លោកប្រធានាធិបតិអាមេរិក Barack Obama និយាយគ្នាជាឯកជនជាមួយប្រធានាធិបតិ
រូស្ស៊ី លោក Dmitry Medvedev អំពីប្រព័ន្ធការពារកាំជ្រួចផ្លោងដែលកំពុងក្លាយជាបញ្ហាធំ
រវាងប្រទេសទាំងពីរ ដោយពុំបានដឹងថា ម៉ៃក្រូហ្វូននៅក្បែរនោះមិនទាន់បានបិទ។
លោក Barack Obama និង ប្រធានាធិបតិរូស្ស៊ី លោក Dmitry Medvedev
ក្នុងកិច្ចពិភាក្សាដោយឡែកនៅឯកិច្ចប្រជុំកំពូលស្ដីពីសន្ដិសុខនុយក្លេអែរ
Telegraph បានរាយការណ៍ថា ការជជែកគ្នារយៈពេលខ្លីដោយភាសាអង់គ្លេសរបស់លោក
Obama និងលោក Medvedev ត្រូវបានថតជាប់ដោយម៉ៃក្រូហ្វូនដោយមិនដឹងខ្លួន។
នៅក្នុងការជជែកគ្នានេះ លោក Obama បានថ្លែងថា ៖ "ក្នុងបញ្ហាទាំងឡាយ ជាពិសេសគឺ
ប្រព័ន្ធការពារកាំជ្រួចផ្លោង បញ្ហានេះអាចនឹងត្រូវបានដោះស្រាយ ប៉ុន្ដែសំខាន់គឺគាត់នោះ
(នាយករដ្ឋមន្ដ្រីរូស្ស៊ី លោក Vladimir Putin)ត្រូវតែទុកឱកាសអោយខ្ញុំមួយរយៈ"។
ប្រធានាធិបតិរូស្ស៊ីឆ្លើយតប ៖ "អូរ! ខ្ញុំយល់។ ខ្ញុំយល់ពីសាររបស់លោក អំពីរយៈពេល។ រយៈ
ពេលសម្រាប់លោក"។
លោក Obama ថ្លែងបន្ដ ៖ "នេះគឺជាការប្រជែកឆ្នោតចុងក្រោយរបស់ខ្ញុំ។ បន្ទាប់ពីការបោះ
នេះ ខ្ញុំនឹងធ្វើបានល្អជាងនេះ"។
លោក Medvedev សង្កត់ធ្ងន់ថា ៖ "ខ្ញុំយល់។ ខ្ញុំនឹងបញ្ជូនសារនេះទៅ Vladimir (Putin)"។
ការសន្ទនារយៈពេល ៩០នាទីរបស់ប្រធានាធិបតិអាមេរិក និងរូស្ស៊ី បានត្រូវធ្វើឡើង នៅ
ក្រៅកិច្ចប្រជុំកំពូលសន្ដិសុខនុយក្លេអែរលើកទីពីរ។ ប្រធានាធិបតិអាមេរិកបានអោយដឹង
ថា លោក និងប្រធានាធិបតិរូស្ស៊ីព្រមព្រៀងជាមួយគ្នា ក្នុងកិច្ចខិតខំផ្នែកការទូតដើម្បីបញ្ចប់
ការបង្ហូរឈាមនៅស៊ីរី ទន្ទឹមនឹងនេះក៏នឹងធានាអោយមានការបង្កើតរដ្ឋាភិបាលស្របច្បាប់
មួយនៅទីនោះ។
ប្រធានាធិបតិរូស្ស៊ី និងអាមេរិកពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់។ ប្រធានាធិបតិ
ទាំងពីរបានបង្ហាញនូវការគាំទ្រសម្រាប់ការខិតខំផ្នែកការទូតរបស់សមាជិកទាំង ៥របស់ក្រុម
ប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ និងប្រទេសអាឡឺម៉ង់ដើម្បីបញ្ចប់ភាពទាល់ច្រក នា
ពេលបច្ចុប្បន្ន។ លោក Obama ថ្លែងថា ៖ "យើងខ្ញុំបានព្រមព្រៀងគ្នាថា ការចចារ ៥ភាគី+១
និងអ៊ីរ៉ង់នឹងត្រូវបានប្រកាសក្នុងពេលខាងមុខ"។
ចំពោះការដែលលោក Obama បាននិយាយថា ត្រូវការពេលវេលានោះ គេអាចសន្និដ្ឋានថា
ការយល់ឃើញរបស់រូស្ស៊ី និងអាមេរិកចំពោះបញ្ហាប្រព័ន្ធការពារកាំជ្រួចនៅអ៊ឺរ៉ុបនឹងពិបាក
ដោះស្រាយនៅមុនការបោះឆ្នោតប្រធានាធិបតិអាមេរិកនាចុងឆ្នាំនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Telegraph