(ក្រុងរីយ៉ូ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងប្រាប់ Fresh News ពីប្រេស៊ីលមកថា អត្តពលិកកម្ពុជា កីឡាការិនី ហែម ថុនវិទិនី បានត្រឹមតែបំបែកកំណត់ត្រាចាស់របស់ខ្លួន ដោយបានត្រឹមជាប់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រេស៊ីល។
កីឡាការិនី ហែម ថុនវិទិនី បានត្រឹមបំបែកកំណត់ត្រាចាស់ ដោយប្រើពេលតែ ២៩.៣៧វិនាទី ក្នុងការហែលចម្ងាយ ៥០ម៉ែត្រសេរី ខណៈដែលកំណត់ត្រាចាស់កាលពី៤ឆ្នាំមុននៅ Olympic Games 2012 ទីក្រុងឡុងដ៍ មានរហូតដល់ ៣០.៤៤នាទី។
ការបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤នេះ មានន័យថា កញ្ញា ហែម ថុនវិទិនី មិនអាចឡើងទៅប្រកួតក្នុងជុំទី២បន្តទៀតបានទេ ជាមួយនឹងដៃគូ កីឡាករ ពូ សុវិជ្ជា ហែលចម្ងាយ ១០០ម៉ែត្រសេរី ក៏បានជ្រុះក្នុងជុំដំបូងដូចគ្នា។
សូមបញ្ជាក់ថា ប្រភេទកីឡាហែលទឹករបស់កម្ពុជា នៅ Olympic Games 2016 បានបញ្ចប់ហើយ នៅសល់តែប្រភេទកីឡា៣ទៀតមាន កីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ ដែលមិនទាន់ដល់វេនប្រកួត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង