ប្រហែលជាមួយម៉ោងមុននេះ មានករណីដ៏គួរអោយចាប់អារម្មណ៍មួយបានកើតឡើង ធ្វើអោយ
មានការភ្ញាក់ផ្អើលស្ទើរទូទាំងប្រទេស នោះគឺមានព័ត៌មានថា នៅលើព្រះច័ន្ទមានរូបសម្ដេចតា។
ក្នុងរយៈពេលប្រមាណជា ២០នាទីប៉ុណ្ណោះ ព័ត៌មានស្ដីពីការមើលឃើញរូបព្រះភ័ក្រ្ដរបស់អតីត
ព្រះមហាវិរក្សត្រនៅលើព្រះច័ន្ទ ត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយ ធ្វើអោយព័ត៌មាន
នេះបានជ្រាបទៅដល់មនុស្សស្ទើរទាំងអស់នៅទូទាំងប្រទេស។
អ្នកខ្លះ បន្ទាប់ពីបានសម្លឹកមើលទៅព្រះច័ន្ទ បាននិយាយថា គឺពិតជាមានរូបព្រះភ័ក្ដ្ររបស់សម្ដេច
តា នៅលើព្រះច័ន្ទពិតមែន ប៉ុន្ដែរូបភាពនេះមិនច្បាស់នោះទេ។ ឯអ្នកខ្លះទៀតថ្លែងថា អ្នកមាន
និស្ស័យទើបអាចមើលឃើញរូបព្រះភ័ក្ដ្រសម្ដេចតា នៅលើឋានព្រះច័ន្ទ។ ចំណែកអ្នកខ្លះទៀត ក៏
និយាយថា ប្រសិនមានការព្យាយាមសម្លឹងមើល ទើបបានឃើញ។ល។
ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការនិយាយតៗគ្នាតែប៉ុណ្ណោះ។ តាមការពិត រូបភាព
ដែលយើងមើលឃើញដូចជារូបទន្សាយ ឬរូបដើមពោធិព្រឹកជាដើម គឺគ្រាន់តែជាទីងងឹតនៃរណ្ដៅ
នៅលើភពព្រះច័ន្ទ ដោយសារតែកន្លែងដែលមើលឃើញដូចជារូបនានានោះ មានសភាពជ្រៅជាង
កន្លែងផ្សេង ដែលពន្លឺព្រះអាទិត្យមិនអាចបំភ្លឺទៅដល់។ ម្យ៉ាងទៀត យើងអាចនិយាយបានថា ក្នុង
រយៈពេលប៉ុន្មានថ្ងៃនេះ យើងទាំងអស់គ្នាបាន និងកំពុងកាន់ទុក្ខនៃការចូលទិវង្គតរបស់អតីតព្រះ
មហាវិរក្សត្រ ហើយរូបភាពរបស់ព្រះអង្គបានដក់ជាប់ក្នុងអារម្មណ៍ និងកែវភ្នែករបស់យើង ធ្វើអោយ
យើងអាចស្រមៃឃើញព្រះភ័ក្រ្ដព្រះអង្គនៅកន្លែងណាមួយ៕
ដោយ ៖ សូរីយ៉ា