CamNews

ត្រូវទទួលទណ្ឌកម្ម ៖ អ៊ីរ៉ង់ ប្រើមាសប្ដូរយកស្បៀង

បើទោះបីជាមានការអះអាងពីក្រុមមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ថា នឹងមិនទទួលរងផលប៉ះពាល់
ច្រើនដោយសារការដាក់ទណ្ឌកម្មរបស់អាមេរិក និងលោកខាងលិច ប៉ុន្ដែជីវភាពរបស់ប្រជា
ជនអ៊ីរ៉ង់កំពុងមានការលំបាកនៅចំពោះមុខការផ្លាស់ប្ដូរដ៏ធំនេះ។

គ្រាប់ធញ្ញជាតិបានក្លាយជាទំនិញដែលមានតម្លៃនៅអ៊ីរ៉ង់


ខុសពីពេលមុន ចាប់តាំងពីអាមេរិក និងលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់
Hasan Sharafi ប្រជាជនអ៊ីរ៉ង់ម្នាក់រស់នៅក្នុងក្រុង Isfahan ភាគកណ្ដាលប្រទេស ចាប់ផ្ដើម
ត្រូវព្រួយបារម្ភនឹងការខ្វះស្បៀងអាហារសម្រាប់ជីវភាពរស់នៅរបស់គ្រួសារខ្លួន។

បុរសឈ្មោះ Sharafi នេះបានថ្លែងថា ៖"តម្លៃទំនិញនៅក្នុងទីផ្សារកាន់តែកើនឡើង ជីវភាព
នៅពេលនេះលំបាកណាស់។ ខ្ញុំទិញសាច់តែម្ដងគត់ ខណៈដែលកាលពីមុនខ្ញុំអាចទិញ
សាច់ពីពីរទៅ​ បីដងក្នុងមួយសប្ដាហ៍។ ជួនកាលខ្ញុំចង់តែស្លាប់អោយហើយ ពិតជាអស់
សង្ឃឹមណាស់ ប្រាក់ដែលរកបានបែរជាមិនអាចគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន"។

ស្ថានភាពនៃសន្ដិសុខស្បៀងអាហារបានធ្លាក់ដល់កម្រិតអាក្រក់ ដើម្បីដោះស្រាយបញ្ហានេះ
សម្រាប់ប្រជាជន ៧៤លាននាក់ អ៊ីរ៉ង់ត្រូវប្រើប្រាស់ដុំមាស និងប្រេងដើម្បីដូរយកស្បៀង។
ជាក់ស្ដែងការដាក់ទណ្ឌកម្មរបស់អាមេរិក និងលោកខាងលិចចំពោះអ៊ីរ៉ង់ គឺមិនបានហាម
ឃាត់ការលក់ស្បៀងទៅអោយប្រទេសនេះនោះទេ ប៉ុន្ដែអ្វីដែលជាការលំបាកនោះគឺការទូ
ទាត់ប្រាក់ដោយដុល្លារអាមេរិក ឬដោយប្រាក់អ៊ឺរ៉ូ។

អ្នកជំនួញគ្រាប់ធញ្ញជាតិជនជាតិអ៊ឺរ៉ុបម្នាក់បានអោយដឹងថា ៖ "វិក័យប័ត្រទិញគ្រាប់ធញ្ញ
ជាតិកំពុងត្រូវបានប្រើប្រាស់មាស ឬធ្វើជំនួញតាមបែបទំនិញដូរយកទំនិញ" ខណៈដែល
អ្នកជំនួញមួយចំនួនរបស់ប្រទេសឥណ្ដូនេស៊ី និងម៉ាឡេស៊ីបានផ្កាកការរកស៊ីជាមួយអ៊ីរ៉ង់
ដោយសារការភ័យខ្លាចថា អ៊ីរ៉ង់មិនអាចសងជាប្រាក់បាន។

ម្ចាស់ហាងបន្លែមួយនៅភាគខាងជើងរដ្ឋធានី Tehran ថ្លែងថា ៖ "ប៉ុន្មានខែមកនេះ តម្លៃទំនិញ
កើនឡើងយ៉ាងគំហុក តម្លៃទំនិញនាំចូលកើនឡើងពី ២០ ទៅ ៥០%។" ចំណែកឧបករណ៍
អេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ និងម៉ាស៊ីនត្រជាក់ជាដើមក៏មានតម្លៃកើន
ឡើងរហូតដល់ជាង ៥០% ។

ប្រការដែលគួរអោយនិយាយជាងគេ នោះគឺប្រភពសាំងដែលបាន និងកំពុងក្លាយជាបញ្ហា
មួយសម្រាប់ប្រទេសផលិតប្រេងធំទី ៣ ក្នុងពិភពលោកនេះ។ ដោយសារតែខ្វះទុនវិនិយោគ
ផ្នែកប្រព័ន្ធចម្រាញ់ប្រេង អ៊ីរ៉ង់ក៏ត្រូវនាំសាំងចូល ១/៣ នៃការនាំចូលថាមពលសរុប។

នុយក្លេអែរ ហាក់ដូចបានក្លាយទៅជានិមិត្តរូបផ្នែកស្មារតិមួយរបស់ប្រទេសអ៊ីរ៉ង់ ដែលជា
កត្ដាមួយរួមចំណែកធ្វើអោយជីវភាពកាន់តែដុនដាប់ឡើងៗ។ គេមិនដឹងថា តើថាមពល
អគ្គិសនីប៉ុន្មានវ៉ាតដែលត្រូវបានបង្កើតឡើងដោយនុយក្លេអែរ និងត្រូវចែកចាយដល់ប្រជា
ជន ហើយក៏មិនអាចអះអាងបានថា តើអ៊ីរ៉ង់នឹងមានសមត្ថភាពធ្វើអោយមានតុល្យភាព
អំណាចដោយសារកម្មវិធីនុយក្លេអែរដែលខ្លួនកំពុងតែដេញតាម ប៉ុន្ដែនៅចំពោះមុខ ជីវភាព
ប្រជាជនរបស់ប្រទេសនេះ កំពុងធ្លាក់ទៅក្នុងស្ថានភាពវេទនាដោយសារលទ្ធផលរបស់វា។

លោក Reza Zohrabi អ្នកដើរលក់តាមផ្សារម្នាក់​ មានទីលំនៅក្នុង Terhan ត្អូញត្អែរថា ៖ "ការ
ប្រទាញប្រទង់ផ្នែកនុយក្លេអែរជាអ្វី? សូមកុំសួរអំពីរឿងដែលមិនមានការទាក់ទងដូច្នេះ។ ខ្ញុំមិនយកចិត្តទុកដាក់ពីបញ្ហានយោបាយ ឬនុយក្លេអែរនោះទេ ខ្ញុំត្រូវរកបាយមកចិញ្ចឹម
គ្រួសារ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: foodusairanembargoed