ព័ត៌មានកីឡា៖ អតីតស្ដេចប្រដាល់ស្បែកខ្មៅសញ្ជាតិអាមេរិក មានប្រវត្ដិប្រកួតមិនធ្លាប់ចាញ់សោះ ឈ្មោះ Floyd Mayweather បានសម្រេចលើគម្រោងរបស់ខ្លួន ថាគ្រោងនឹងលក់សំបុត្រ ចូលជួបកីឡាករដោយផ្ទាល់ ក្នុងតម្លៃ ២០០០ ផោន ក្នុងឱកាសដំណើរទស្សនៈកិច្ចកម្សាន្ដជោគជ័យ (European Victory Tour) នៅក្នុងទឹកដីអឺរ៉ុប នាខែក្រោយនេះ ។
Floyd Mayweather បានត្រៀមខ្លួនបង្កើតប្រាក់ចំណូលតាមរយៈការលក់សំបុត្រចូលជួបជាមួយនឹងកីឡាករផ្ទាល់ក្នុងឱកាសដំណើរទស្សនៈកិច្ចកម្សាន្ដក្នុងទឹកដីអឺរ៉ុប ខណៈដែល ប្រទេសចំនួន ពីរមានដូចជា Russia និង Turkey បូករួមទាំង India ក្នុងទឹកដីអាស៊ី ក៏ត្រូវបានកីឡាករធ្វើដំណើររួចរាល់ហើយដែរ។ ចំពោះគម្រោងបន្ទាប់ដែលកីឡាករត្រៀមខ្លួនទៅគឺ ប្រទេសចក្រភពអង់គ្លេស និងទីក្រុងចំនួន៨ នៅទីនោះ ដែលកីឡាករបានធ្វើការកំណត់នឹងទៅ។
ទីក្រុងដំបូងបំផុតនៅថ្ងៃទី១ ដែលកីឡាករគ្រោងនឹងចូលកម្សាន្ដ ជួបជាមួយ អ្នកគាំទ្ររបស់ខ្លួនគឺទីក្រុង CARDIFF នៅថ្ងៃទី២ គឺ BRISTOL ថ្ងៃទី៤ LONDON ថ្ងៃទី៥ GLASGOW ថ្ងៃទី៧ SHEFFIELD ថ្ងៃទី១១ MANCHESTER ថ្ងៃទី១២ BIRMINGHAM នឹងថ្ងៃទី១៤ នៅទីក្រុង BEDFORD។
ដកស្រង់ពាក្យសម្ដីរបស់ Floyd បា្រប់ទៅដល់អ្នកការសែតបានថ្លែងថា » ខ្ញុំមិនអាចបំភ្លេចអ្នកគាំទ្ររបស់ខ្ញុំទាំងអស់នៅក្នុងទឹកដីចក្រភពអង់គ្លេសនោះទេ ហើយពួកយើងនឹងជួបគ្នានៅទីនោះ»។
គូសបញ្ជាក់ផងដែរថា សម្រាប់តម្លៃសំបុត្រចូលជួបផ្ទាល់ជាមួយកីឡាករត្រូវបានប្រែប្រួលតម្លៃ ទៅតាមទីក្រុង ដូចជាទីក្រុង Glasgow ៤៥០ ផោន, ទីក្រុង London ៦០០ ផោន និង Manchester ១០០០ ផោន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Daily Mail