពុងស្ថិតនៅលំហសមុទ្រក្បែរក្រុង Brisbane ប្រទេស
អូស្ដ្រាលី ជាកន្លែងដែលមានមេដឹកនាំពិភពកំពុងចូលរួមក្នុងកិច្ចប្រជុំ G20 ។

យោងតាម Sunshine Coast Daily យន្ដហោះចម្បាំង F-18 ខាងលើនេះ បានហោះទៅកាន់ដែន
អាកាសនៃកោះ Bribie ខណៈនាវាកងទ័ពជើងទឹក ១គ្រឿង កំពុងបម្លាស់ទីជុំវិញនាវាអាថ៌កំបាំង
១គ្រៀង នៅឈូងសមុទ្រ Moreton ។

Australian News Network ចេញផ្សាយថា នាវាអាថ៌កំបាំងខាងលើ ត្រូវបានគេរកឃើញថា មិន
បង្កគ្រោះថ្នាក់ បើទោះជាមិនទាន់មានសេចក្ដីប្រកាសជាផ្លូវការណាមួយពីកម្លាំងការពារជាតិរបស់
អូស្ដ្រាលី។

កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកមិញនេះ ប្រព័ន្ធតាមដាននាវា Ship Finder បានរកឃើញថា
មាននាវា ២គ្រឿង ចតនៅក្បែរឆ្នេរសមុទ្រនៃកោះ Bribie ។ ក្នុងនោះ ១គ្រឿង ត្រូវគេដឹងថា ជានាវា
នៃកងទ័ពជើងទឹករបស់អូស្ដ្រាលី ចំណែកនាវា ១គ្រឿងទៀត គឺ Hugli Spirit ដែលកំពុងដឹកទំនិញ
គីមី ពី Bahamas ។

កងកម្លាំងសន្ដិសុខរបស់អូស្ដ្រាលី កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់ ស្របពេលក្រុមមេដឹកនាំពិភព
លោក កំពុងចូលរួមកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងទើបរីកចម្រើន
(G20) នៅ Brisbane ។ នគរបាលចំនួន ៦.០០០នាក់ ត្រូវបានដាក់ពង្រាយ នៅគ្រប់កន្លែង ជាងនេះ
ទាហាន និងអ្នកស្ម័គ្រចិត្ត ក៏ត្រូវបានគេដាក់ពង្រាយដើម្បីជួយរក្សាសន្តិសុខផងដែរ។

តាមគម្រោង នៅព្រលប់ថ្ងៃនេះ ក្រុង Brisbane នឹងមានការកកស្ទះច្រើនកន្លែង នៅពេលមេដឹកនាំ
នៃប្រទេសចំនួន ២០ ក្នុងចំណោម ២៦ នឹងចាកចេញពីទីក្រុង បន្ទាប់ពីកិច្ចប្រជុំ G20 បានបញ្ចប់។
ក្រុមសន្តិសុខ បុគ្គលិកនៃស្ថាប័នពាក់ព័ន្ធ នឹងធ្វើការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធ្វើឱ្យទីក្រុងនេះ
វិលមកសភាពធម្មតា៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail


Tags: G20 F18 fighter Australia unidentified boat