មហាសេដ្ឋី Elon Musk គឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកដែលបានបង្កើតក្រុមហ៊ុនផលិតរថយន្ដ
ប្រើថាមពលអគ្គិសនីលំដាប់ខ្ពស់ Tesla Motors នាឆ្នាំ ២០០៣ ។ ប្រភពព័ត៌មានពី Bloomberg បានឱ្យ
ដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ជនជាតិអាហ្វ្រិកខាងត្បូង Elon Musk បានកើនឡើងថែម ៥៧០
លានដុល្លារ កាលពីយប់ថ្ងៃទី ៨ ខែសីហា កន្លងទៅ នៅពេលភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្ដអគ្គិសនី
Tesla Motors ដែលមានលោកជាស្ថាបនិកម្នាក់ដែរនោះ បានកើនឡើង ១៤% ។
កាលពីថ្ងៃទី ៨ សីហា ឆ្នាំ ២០១៣ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនី Tesla Motors បានប្រកាសថា
ប្រាក់ចំណេញរបស់ខ្លួនគឺ ២០សេន/ភាគហ៊ុន រួមទាំង ១៥សេន បានមកពីកម្មវិធីដាក់ឱ្យជួល។ ប្រការ
នេះធ្វើឱ្យក្រុមអ្នកវិភាគមានការភ្ញាក់ផ្អើល ដោយសារមុននេះ ពួកគេទស្សន៍ទាយថា ក្រុមហ៊ុន Tesla
Motors នឹងត្រូវខាត ២០សេន/ភាគហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ថែមទាំងបានអះអាងថា
ខ្លួននឹងរកប្រាក់បានច្រើនពេញមួយឆ្នាំនេះ ហើយថានឹងពង្រីកទៅកាន់ទីផ្សារអាស៊ី និងអឺរ៉ុបផងដែរ។
Elon Musk ថែមទាំងមានបំណង ផលិតយន្ដហោះល្បឿនលឿន ដំណើរការដោយ
ថាមពលអគ្គិសនីទាំងស្រុង ក្នុងពេលអនាគត។
Tesla Motors គឺជាក្រុមហ៊ុនផលិតរថយន្ដម៉ូដែល Model S ប្រើអគ្គិសនី ដ៏ល្បីល្បាញ។ រថយន្ដ
ដែលក្រុមហ៊ុននេះបានលក់ចេញក្នុងត្រីមាសទីពីរឆ្នាំ ២០១៣ មានចំនួន ៥,១៥០គ្រឿង គឺច្រើន
ជាងគម្រោងដែលក្រុមហ៊ុននេះបានគិត។ ការជួញដូរនៅផ្សារភាគហ៊ុននៅអាមេរិក កាលពីថ្ងៃទី
៨ សីហា កន្លងទៅក្រុមហ៊ុន Tesla Motors ដែលមានទីស្នាក់ការនៅក្រុង Palo Alto រដ្ឋ California
នេះ បានឈរនៅកម្រិត១៥៣,៤៨ ដុល្លារអាមេរិក ធ្វើឱ្យតម្លៃមូលធនទីផ្សាររបស់ Tesla Motors
កើនឡើងជាង ១៨,២ពាន់លានដុល្លារ។
គួររំឭកថា កាលពីដើមឆ្នាំនេះ ទស្សនាវដ្ដី Motor Trend បានជ្រើសរើសរថយន្ដ Model S របស់
Tesla Motors ជារថយន្ដដំណើរការដោយអគ្គិសនី ទ្វារ ៤ ដែលអាចបរបានលឿន ខ្លាំងក្លា ដូច
រថយន្ដកីឡា។ថ្វីបើមានល្បឿនលឿន ប៉ុន្ដែ Tesla Model S នាំមកនូវអារម្មណ៍ស្រួលខ្លួន ដូចអង្គុយ
ក្នុងរថយន្ដ Rolls-Royce និងធំទូលាយមិនចាញ់ Chevrolet Equinox ។
ជាមួយនិងតម្លៃភាគហ៊ុនរបស់ Tesla Motors បានកើនឡើងខ្ពស់ ដូច្នេះទ្រព្យសម្បត្តិរបស់មហា
សេដ្ឋី ElonMusk ដែលជាស្ថាបនិកម្នាក់របស់ Tesla Motors នោះ ក៏បានកើនឡើងបន្ថែម ៥៧០
លានដុល្លារ ក្នុងរយៈពេលតែមួយយប់ ពោលគឺនៅយប់ថ្ងៃទី ៨ សីហាកន្លង។ បច្ចុប្បន្ន បើតាមទំព័រ
