នៅវេលាម៉ោង ១៣ និង ៤៥នាទី ថ្ងៃទី ១៣ តុលានេះ ក្បួនដង្ហែសពអតីតអគ្គមេបញ្ជាកងទ័ពវៀតណាម Vo Nguyen Giap ដែលបានចាកចេញពីហាណូយ បានធ្វើដំណើរជិតដល់គោលដៅ គឺតំបន់ Vung Chua ជាទីកន្លែងចុងក្រោយរបស់លោក។
សពអតីតអគ្គមេបញ្ជាការកងទ័ពរបស់ វៀតណាម ដែលធ្លាប់បានច្បាំងឈ្នះ បារាំង និងអាមេរិក គឺលោក Vo Nguyen Giap ត្រូវបានដង្ហែចាកចេញពីក្រុងហាណូយ តាមយន្ដហោះ ឆ្ពោះទៅកាន់ព្រលានយន្ដហោះ Dong Hoi ខេត្រ Guang Binh ។ បន្ទាប់ពីមកដល់គោលដៅទីមួយ(ព្រលានយន្ដហោះ Dong Hoi) នៅវេលាម៉ោង ១២ និង ៤៥នាទី ក្បួនដង្ហែសព ក៏បានបន្ដដំណើរ ចាកពីព្រលានយន្ដហោះ Dong Hoi ឆ្ពោះត្រង់ទៅកាន់តំបន់ Vung Chua នៅលើកោះ Dao Yen របស់ខេត្រ Guang Binh ដែលជាកន្លែងចុងក្រោយបំផុត របស់សព លោក Vo Nguyen Giap ។
នាំមុខក្បួនដង្ហែសពនេះ គឺរថយន្ដបើកផ្លូវ បន្ទាប់មក គឺកងនគរបាលចរាចរណ៍ ក្បួនរថយន្ដកងកម្លាំងសន្ដិសុខ។ ចំណែករថយន្ដដឹកសព គឺនៅកណ្ដាលក្បួន។ សាកសពរបស់លោក Vo nguyen Giap ត្រូវបានគេដាក់នៅលើរថយន្ដដឹកកាំភ្លើងធំ និងគ្របដណ្ដប់ពីលើ ដោយទង់ជាតិ។
គេឃើញមានប្រជាជនរាប់សែននាក់ បាននាំគ្នាមកឈរនៅតាមសងខាងផ្លូវ ដើម្បីចូលរួមជូនដំណើរសព និងដើម្បីសម្ដែងការដឹងគុណ វីរបុរសជាតិ របស់ពួកគេ។ មនុស្សមួយចំនួន ក៏បានលើកដៃតាមរបៀបទាហាន ដើម្បីគោរព។ ក្រៅពីមនុស្សរាប់សែននាក់ ដែលឈរអមសងខាងផ្លូវ គេក៏ឃើញប្រជាជនមួយចំនួន ឡើងដើមឈើខ្ពស់ៗ ក្នុងបំណង បានឃើញទិដ្ឋភាពដ៏កម្រនេះ។
ក្បួនដង្ហែសព ធ្វើដំណើរតាមផ្លូវជាតិ ឆ្ពោះត្រង់ទៅតំបន់ Vung Chua ដែលមានចម្ងាយពីព្រលានយន្ដហោះ Dong Hoi ប្រមាណ ៦០គីឡូម៉ែត្រ។
គួររំឭកថា មុននេះ យន្ដហោះដែលមានស្លាកលេខ VN103 ដែលបានដឹកសពលោក Vo Nguyen Giap បានចុះចតនៅព្រលានយន្ដហោះ Dong Hoi ខេត្រ Guang Binh នៅវេលាម៉ោង ១១ និង ៥០នាទី។ ក្រុមមន្ដ្រីដែលបានមកទទួលសព នៅព្រលានយន្ដហោះ មានដូចជា ប្រធានាធិបតី Truong Tan Sang (ប្រធានគណកម្មការបុណ្យសពជាតិ) , ឧបនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc , រដ្ឋមន្ដ្រីការពារជាតិ ឧត្តមសេនីយ៍ Phung Quang Thanh រួមនឹងមន្ដ្រីកំពូលៗរបស់បក្សកុម្មុយនិស្ដវៀតណាម ផងដែរ។ល។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE