CamNews

Larry Ellison, CEO របស់ Oracle ជាមនុស្សបែបណា?

Larry Ellison អាយុ ៦៧ឆ្នាំ គឺជា CEO របស់ Oracle ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុម
ហ៊ុន Software ធំបំផុតនៅក្នុងពិភពលោក។ លោកក៏ជាមហាសេដ្ឋីមានបំផុតលំដាប់ទី ៣
ក្នុងប្រទេសអាមេរិកផងដែរ ជាមួយទ្រព្យសម្បត្តិប្រមាណជា ៣៣ពាន់លានដុល្លាអាមេរិក។
Larry Ellison ប្រៀបបានទៅនឹងមហាសេដ្ឋីម្នាក់នៅក្នុងខ្សែភាពយន្តយ៉ាងដូច្នោះ ដោយសារ
រូបសម្បត្តិរបស់លោកសមរម្យនិងសាកសមបំផុត ជាមួយអកប្បកិរិយាបែបក្រអឺតក្រទម
បន្តិច និងមានទំលាប់ប្រើប្រាស់តែរបស់ប្រណិតៗប៉ុណ្ណោះ។ តើប្រិយមិត្តដឹងបានអ្វីខ្លះអំពី
មហាសេដ្ឋីរូបនេះ?


Larry Ellison មានកប៉ាល់ផ្ទាល់ខ្លួនដ៏ធំមួយគ្រឿង

Rising Sun គឺជាកប៉ាល់ដ៏ធំបំផុតមួយដែលបានផលិតឡើងសំរាប់លោក Ellison កាលពីឆ្នាំ
២០០៤ ។ បច្ចុប្បន្នវាគឺជាកប៉ាល់ធំលំដាប់ទី ៨ នៅក្នុងពិភពលោក ប៉ុន្តែនៅកំឡុងពេលដែល
កំពុងផលិតនោះវាស្ថិតនៅក្នុងលំដាប់ទី ៤។ មានប្រភពពត៌មានចរចាមអារ៉ាមមួយចំនួនបាន
និយាយថា Ellison បានអោយគេផលិតកប៉ាល់មួយនេះគឺបំណងសំខាន់អោយធំជាងកប៉ាល់
ដ៏ល្បីឈ្មោះ Octopus របស់ Paul Allen ទៀតផង។

នៅក្នុងរូបភាពប្រិយមិត្តអាចឃើញ Rising Sun នៅក្បែរកប៉ាល់ប្រណាំងឈ្មោះ BMW Oracle
២៧,៤ ម៉ែត្រ នៅក្រោយពេលដែលវាដណ្តើមបានពានរង្វាន់អាមេរិកលើកទី ៣៣ កាលពីឆ្នាំ
២០១០ កន្លងទៅ។

Ellison បានចំណាយប្រាក់ជាង ២០០លានដុល្លាអាមេរិក ដើម្បីផលិតផល Rising Sun នេះ
ដែលមានប្រវែង ១៣៨ម៉ែត្រ និងមានកំពស់ ៥ជាន់។ Rising Sun មានបន្ទប់ងូតទឹកមួយយ៉ាង
ធំ មានបន្ទប់លេងកីឡា បន្ទប់ស្ប៉ា និង សាឡុង បន្ទប់បញ្ចាំងភាពយន្ត ទីលានលេងកីឡា
បាល់បោះ បន្ទប់ដាក់ស្រានៅផ្នែកខាងក្រោម ...។

ប៉ុន្តែពេលថ្មីៗនេះ Ellison បានលក់កប៉ាល់ Rising Sun នេះទៅអោយមហាសេដ្ឋីម្នាក់ផ្នែក
វិស័យកំសាន្តលោក David Geffen ។ ហើយលោកមានគំរោងនឹងទិញកប៉ាល់ថ្មីមួយផ្សេង
ទៀតឈ្មោះថា 88m Feadship Musashi ។

Larry Ellison មិនខ្លាចក្នុងការណាត់ជួបជាមួយបុគ្គលិករបស់ខ្លួន

នៅពេលណាត់ជួប លោក Ellison មិនដែលខ្វល់ថាតើបុគ្គលនោះជាអ្នកណា ជាបុគ្គលិកបំរើ
ការងារអោយ Oracle រឺយ៉ាងណានោះឡើយ។ ហើយកន្លងមកលោកធ្លាប់បានណាត់ជួបជា
មួយស្រ្តីបំរើការងារអោយ Oracle ជាច្រើនរូបមកហើយដែរ។