Bloomberg ទ្រព្យសកម្មសរុបរបស់ Elon Musk គឺ ៧,៧ពាន់លានដុល្លារ កើនឡើង ២២០% កាលពី
ដើមឆ្នាំនេះ ហើយបច្ចុប្បន្ន លោកក៏ជាអ្នកមានជាងគេលំដាប់ទី ១៦២ ក្នុងពិភពលោក។
Elon Musk កើត និងធំឡើងនៅក្រុង Pretoria របស់អាហ្វ្រិកខាងត្បូង។ ក្នុងវ័យ ១២ឆ្នាំ Elon Musk
បានបង្ហាញសមត្ថភាពក្នុងវិស័យអវកាស នៅពេលដែលបានលក់ផ្នែកទន់ហ្គេម (game software)
Blastar ក្នុងតម្លៃ ៥០០ដុល្លារ។ បន្ទាប់ពីបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងរូបវិទ្យានៅអាមេរិក
Elon Musk បានចាប់ផ្ដើមបង្កើតការងារដោយឡែករបស់ខ្លួន នៅក្នុងវិស័យចំនួន៣ សំខាន់ៗ ដែល
លោកយល់ថា នឹងមានឥទ្ធិពលខ្លាំងក្នុងអនាគតរបស់មនុស្ស។ វិស័យទាំងនោះ រួមមាន អ៊ីនធើរ
ណិតថាមពលស្អាត និងវិស័យអវកាស។
ក្រៅពីការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX ដែលមានដើមទុន ១០០លានដុល្លារ Musk ក៏ជាស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្ដដំណើរការដោយថាមពលអគ្គិសនី Tesla Motors រួមនិង
ប្រព័ន្ធទូទាត់អនឡាញ PayPal ។ ចំណែកក្រុមហ៊ុន SolarCity ដែលមានសេវាកម្មផ្គត់ផ្គង់ថាមពល
ព្រះអាទិត្យក៏ត្រូវបានបង្កើតឡើងដោយ Elon Musk ។ បច្ចុប្បន្ន Elon Musk គឺជាអគ្គនាយកក្រុមហ៊ុន
បច្ចេកវិទ្យា SpaceX អគ្គនាយកផ្នែករចនារបស់ Tesla Motors និងជាប្រធានក្រុមប្រឹក្សាពិបាលរបស់
SolarCity ផងដែរ។
ក្នុងចំណោមក្រុមហ៊ុនរបស់លោក ក្រុមហ៊ុនអវកាស SpaceX បានក្លាយជាទីភ្នាក់ងារឯកជនដំបូង
ដែលទទួលបានជោគជ័យ ក្នុងការនាំយកយានទៅកាន់អវកាស និងត្រឡប់មកវិញដោយសុវត្ថិភាព
ជាគម្រោងដែលមុននេះ មានតែ ៣ប្រទេស គឺអាមេរិក រុស្ស៊ី និងចិន ប៉ុណ្ណោះដែលអាចធ្វើបាន។
ជោគជ័យខាងលើ មិនបានធ្វើឱ្យ Elon Musk ស្កប់ចិត្តនោះទេ ពេលនេះ លោក កំពុងនាំមុខក្នុងការ
ប្រជែងឡើងទៅកាន់អវកាស ដោយមានគោលដៅចុងក្រោយ គឺនាំមនុស្សឡើងភពព្រះអង្គារ។
នៅក្នុងកិច្ចសម្ភាសមួយកាលពីពេលថ្មីៗនេះ Elon Musk បានថ្លែងថា ថ្ងៃណាមួយខ្លួននឹងស្រាវជ្រាវ ផលិតយន្ដហោះល្បឿនលឿនដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង ដែលអាចហោះឡើង
និងចុះចត តាមរបៀបត្រង់ទៅលើ។
បើទោះជាមានទ្រព្យស្ដុកស្ដម្ភ ប៉ុន្ដែជីវិតអាពាហ៍ពិពាហ៍របស់ Elon Musk មិនទទួលបានជោគជ័យ
នោះទេ។ លោកធ្លាប់បានរៀបការចំនួនពីរលើក លើកទីមួយជាមួយអ្នកនិពន្ធ ចំណែកលើកទីពីរ
ជាមួយតារាសម្ដែង ប៉ុន្ដែពួកគេបានចែកផ្លូវគ្នាទៅហើយ។ មូលហេតុចម្បងគឺដោយសារតែលោក
“ញៀន” នឹងការងារខ្លាំងពេក៕
ដោយ ៖ តារា
ប្រភព ៖ Forbes/BBC/ Bloomberg