CamNews

បើកកិច្ចប្រជុំសន្ដិសុខនុយក្លេអែរនៅក្រុងសេអ៊ូល

កិច្ចប្រជុំកំពូលស្ដីពីវិធានការ ដើម្បីកាត់បន្ថយគ្រោះថា្នក់នៃអំពើភេរវកម្មនុយក្លេអែរនៅទូទាំង
ពិភពលោកនឹងត្រូវបានប្រារព្ធឡើងនៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នាថ្ងៃនេះ។

លោក Obama ក្នុងសន្និសិទកាសែតកាលពីម្សិលមិញបន្ទាប់ពីបានជួបជាមួយ
ក្រុមមន្ដ្រីកូរ៉េខាងត្បូង។

ក្នុងកិច្ចប្រជុំកំពូលនេះ មានការចូលរួមពីអ្នកតំណាងមកពីបណ្ដាប្រទេសជាង ៥០នៅទូទាំង
ពិភពលោក ក្នុងនោះមានប្រធានាធិបតិអាមេរិក Barack Obama ប្រធានាធិបតិរូស្ស៊ី លោក
Dmitry Medvedev និងប្រធានាធិបតិចិន លោក Hu Jintao។ល។

ព្រឹតិការណ៍ដែលមានរយៈពេល ២ថ្ងៃនេះ នឹងពិភាក្សាអំពីវិធីសាស្ដ្រដើម្បីកាត់បន្ថយការ
គំរាមកំហែងដោយភេរវកម្មនុយក្លេអែរ ប៉ុន្ដែតាមគម្រោង បញ្ហាកម្មវិធីអាវុធប្រល័យលោក
របស់កូរ៉េខាងជើងក៏នឹងលើកយកមកពិភាក្សាផងដែរ។

គួររំឮកថា រយៈពេលចុងក្រោយនេះ កូរ៉េខាងត្បូងបានបន្ថែមកងកម្លាំងជាច្រើនដើម្បីត្រៀម
ការពារសន្ដិសុខសម្រាប់កិច្ចប្រជុំកំពូល ដែលនឹងត្រូវបានប្រារព្ធឡើងនៅឯមជ្ឈមណ្ឌល
ពិព័រណ៍ និងសន្និសិទ(COEX) នៅរដ្ឋធានីសេអ៊ូល។

កិច្ចប្រជុំនៅកូរ៉េខាងត្បូងនេះ គឺជាព្រឹតិការណ៍បន្ដពីកិច្ចប្រជុំកំពូលដំបូងដែលត្រូវបានធ្វើ
ឡើងមុននេះពីរឆ្នាំនៅក្រុង Washington ដើម្បីចាប់ផ្ដើមកិច្ចខិតខំទប់ស្កាត់ការសាយភាយ
អាវុធនុយក្លេអែរ។

ចាប់តាំងពីសូវៀតដួលរលំកាលពីឆ្នាំ ១៩៩១ ពិភពលោកចាប់ផ្ដើមមានការព្រួយបារម្ភចំពោះ
បញ្ហាវត្ថុធាតុនុយក្លេអែរដែលអាចនឹងត្រូវបានធ្លាក់ទៅក្នុងដៃភេរវករ ឬក្រុមជ្រុយនិយមណា
មួយ។

នៅអាមេរិក ការព្រួយបារម្ភនេះបានកើនឡើង ក្រោយពីការវាយប្រហារដោយភេរវករទៅលើ
ក្រុង New York និង Washington កាលពីថ្ងៃ ១១កញ្ញា។ អាមេរិក និងក្រុមសម្ព័ន្ធមិត្តជឿថា
ក្រុម al-Qaeda កំពុងព្យាយាមរកវិធីដើម្បីអាចបង្កើតអាវុធវិទ្យុសកម្ម ឬនុយក្លេអែរ។

កាលពីខែមេសា ឆ្នាំ ២០១០ ប្រធានាធិបតិអាមេរិក លោក Obama បានរៀបចំកិច្ចប្រជុំកំពូល
មួយនៅក្រុង Washington ដែលបានពិភាក្សាអំពីការដាក់សារធាតុសម្រាប់ផលិតអាវុធនុយ
ក្លេអែរអោយស្ថិតនៅក្រៅសមត្ថភាពរបស់ក្រុមភេរវកម្មក្នុងអំឡុងពេល ៤ឆ្នាំខាងមុខ។

កិច្ចប្រជំនោះបានទទួលលទ្ធផលវិជ្ចមានមួយចំនួន ដូចជាប្រទេស Chile បានប្រគល់សារ
ធាតុនុយក្លេអែរដែលអាចធ្វើអាវុធបាន ទៅអោយអាមេរិក ខណៈដែល Kazakhstan ប្ដូរឃ្លាំង
ផ្ទុកសារធាតុដែលបានប្រើប្រាស់រួចទៅកន្លែងមានសុវត្ថិភាព ចំណែក Ukraine ក៏បានប្ដូរសារ
ធាតុដែលអាចបំបែកចេញពីគ្នា ទៅលាក់ទុកនៅក្នុងប្រទេសរូស្ស៊ី។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ជោគជ័យក្នុងកិច្ចប្រជុំកាលពី ២ឆ្នាំមុននោះក៏នៅមានកំណត់
ដោយសារតែទិសដៅដែលបានដាក់ចេញក្នុងឆ្នាំ ២០១០ មិនមានភាពប្រាកដនិយម មិនមាន
កាលវិភាគ និងគម្រោងច្បាស់លាស់។ ពេលនេះ បន្ទាប់ពីរយៈពេល ២ឆ្នាំ កិច្ចប្រជុំកំពូលដែល
ត្រូវបានរៀបចំនៅក្រុងសេអ៊ូលនេះនឹងខិតខំបង្កើតកម្លាំងចលករថ្មី ដើម្បីទប់ស្កាត់ការសាយ
ភាយអាវុធប្រល័យលោក៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AP, BBC

Tags: seoulconferencenuclearnuclear program