ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ
ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បន្ទាប់ពីបានដកស្រង់ឯកសារយោងពី
គេហទំព័រសារព័ត៌មានក្នុងស្រុក IRNA អោយដឹងថា នៅឯទីក្រុង Tehran ប្រទេសអ៊ីរ៉ង់
ឯណោះវិញ កាលពីវេលាល្ងាចម្សិលមិញនេះ ពោលគឺ វេលាល្ងាច ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ
២០១៣ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មម្នាក់ ត្រូវបានបុរសជាខ្មាន់កាំភ្លើង
ប្រដាប់ដោយកាំភ្លើងដៃ មិនស្គាល់អត្តសញ្ញាណ បើកការវាយប្រហារបាញ់សម្លាប់ស្លាប់
មួយរំពេច។
គួរបញ្ជាក់ផងដែរថាជនរងគ្រោះខាងលើដែលត្រូវជាអនុប្រធានសភាក្រសួងឧស្សាហកម្ម
រ៉ែ និងពាណិជ្ជកម្មរូបនេះ មានឈ្មោះថា Safdar Rahmatabadi បានស្លាប់បាត់បង់ជីវិត
នៅក្នុងរថយន្តរបស់លោក នៅឯភាគខាងកើតក្រុង ក្រោយពីមានការវាយប្រហារបាញ់
គ្រាប់ពិត ពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ។
ដោយទទួលរងរបួសធ្ងន់ចំក្បាលនិងដើមទ្រូង លោក Safdar Rahmatabadi ក៏បានស្លាប់
នៅក្នុងរថយន្តរបស់លោកតែម្តង។ យ៉ាងណាមិញ មិនទាន់មានក្រុមណាមួយចេញមក
អះអាងពីការវាយប្រហារខាងលើនេះទេ ស្របពេលដែលករណីមួយនេះ ក៏កំពុងតែស្ថិត
នៅក្រោមការតាមដានស៊ើបអង្កេតរបស់មន្រ្តីប៉ូលីសនៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