CamNews

ជីវិត និងការងារ 

កសិករខ្មែរ នាំសាច់កណ្ដុរ ទៅលក់នៅប្រទេសក្រៅ ៖ តម្លៃ ២,៥ដុល្លារ ក្នុងមួយគីឡូក្រាម

បណ្ដាវាលស្រែនៅកម្ពុជា គឺសម្បូរទៅដោយសត្វកណ្ដុរ ដោយក្នុងមួយថ្ងៃៗ កណ្ដុររាប់ម៉ឺនក្បាល
ត្រូវបានគេចាប់ ជាប់អន្ទាក់ ហើយត្រូវបានយកទៅធ្វើជាផលិតផលនាំចេញទៅក្រៅប្រទេស។
កណ្ដុរស្រែ នៅកម្ពុជា ត្រូវបានគេចាត់ទុកថា ជាអាហារពិសេសសម្បូរជាតិបំប៉ន។

កណ្ដុរ​ស្រែ ត្រូវ​បាន​គេ​និយម​ហូប​ នៅ​កម្ពុជា


រដូវកាលដែលមានសកម្មភាពចាប់កណ្ដុរច្រើនបំផុត គឺនៅក្នុងខែឧសភា និងខែកក្កដា។ នៅក្នុង
អំឡុងពេលនេះ កណ្ដុរមិនសូវជាមានចំណីច្រើន បូករួមនឹងខែភ្លៀងផងនោះ វានឹងនាំគ្នាឡើងទៅ
កាន់តំបន់ដីខ្ពស់ ហើយក៏ត្រូវជាប់អន្ទាក់។ ឈឿន ឈឹម ដែលជាកសិករម្នាក់ អាយុ ៣៧ឆ្នាំ នៅ
កំពង់ចាម ឱ្យដឹងថា គាត់មានអន្ទាក់ចំនួន ១២០គ្រឿង។ ឈឿន ឈឹម បានប្រាប់ទំព័រ BBC ថា
៖ “កណ្ដុរស្រែ មានលក្ខណៈខុសប្លែងពីកណ្ដុរក្រុង ឬកណ្ដុរក្នុងភូមិ។ កណ្ដុរស្រុក ឬកណ្ដុរក្រុង
តែងតែស្មោកគ្រោក និងមានរមាស់ពេញខ្លួន ចំណែកកណ្ដុរស្រែវិញ វាស៊ីតែស្រូវ បន្លែ រួម​នឹង
ស្មៅ”។ ឈឿន ឈឹម បានឱ្យដឹងថា ប្រសិនហេង គាត់អាចរកបាន ២៥គីឡូក្រាមក៏មាន ហើយ
ថា កណ្ដុរស្រែ មានរសជាតិប្រហាក់ប្រហែលនឹងសាច់ជ្រូក។

ឈឿន ឈឹម កំពុង​នាំ​យក​កណ្ដុរ ទៅ​លក់​ក្នុង​តំបន់​នានា ក្បែរ​ព្រំ​ដែន​ កម្ពុជា វៀត​ណាម


ចំណែកលោក ជីន ចន ដែលជាអ្នកចាប់កណ្ដុរម្នាក់ទៀត និយាយថា ៖ “យើងខ្ញុំ ចាប់កណ្ដុរទៅ
លក់ ដើម្បីយកប្រាក់ទៅទិញសាច់ត្រី”។  ប៉ុន្ដែ គាត់សារភាពថា តាមពិត កណ្ដុរ ក៏មិនមែនជា
អាហារ ដែលគាត់ចូលចិត្តនោះដែរ ។ លោក  ជីន ចន គឺជាអ្នកទទួលទិញសត្វកណ្ដុ្រ  ពីប្រជា
កសិករក្នុងតំបន់  ដើម្បីវិចខ្ចប់ និងនាំចេញទៅក្រៅប្រទេស។  កណ្ដុរទាំងអស់ដែលគាត់បាន
ប្រមូលទិញ នឹងត្រូវបាននាំទៅលក់ នៅប្រទេសវៀតណាម។

