CamNews

ប្រទេស Nauru លិចបាត់ក្នុងទឹកសមុទ្រ ប្រសិនកំដៅផែនដីកើនឡើង ថែម៤អង្សា

នៅពេលកំដៅផែនដីបានកើនឡើងប្រហែលជា ៤អង្សាសេទៀត នោះនឹងមានប្រទេសកោះ
ជាច្រើនត្រូវលុបចេញពីផែនទីពិភពលោក ដោយសារតែទឹកសមុទ្រកើនឡើង។

កាលពីប៉ុន្មានម៉ោងមុននេះ ទំព័រ CNN បានរាយការណ៍ថា បម្រែបម្រួលអាកាសធាតុ កាន់តែ
ធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាកោះតូចៗមួយចំនួន នៅលើសមុទ្រប៉ាស៊ីហ្វិក។ នៅពេលកំដៅ
ផែនដីបានកើនឡើងប្រហែលជា ៤អង្សាសេទៀត ប្រទេសកោះទាំងនេះនឹងត្រូវលិចក្រោមទឹក
សមុទ្រមិនខាន។

                                              ប្រទេស Nauru

ក្នុងចំណោមប្រទេសជាកោះកណ្ដាលសមុទ្រ មួយចំនួន ប្រទេស Nauru គឺជាកោះមួយកំពុង
ស្ថិតក្នុងស្ថានភាពគួរឱ្យភ័យខ្លាចបំផុត។ នៅលើសមុទ្រប៉ាស៊ីហ្វិក ប្រទេស Nauru មានផ្ទៃ
ក្រឡា ២១គីឡូម៉ែត្រ និងមានប្រជាជនប្រហែល ១០,០០០នាក់។ បើគេមើលតាមរយៈផែនទី
អេឡិចត្រូនិក Nauru ប្រៀបបានដូចជាដុំថ្មដ៏សែនតូចមួយដុំ អណ្ដែកកណ្ដាលមហាសាគរដ៏
ធំល្វឹងល្វើយ។

ការភ័យខ្លាចខាងលើ បាននាំឱ្យលោក Kieren Keke ដែលជារដ្ឋមន្ដ្រីការបរទេស Nauru ដឹក
នាំសម្ព័ន្ធមិត្តនៃក្រុមប្រទេសជាកោះតូច (AOSIS) មកកាន់សន្និសីទស្ដីពីបម្រែបម្រួលអាកាស
ធាតុរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅក្រុង Doha ប្រទេស Qatar នាឆ្នាំនេះ ដើម្បី
អំពាវនាវដល់បណ្ដាលប្រទេសដែលមានឧស្សហកម្មរីកចម្រើនជាងគេក្នុងលោក កាត់បន្ថយ
ការបង្កផ្សែងពុល ទប់ស្កាត់ការឡើងកំដៅរបស់ផែនដី។

សូមរំលឹកថា បណ្ដាប្រទេសដែលកំពុងរងការរិះគន់ថាកំពុងធ្វើឱ្យផែនដីឡើងកំដៅ មានដូចជា
ចិន ឥណ្ឌា និងអាមេរិក។
ដោយ ៖ សីហា
ប្រភព ៖ GD

Tags: Nauru sea