CamNews

ព័ត៌មានជាតិ 

ផ្សារទំនើបធំជាងគេ បំផុតនៅកម្ពុជាចាប់ផ្តើម សាងសង់ហើយគ្រោងបើក ដំណើរការនៅឆ្នាំ ២០១៤

ភ្នំពេញ៖ផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនជប៉ុន គ្រោង
នឹងចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិកបានចាប់ផ្តើមការដ្ឋានសាងសង់ហើយ
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២។

ផ្សារទំនើបដែលធំជាងគេនៅកម្ពុជា មានឈ្មោះថា ផ្សារទំនើបអ៊ីអន ម៉ល ត្រូវសាងសង់លើផ្ទៃដី
១០ ហិកតា ដែលជាការវិនិយោគ ដោយក្រុមហ៊ុនអ៊ីអន ខូអិលធីឌី របស់ជប៉ុន មានទីតាំងនៅស្ថិត
នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់ស្ថានទូតរុស្ស៊ី និងសណ្ឋាគារ សូហ្វីតែល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានថ្លែងក្នុងពិធីបើក ការស្ថានសាងសង់ផ្សារ
ទំនើបអ៊ីអន ថា សម្តេចអរគុណ ចំពោះវិនិយោគិនជប៉ុន ដែលជឿទុកចិត្ត និងបានធ្វើការវិនិយោគនៅ
ប្រទេសកម្ពុជា។ សម្តេចថ្លែងបន្តថា វិនិយោគិនជប៉ុន បានសិក្សាម៉ដ្ឋចត់ណាស់ លើការវិនិយោគនៅ
កម្ពុជា ជាក់ស្តែងប្រសិនប្រទេសកម្ពុជា គ្មានកម្លាំងនៃការទិញទំនិញធំនោះទេ ច្បាស់ណាស់ថា ក្រុម
ហ៊ុនជប៉ុនមិនហ៊ានចំណាយលុយ ជាច្រើនមកវិនិយោគសាងសង់ ផ្សារនេះនោះដែរ។

សម្តេចថ្លែងបញ្ជាក់ថា«វត្តមានរបស់ក្រុមហ៊ុនជប៉ុន ជាបណ្តើរនេះមិនជាការចៃដន្យនោះទេ គឺជាការ
មើលឃើញ យ៉ាងច្បាស់អំពីការរីកចំរើន របស់កម្ពុជា ហើយក៏មើលឃើញ អំពីទិដ្ឋភាពទំាងឡាយ
ទាក់ទងនឹង ការវិនិយោគរបស់កម្ពុជាយើង»។

ប្រធានក្រុមហ៊ុនអ៊ីអន ខូអិលធីឌី ដែលធ្វើការវិនិយោគផ្សារទំនើប អ៊ីអន លោក ម៉ូតុយ៉ា អូកាដា បាន
ថ្លែងក្នុងសិន្និសីទស្តីពី ផ្សារទំនើបអ៊ីអន ថា ផ្សារទំនើបថ្មី ដែលចាប់ផ្តើមសាងសងនេះ នឹងក្លាយជាទី
ផ្សារទំនើបដែលមានលក្ខណៈធំទូលាយ និងមានទំហំជាងគេ ដំបូងបង្អស់នៅប្រទេសកម្ពុជា ដោយ
នឹងនាំមកនូវបែបផែន នៃការរស់នៅថ្មី ជូនប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា ក្នុងផ្សារទំនើបនោះ នឹងមានផ្សារទំនើបចម្រុះ (GMS) ដែលមានហាងទំនិញស្នូល ក៏ដូច
ជាក្រុមហ៊ុនអាជីវកម្មហរិញ្ញវត្ថុទូទៅ ក្រុមហ៊ុនបំរើសេវាកម្ម និងហាងទំនិញឯកទេសផ្សេងៗជាច្រើន។

ផ្សារទំនើបធំជាងគេដំបូងបង្អស់ នៅកម្ពុជានេះ មានទំហំផ្ទៃដី ប្រហែល ៦៨ពាន់ម៉ែត្រការ៉េ ទំហំក្រឡា
ផ្ទៃកម្រាលសំណង់សរុបប្រហែល ១០ម៉ឺនម៉ែត្រការ៉េមានចំណតរថយន្តអាចដាក់ រថយន្តបានប្រហែល
១.៤០០គ្រឿង ចំណតម៉ូតូប្រហែល ១.៦០០គ្រឿង ដែលមានចំនួនហាង ទំនិញប្រហែល ១៥០ ហាង
ដែលគ្រោងនឹងបើក ដំណើរការនៅដើមឆ្នាំ២០១៤៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: the biggest super market building social nation news