រីឯ លោក ឆេង អាន ដែលកំពុងត្រៀមខ្លួននឹងធ្វើដំណើរទៅប្រគល់ទំនិញ (កណ្ដុរ) នៅទឹកដីវៀត
ណាម បានប្រាប់ថា សាច់កណ្ដុរ អាចយកមកចំអិនជាអាហារ តាមរយៈការលីងសាច់ អាំង ស្ងោរ
ឬធ្វើជាសាច់ប៉ាតេ។ បុរសនេះ បង្ហើបឱ្យដឹងថា សត្វកណ្ដុរនៅ វៀតណាម មានតម្លៃខ្ពស់ ជាងនៅ
កម្ពុជា។

កណ្ដុរកម្ពុជា ត្រូវបាននាំចេញ ទៅលក់នៅវៀតណាម (រូប ៖ វ៉ាន់ រឿន)

 

នៅក្នុងរដូវកាលចាប់កណ្ដុរ សេង សំបូរ ដែលជាអ្នកជំនួញតូចម្នាក់ អាយុ ៤៦ឆ្នាំ នៅកម្ពុជា ឱ្យ
ដឹងថា ខ្លួននាំចេញកណ្ដុរទៅលក់នៅ វៀតណាម ក្នុងមួយខែ បានប្រមាណជា ២តោន។ ក្នុង
រយៈពេល ១៥ឆ្នាំមកនេះ មុខជំនួញរបស់អ្នកស្រី បានកើនឡើង ១០ដង។ ដំបូងឡើយ សាច់
កណ្ដុរ មានតម្លៃតែ ០,២០ដុល្លារ ក្នុងមួយគីឡូក្រាម ប៉ុន្ដែ បច្ចុប្បន្ន វាបានឡើងដល់ ២,៥ដុល្លារ
ហើយតម្រូវការនៃទីផ្សារ ក៏កើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នក​ជួញ​ដូរ​សាច់​កណ្ដុរ ជន​ជាតិ​វៀត​ណាម មក​កម្ពុជា ដើម្បី​ទិញ​កណ្ដុរ


លោក ហ៊ាន វ៉ានហន មន្ដ្រីម្នាក់របស់ក្រសួងកសិកម្មនៃកម្ពុជា មានប្រសាសន៍ថា មុខជំនួញសាច់
កណ្ដុរ ក៏ជួយការពារស្រូវអង្ករ ដំណាំ​ ពីការបំផ្លាញរបស់សត្វកណ្ដុរផងដែរ។ លោកថ្លែងថា ៖
“ការប្រមាញ់កណ្ដុរស្រែ មកធ្វើជាអាហារ ឬយកទៅលក់ បានជួយរក្សាដំណាំស្រូវមិនតិចនោះ
ទេ”។

អ្នក​ជំនួញ​សាច់​កណ្ដុរ​ខ្លះ ត្រូវ​ធ្វើ​កណ្ដុរ​ដោយ​ខ្លួន​ឯង មុន​នឹង​យក​សាច់​ទៅ​លក់


នៅក្បែរព្រំដែន កម្ពុជា វៀតណាម ក្នុងតំបន់កោះធំ ធឿង ត្វឹន (អាយុ ៣០ឆ្នាំ) កំពុងតែលាត់
ស្បែកកណ្ដុរ ហើយនៅក្បែរនាង គឺមាន “ជំនួយការ” ម្នាក់ អាយុ ១៣ឆ្នាំ ឈ្មោះ មិញ តួនាទី
របស់អ្នកជំនួយការនេះ គឺចាប់យកកណ្ដុរចេញពីទ្រុង និងសម្លាប់វា។ គ្រួសារជនជាតិវៀតណាម
មួយនេះ គឺជាមូលដ្ឋានជំនួញធំបំផុត នៅស្រុកខ្មែរ ក្បែរច្រកព្រំដែន កោះធំ។ នាងធឿង ត្វឹន
និយាយថា “អតិថិជនជាច្រើន ក្នុងតំបន់ និងក្រៅតំបន់ តែងតែចូលចិត្តមកទិញសាច់កណ្ដុរពីគ្រួ
សារខ្ញុំ។ ពួកគេចូលចិត្តកណ្ដុរធាត់ វាឆ្ងាញ់ជាងសាច់ជ្រូកទៅទៀត៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC


Tags: Cambodia mouse export