Larry Ellison មិនខ្លាចការចងសម្ព័ន្ធ

ពេលលោក Larry Ellison ស្រលាញ់ លោកមិនខ្លាចនឹងការរៀបការនោះឡើយ។ ជាក់ស្តែង
លោកបានរៀបការចំនួន ៤លើកមកហើយ។ លោកក៏មិនខ្លាចនឹងការលែងលះគ្នានោះដែរ
ព្រោះលោកបានលែងលះគ្នាចំនួន ៤ដងផងដែរ។ បើទោះបីជាឆាកជីវិតអាពាហិ៍ពិពាហិ៍
របស់លោកមិនបានគង់វង់យូរអង្វែង ប៉ុន្តែជាមួយប្រពន្ធទីបីរបស់ខ្លួន លោកបង្កើតបានកូន
ចំនួនពីរនាក់ទៀតផង។

ហើយជីវិតអាពាហិ៍ពិពាហិ៍ថ្មីបំផុតរបស់លោកពេលនេះគឺជាមួយមិត្តស្រីយូរអង្វែងម្នាក់របស់
លោក ដែលជាអ្នកនិពន្ធប្រលោមលោកដ៏រ៉ូមែនទិកបំផុតមានចំណងជើងថា Melanie Craft។
ពួកគាត់បានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៨ឆ្នាំ និងបានរៀបការរយៈពេល ៧ឆ្នាំ
មកហើយដែរ។ មានពត៌មានចរចាមអារ៉ាមថាលោក Steve Jobs គឺជាអ្នកថតរូបនៅក្នុងពេល
ពួកគាត់រៀបអាពាហិ៍ពិពាហិ៍ទៀតផង។

ទ្រព្យសម្បត្តិរាប់ពាន់ដុល្លាអាមេរិក

លោក Larry Ellison ជាមហាសេដ្ឋីនិងធ្លាប់មានប្រពន្ធចំនួន ៤នាក់ផងដែរ។ ដូច្នេះគាត់មាន
គេហដ្ឋានជាច្រើន ហើយវីឡាមួយក្នុងចំណោមវីឡាល្បីឈ្មោះបំផុតរបស់លោកគឺ វីឡាមួយ
ដែលស្ថិតនៅឯ Woodside, California ។ វីឡានេះបានសាងសង់ឡើងប្រៀបបាននឹងភូមិគ្រឺះ
មួយក្នុងប្រទេសជប៉ុននាសម័យសក្តិភូមិដូច្នោះដោយមានបឹងសប្បនិម្មិតមួយដែលមានផ្ទៃ
៨គីឡូម៉ែត្រការ៉េ។ វីឡានេះបើតាមការវាយតំលៃគឺមានចំនួនរហូតដល់ ១១០លានដុល្លា
អាមេរិក។

ចំណាយ ៤៣លានដុល្លាសំរាប់ Green fees

Ellison បានទិញដីមួយកន្លែងមានផ្ទៃទំហំជា ១០០០គីឡូម៉ែត្រការ៉េនៅឯ Rancho Mirage រដ្ឋ
California ដែលក្នុងនោះរួមមានទីលានវាយកូនហ្គោលឯកជនមួយកន្លែង ដែលពីមុនមក
តំបន់នេះគឺជាគេហដ្ឋានចាស់របស់អ្នកបង្កើតតំបន់ជិះស្គីលើព្រិលទឹកកក Montana Tim
Blixseth ។

សាងសង់នូវអ្វីដែលខ្លួនលោកចង់

ក្រៅពីការទិញនូវគេហដ្ឋានដែលខ្លួនពេញចិត្តដូចជាវីឡានៅឯ California គេហដ្ឋានចាស់
របស់ Astor នៅឯ Rhode Island និងតំបន់សួនប្រវត្តិសាស្ត្រនៅឯ Kyoto នោះ លោក Ellison
ក៏បានទិញដីជាច្រើនកន្លែងដើម្បីសាងសង់អ្វីដែលលោកចូលចិត្តទៀតផង។ ឆ្នាំ ២០០៣
លោកបានចំណាយបា្រក់ចំនួន ៦៥លានដុល្លាអាមេរិកដើម្បីទិញយកគេហដ្ឋានចំនួន ៥
នៅតំបន់ឆ្នេរ Carbon, Malibu និងមួយក្នុងចំណោមនោះប្រើប្រាស់ជាអាងសំរាប់ហែលទឹក
ផងដែរ។

