CamNews

Moscow ត្រូវបានពង្រីកទំហំទ្វេដង

រដ្ឋធានីរបស់ប្រទេសរុស្ស៊ី កាលពីម្សិលមិញ ទទួលបានផ្ទៃដីទំហំ ១៥០,០០០ហិចតា ពីតំបន់ភាគ
ឦសាន ក្បែរក្រុងមួយនេះ ដោយយោងទៅតាមគម្រោងពង្រីកដែលត្រូវបានអនុម័តដោយនាយក
រដ្ឋមន្ដ្រី Dmitry Medvedev កាលពីឆ្នាំទៅ។

ផ្ទៃដីថ្មីរបស់រដ្ឋធានី Moscow ​រួមមានទីក្រុងចំនួន ២ ក្នុងតំបន់រដ្ឋធានី គឺ Shcherbinka និង Troitsk
ក៏ដូចជា តំបន់តូចៗ ចំនួន ១៩ផ្សេងទៀត។ ក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ប្រជាពលរដ្ឋ
ប្រមាណជា ២៣២.០០០នាក់ បានក្លាយជាអ្នករដ្ឋធានី។

ផ្ទៃដីដែលត្រូវបានពង្រីកទ្វេដងនេះ ក៏ជួយអោយក្រុង Moscow ​អាចបន្ថយបាន នូវកម្រិតដង់ស៊ីតេ
ពី ១០,៧០០នាក់ មកនៅ ៤.៦០០នាក់/គីឡូម៉ែត្រការ៉េ។

RIA Novosti ​ដកស្រង់សំដីចៅហ្វាយក្រុង Moscow លោក Sergei Sobyanin ​កាលពីម្សិលមិញ បាន
អោយដឹងថា ការពង្រីកក្រុង គឺដើម្បីជួយរំដោះការស្ទះចរាចរណ៍នៅកណ្ដាលក្រុង ដែលនឹងអនុញ្ញាត
អោយប្រជាជននៅក្នុងក្រុង បានរីកចម្រើនប្រកបដោយភាពត្រឹមត្រូវ។

លោកចៅហ្វាយក្រុងក៏បានអះអាងថា ការពង្រីកក្រុង នឹងជួយបង្កើតការងារថ្មីៗច្រើនបន្ថែមទៀត។
មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីនឹងត្រូវបានបង្កើតឡើងនៅ Troitsk និង​ Skolkovo ខណៈដែលមជ្ឈមណ្ឌល
ហិរញ្ញវត្ថុអន្ដរជាតិនឹងត្រូវបានបង្កើតឡើងក្បែរផ្លូវហាយវេ Rublyovo-Arkhangelskoye ។

បច្ចុប្បន្ន ក្រុង Moscow ​គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំជាងគេទាំង ១០ ក្នុងពិភពលោក ដោយ
មានពលរដ្ឋចុះឈ្មោះជាផ្លូវការឡើងដល់ ១០,៥លាននាក់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

 


Tags: russia Moscow size