ប្រជាជនទូទាំងប្រទេស មានការសោកស្ដាយបំផុត នៅពេលទទួលព័ត៌មានថា អគ្គមេបញ្ជាការកងទ័ពដំបូង របស់វៀតណាម លោក វ័រ ង្វៀនហ្ស៊ាប (Vo Nguyen Giap) បានទទួលមរណភាព កាលពីវេលាម៉ោង ១៨ និង ៩នាទី ថ្ងៃទី ៤តុលា នៅមន្ទីរពេទ្យយោធា ១០៨ (ហាណូយ) ខណៈដែលលោកឈានចូលវ័យ ១០៣ ឆ្នាំ។
មនុស្សមួយចំនួន ថែមទាំងបាននាំគ្នាក្រាបសំពះ គោរពដល់វិញ្ញាណក្ខន្ធអ្នកស្នេហាជាតិរូបនេះរបស់ពួកគេ។
ប្រជាជន រាប់រយនាក់ បាននាំគ្នាមកជួបជុំ នៅតាមដងផ្លូវ ខាងមុខផ្ទះរបស់ លោក វ័រ ង្វៀនហ្ស៊ាប និងគ្រួសារ ដែលបានរស់នៅតាំងពីឆ្នាំ ១៩៥៤
ដំណឹងមរភាពរបស់អតីតអ្នកមានអំណាចបំផុតទីពីរ បន្ទាប់ពី ហូជីមិញ នេះ បាននាំឱ្យប្រជាជនវៀតណាមទូទៅ មានការសោកស្ដាយយ៉ាងក្រៃលែង។ ជាក់ស្ដែង កាលពីព្រលប់ ថ្ងៃទី ៥ កន្លងទៅ ប្រជាជនក្រុង ហាណូយ បាននាំគ្នាមកកាន់ផ្ទះលេខ ៣០ Hoang Dieu ជាទីដែលអតីតអគ្គមេបញ្ជាការកងទ័ព និងគ្រួសារ ធ្លាប់រស់នៅ ដើម្បីសម្ដែងមនោសញ្ចេតនា ការគោរពដឹងគុណ បន្ទាប់ពីទទួលដំណឹងថា អ្នកស្នេហាជាតិរូបនេះ បានទទួលមរណភាព។
ប្រជាជនបានចាត់ទុកថា មរណភាពរបស់កំពូលមេដឹកនាំកងទ័ពដែលធ្លាប់បានច្បាំងឈ្នះបារាំង និងអាមេរិក រូបនេះ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសជាតិ។
បន្ទាប់ពីបានទទួលមរណភាព នៅបរិវេណខាងក្រៅភូមិគ្រឹះរបស់អតីតមេទ័ពដែលធ្លាប់មានស្នាដៃរំដោះជាតិដល់ទៅពីរលើករូបនេះ គេមិនទាន់ឃើញមានរៀបចំដាក់តុ ឬទីសករៈណាមួយ ដើម្បីឱ្យប្រជាជន មកអុជធូប ឬដាក់ផ្កា ដើម្បីសម្ដែងការគោរពដឹងគុណ។ ដោយមិនត្រូវបានអនុញ្ញាតឱ្យចូលខាងក្នុង ប្រជាជនមួយចំនួន ក៏បានយកផ្កាមកដាក់នៅក្បែររបងខាងក្រៅ។
ក្រោយមក ផ្កាដែលត្រូវបានប្រជាជននាំមក គឺត្រូវមន្ដ្រីនគរបាលបញ្ជូនចូលខាងក្នុងផ្ទះ
បន្ទាប់ពីបានឃើញប្រជាជនមកច្រើន កូនប្រុស និងកូនស្រីរបស់សពលោក វ័រ ង្វៀនហ្ស៊ាប ក៏ចេញមកដល់ក្លោងទ្វារ ដើម្បីសម្ដែងការអរគុណ។ ប៉ុន្ដែ ចាប់ពីល្ងាចថ្ងៃទី ៦នេះ ភូមិគ្រឹះដែលមានសភាពចាស់ទ្រុឌទ្រោមរបស់គ្រួសារនេះ នឹងបើកទ្វារទទួលប្រជាជន មកចូលរួមរំលែកទុក្ខ។
ហូជីមិញ(Ho Chi Minh) និង វ័រ ង្វៀន ហ្ស៊ាប (Vo Nguyen Giap) នៅទីបញ្ជាការយុទ្ធនាការព្រំដែន ឆ្នាំ ១៩៥០
លោក វ័រ ង្វៀនហ្ស៊ាប កាលពីនៅមានជីវិត
គួររំឭកថា លោក វ័រ ង្វៀនហ្ស៊ាប កើតនៅថ្ងៃទី ២៥សីហា ឆ្នាំ ១៩១១ នៅខេត្រ ក្វាងប៊ិញ។ លោកបានក្លាយជាមេដឹកនាំយោធាដំបូងរបស់វៀតណាម។ ក្នុងយុទ្ធនាការធំៗ ប្រឆាំងបារាំង និងអាមេរិក លោកគឺជាមេបញ្ជាការផ្ទាល់ ក្នុងសមរភូមិ។ ពិសេស កេរឈ្មោះរបស់លោក ត្រូវបានគេស្គាល់ច្រើន តាមរយៈជ័យជំនះលើបារាំង នៅ ដៀនបៀនហ្វ៊ូ ឆ្នាំ ១៩៥៤ និងក្រុងសាយហ្គន ឆ្នាំ ១៩៧។
បន្ទាប់ពីដណ្ដើមបានវៀតណាមខាងត្បូង និងទទួលបានឯករាជ វ័រ ង្វៀនហ្ស៊ាប បានក្លាយជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការពារជាតិ (រហូតដល់ឆ្នាំ ១៩៨០)។ ចាប់ពីឆ្នាំ ១៩៨១ ដល់ ១៩៩១ លោកជា អនុប្រធានគណៈរដ្ឋមន្ដ្រី ហើយលោកក៏ជាតំណាងរាស្ដ្រ ចាប់ពីនីតិកាលទី១ ដល់ទី ៧ ។
ដោយ ៖ តារា
ប្រភព ៖ VE