(ម៉ាឌ្រីដ)៖ ក្រុម Atletico Madrid របស់អេស្ប៉ាញ និង Manchester City របស់អង់គ្លេសបានឈ្នះ កៅអីម្នាក់១ឡើង ទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League ដូចគ្នាៗ បន្ទាប់ពីទម្លាក់គូប្រជែង PSV Eindhoven និង Dynamo Kyiv ជើងទី២ យប់មិញនេះ ។
At. Madrid បានទម្លាក់ក្រុមមកពីហូឡង់ PSV Eindhoven ដោយបាល់ប៉េណាល់ទី ៨-៧ ក្រោយប្រកួតពេញម៉ោង ថែម១៥នាទីពីរដងស្មើលទ្ធផលគឺ ០-០ ដូចលទ្ធផលក្នុងជើងទី១ដែរនោះជាមួយនឹងកីឡាករ Luciano Narsingh បានភ្លាត់ស្នៀតទាត់អត់ចូល១គ្រាប់ នៃ PSV ហាលអាវត្រឡប់ទៅផ្ទះវិញ ។
ងាកមកមើលក្រុមមេឃខៀវ Manchester City ទើបយកស្មើ ០-០ ទល់នឹងក្រុមមកពីអ៊ុយក្រែន Dynamo Kyiv នៅកីឡដ្ឋាន Etihad យប់មិញនេះក្នុងជើងទី២ ក្រោយពេលលទ្ធផលឈ្នះ ៣-១ កាលពីជើងទី១ ដើម្បីបានឡើងទៅវគ្គបន្តនឹងគេដែរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិឈីលី Manuel Pellegrini ដែលត្រៀមចាកចេញពីក្លឹបនៅបញ្ចប់ រដូវកាលនេះហើយ ។
សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះបានរកឃើញ៦ក្រុមហើយឡើងទៅវគ្គ៨ក្រុមនៃ Champions League រួមមាន Real Madrid និង Atletico Madrid របស់អេស្ប៉ាញ Paris Saint-Germain របស់បារាំង Wolfsburg របស់អាល្លឺម៉ង់ Benfica របស់ព័រទុយហ្គាល់ និង Manchester City របស់អង់គ្លេស ដោយត្រូវរង់ចាំ២ប្រកួតទៀតក្រោយ បញ្ចប់ជើងទី២រាត្រីនេះដោយស្ថាពរគឺ Barcelona ស្វាគមន៍ Arsenal និង Bayern Munich ប៉ះក្រុមមកពីអ៊ីតាលី Juventus នាម៉ោង ២៖៤៥នាទីយប់នេះដូចគ្នា ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី