ព័ត៌មានដែលថា ជប៉ុន ចង់ប្រែក្លាយព្រះចន្ទ ឱ្យទៅជាម៉ាស៊ីនភ្លើង ដោយការដំឡើងខ្សែក្រវាត់
ផ្ទាំងសូឡា ព័ទ្ធជុំវិញព្រះចន្ទ គឺជាដំណឹងដែលធ្លាប់ត្រូវបានសារព័ត៌មាននានា ចុះផ្សាយជាយូរ
មកហើយ ប៉ុន្ដែ នេះគឺជាមហិច្ឆតាដ៏ធំ ដែលគួរយកចិត្តទុកដាក់។
បន្ទាប់ពីបញ្ហាគ្រោះថ្នាក់នុយក្លេអែរ ដ៏សាហាវ នៅ Fukushima ប្រទេសជប៉ុន ក្រុមហ៊ុន Shimizu
Corporation របស់ប្រទេសនេះ បានលើកឡើងនូវគម្រោងមួយ ដ៏អស្ចារ្យ គឺសាងសង់ “ខ្សែក្រវាត់
ព្រះចន្ទ” ដែលធ្វើឡើងអំពីផ្ទាំងទទួលថាមពលព្រះអាទិត្យយ៉ាងច្រើន និងលាតសន្ធឹង ប្រវែងជាង
១ម៉ឺនគូឡូម៉ែត្រ និងមានទទឹងដល់ទៅ ១៩គីឡូម៉ែត្រ ព័ទ្ធជុំវិញផ្ទៃដីរបស់ភពនេះ។
គោលដៅរបស់គម្រោងនេះ គឺបង្កើតប្រព័ន្ធខ្សែក្រវាត់ផ្ទាំងសូឡា តភ្ជាប់គ្នា ជុំវិញរង្វង់គោចរនៅ
លើភពព្រះចន្ទ ដើម្បីទាញយកពន្លឺ ក៏ដូចជាកំដៅពីព្រះអាទិត្យ ប្រកប់ដោយប្រសិទ្ធភាពខ្ពស់
បំផុត។ ថាមពលដែលខ្សែក្រវាត់សូឡានេះ ទទួលបានពីព្រះអាទិត្យ នឹងត្រូវបានបញ្ជូនមកកាន់
ផែនដី តាមរយៈកាំរស្មី អ៊ិនហ្វ្រារ៉េត និងឡាស៊ែរ (infrared and laser)។
បណ្ដាផ្ទាំងសូឡានេះ តាមគម្រោង នឹងត្រូវបានដំឡើងដោយមនុស្សយន្ដរាប់មិនអស់ និងច្រើន
ប្រភេទផ្សេងៗគ្នា។ មនុស្សយន្ដទាំងនេះ នឹងធ្វើការឈូសដីឱ្យរៀបស្មើ និងសម្អាតផ្ទៃដីដែលត្រូវ
ប្រើប្រាស់ ក្នុងការដំឡើងខ្សែក្រវាត់ផ្ទាំងសូឡា ព័ទ្ធជុំវិញព្រះចន្ទនេះ។
រសិនជោគជ័យ គម្រោងនេះអាចនឹងផ្ដល់ថាមពលអគ្គិសនី ឡើងដល់ ១.៣០០០ តេរ៉ាវ៉ាត់ក្នុង
មួយថ្ងៃ។ នេះគឺជាថាមពលដ៏មហិមា ធៀបនឹងការប្រើប្រាស់អគ្គិសនីទូទាំងពិភពលោក ដែលជា
មធ្យម ប្រើប្រាស់ភ្លើង ប្រហែលពី ១៥ ទៅ ១៨ តេរ៉ាវ៉ាត់ ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា ១ តេរ៉ាវ៉ាត់
(terawatt) គឺប្រហាក់ប្រហែលនឹង ១ពាន់ពាន់លាន វ៉ាត់ (watt)។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider/phys