ថតខ្សែភាពយន្ត Hollywood


Ellison បានរិះរកគ្រប់វិធីដើម្បីធ្វើអោយខ្លួនលោកកាន់តែមានកេរឈ្មោះល្បីបន្ថែមទៀត ក្នុង
នោះលោកបានដើរតួរថតខ្សែភាពយន្ត Hollywood មួយមានចំណងជើងថា Iron Man 2 និង
នៅពេលអនាគតនឹងអាចមានច្រើនជាងនេះផងដែរ។

កូនទាំងពីររបស់ Ellison ក៏ចូលចិត្ត Hollywood ផងដែរ គឺទាំង Megan និង David សុទ្ធតែជា
អ្នកផលិតនូវខ្សែភាពយន្ត True Grit របស់ Coen Brothers ។ David ថែមទាំងបានដំណើរ
ការក្រុមហ៊ុនមួយដើម្បីផលិតខ្សែភាពយន្តដែលមានតំលៃ ៣៥០លានដុល្លាអាមេរិកជាមួយ
បណ្តាខ្សែភាពយន្តរបស់ Tom Cruise ត្រៀមនឹងដាក់បញ្ចាំងពេលខាងមុខនេះផងដែរ។

លោកក៏ជាអ្នកបើកបរយន្តហោះម្នាក់ផងដែរ

នេះអាចបញ្ជាក់បានថាលោក Ellison ក៏គឺជាអ្នកដែលស្រលាញ់យន្តហោះម្នាក់ផងដែរ។
ក្នុងចំណោមយន្តហោះទាំងឡាយ មានយន្តហោះមួយដែលលោកពេញចិត្តបំផុតនោះគឺ
Italian Marchetti ។ លោកធ្លាប់បានធ្វើការប្តឹងផងដែរចំពោះទីក្រុង San Jose ពីព្រោះតែ
ទីក្រុងនេះបានពិន័យលោក ដោយមូលហេតុថាលោកបានបង្កអោយមានសំលេងរំខាន
នៅពេលដែលលោកចុះចតនៅពេលយប់ ។ ថ្វីត្បិតតែលោកចាញ់ក្តី ប៉ុន្តែចៅក្រមនៅតែ
អនុញ្ញាតច្បាប់អោយលោកធ្វើការចុះចតពេលយប់ដដែល។ កូនប្រុសរបស់លោកឈ្មោះ
David ក៏ជាអ្នកបើកបរយន្តហោះម្នាក់ដ៏ស្ទាត់ជំនាញផងដែរ។

សុភមង្គលមិនមែនមានន័យថាមិនអាចផ្តួលរំលំគូរសត្រូវនោះទេ

លោក Ellison ធ្លាប់បាននិយាយនៅក្នុងសៀវភៅជីវប្រវត្តិរបស់លោកថា" ដើម្បីទទួលបាន
សុភមង្គលគឺតំរូវអោយយើងរស់នៅអោយបានល្អប្រសើរ។ ប៉ុន្តែខ្ញុំមិនជឿថាខ្លួនឯងត្រូវតែ
ប្រព្រឹត្តល្អជាមួយបណ្តាគូរប្រជែងនោះឡើយ។
បណ្តាគូរប្រជែងសុទ្ធតែរារាំងដំណើរខ្ញុំមិន
អោយឆ្ពោះទៅរកសុភមង្គលនៃការជោគជ័យ។ ខ្ញុំចង់យកឈ្នះលើគូរប្រជែងរបស់ខ្លួនឯង
និងវាពិតជាមានការពិបាកខ្លាំងណាស់ចំពោះការប្រព្រឹត្តល្អផងហើយថែមទាំងចង់ផ្តួលរំលំ
ពួកគេផងនោះ"។

ក្រៅពីនោះលោក Ellison ក៏បានធ្វើអំពើល្អចំពោះមនុស្សទូទៅជាច្រើនផងដែរ។ កាលពីឆ្នាំ
២០១០ លោកបានចូលរួមជាមួយលោក Bill Gates ចូលទៅ The Giving Pledge របស់
Warren Buffet ជាកន្លែងដែលបណ្តាមហាសេដ្ឋីទាំងឡាយធ្វើការបរិច្ចាគធនធានមួយភាគធំ
របស់ខ្លួនក្នុងទិសដៅសប្បុរសធម៌ទៀតផង៕

ប្រសិនបើថ្ងៃណាមួយប្រិយមិត្តក្លាយជាមហាសេដ្ឋីដូចលោក Ellison តើប្រិយមិត្តមានគំរោង
ធ្វើអ្វីខ្លះ?
ប្រភព៖ Businessinsider
ដោយ៖ រស្មី

Tags: ceomillionairesoraclelarry ellisonrising sunbmw oracledavid geffen88m feadship musashiiron man 2the giving pledge