CamNews

ព័ត៌មានបច្ចេកវិទ្យា 

ភពអង្គារនឹងមានទីក្រុង និងមនុស្សរស់នៅ ពិតប្រាកដ ក្នុងឆ្នាំ ២០២៦ (វីដេអូ)

Spacex ឱ្យដឹងថា ពួកគេកំពុងមានគម្រោង សាងសង់ទីក្រុង “ឯករាជ” មួយ នៅលើភពព្រះអង្គារ
ដើម្បីបម្រើដល់ការរស់នៅ របស់មនុស្សនៅទីនេះ នាឆ្នាំ ២០២៦។

SpaceX គឺជាក្រុមហ៊ុនដឹកជញ្ជូនលើអវកាសឯកជនមួយ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០២
ដោយលោក Elon Musk ។ ក្រុមហ៊ុននេះ មានជំនាញខាងរចនា សាងសង់ និងនាំយានអវកាស
ទៅកាន់គន្លងគោចររបស់ផែនដី។ បច្ចុប្បន្ន SpaceX កំពុងមានគោលដៅដ៏អស្ចារ្យមួយ នោះគឺ
បង្កើតទីក្រុងនៅលើភពព្រះអង្គារ និងនាំមនុស្សទៅរស់នៅទីនោះ ក្នុងឆ្នាំ ២០២៦។

លោក Elon Musk ថ្លែងថា ក្រុមហ៊ុនរបស់លោក នឹងបង្កើតទីក្រុង “ឯករាជ” មួយ នៅលើភព
អង្គារ សម្រាប់ក្រុមអវកាសចរដែលមករស់នៅលើភពនេះ។ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយ
កាសែត CNBC លោក Elon Musk អះអាងថា ៖ “ខ្ញុំសង្ឃឹមថា ក្រុមមនុស្សដំបូង នឹងត្រូវបាន
បញ្ជូនឡើងទៅកាន់ភពព្រះអង្គារ ក្នុងអំឡុង ១០ ទៅ ១២ឆ្នាំខាងមុខ។ ខ្ញុំជឿថា ប្រការនេះ នឹង
កើតឡើងជាប្រាកដ”។

យានអវកាស Dragon របស់ SpaceX គឺជាដៃគូសំខាន់ ក្នុងការដឹកជញ្ជូនទំនិញ ទៅឱ្យស្ថានីយ
អវកាសអន្ដរជាតិ ISS ។ បច្ចុប្បន្ន SpaceX ក៏កំពុងតែមានបំណងពង្រីកពាណិជ្ជកម្មរបស់ខ្លួន ទៅ
ក្នុងវិស័យទេសចរណ៍អវកាស ក្នុងពេលខាងមុខ។ SpaceX ក៏ត្រូវប្រកួតប្រជែងជាមួយបណ្ដា
ក្រុមហ៊ុនធំៗ ដូចជា Boeing ឬ Sierra NevadaCorporation ផងដែរ ក្នុងកិច្ចសហការណ៍ជាមួយ
NASA ដែលជាទីភ្នាក់ងារអវកាសរបស់អាមេរិក។

កាលពីខែមុន ក្រុមហ៊ុន SpaceX ទើបបានឧទ្ទេសនាមយានអវកាសមួយដែលមានឈ្មោះថា
Dragon V2 ហើយសង្ឃឹមថា វានឹងជួយឱ្យ SpaceX  ទទួលបានកិច្ចព្រមព្រៀងជាមួយ NASA
ដើម្បីដឹកជញ្ជូនក្រុមអវកាសចរ ទៅបំពេញបេសកកម្ម នៅស្ថានីយអវកាសអន្ដរជាតិ។

Elon Musk ថ្លែងថា បើទោះជាទទួលបានកិច្ចព្រមព្រៀងជាមួយ NASA ឬមិនបានក៏ដោយ ក៏វា
នឹង មិនមានផលប៉ះពាល់ដល់គម្រោងនាំមនុស្សទៅរស់នៅលើភពអង្គាររបស់ក្រុមហ៊ុន SpaceX
នោះដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sploid/the weather