CamNews

ព័ត៌មានបច្ចេកវិទ្យា 

បាតុភូតធម្មជាតិសំខាន់ៗដែលអាចមើលឃើញក្នុងឆ្នាំ ២០១៧

ភ្លៀងអាចម៍ផ្កាយ ឬចន្ទគ្រាសគឺជាបាតុភូតធម្មជាតិដែលកើតឡើងនៅក្នុងអវកាសនាឆ្នាំ ២០១៧
ដែលប្រជាជនខ្មែរអាចមើលឃើញ។ ខាងក្រោមនេះគឺជាបណ្ដាបាតុភូតអវកាសដែលនឹងកើត
ឡើងក្នុងឆ្នាំ ២០១៧។

ភ្លៀងអាចម៍ផ្កាយ Quadrantids

នៅដើមឆ្នាំនេះ ប្រជាជនកម្ពុជានឹងអាចទស្សនាភ្លៀងអាចម៍ផ្កាយដែលមានអាចម៍ផ្កាយតូចៗធ្លាក់
ចុះប្រហែល ៤០ ក្នុងមួយម៉ោង។ ពេលវេលាដែលអាចមើលឃើញបាតុភូតនេះគឺចាប់ពីថ្ងៃទី ២៨ធ្នូ
ឆ្នាំ ២០១៦ ដល់ថ្ងៃ១២ មករា ឆ្នាំ ២០១៧។

ចន្ទគ្រាសពាក់កណ្ដាល

ចន្ទគ្រាសពាក់កណ្ដាលកើតឡើង នៅពេលព្រះចន្ទហោះកាត់តំបន់ងងឹតពាក់កណ្ដាលដែល
បង្កើតឡើងដោយស្រមោលផែនដី។ អ្នកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចមើលឃើញបាតុភូតនេះ
នៅព្រឹកព្រលឹមនៃថ្ងៃទី ១១កុម្ភៈ។

ភ្លៀងអាចម៍ផ្កាយ Lyrids

ជាមួយនឹងការធ្លាក់អាចម៍ផ្កាយ ប្រហែល ២០ដុំ/ម៉ោង ភ្លៀងអាចម៍ផ្កាយ Lyrids ត្រូវបានវាយតម្លៃ
ថាជាប្រភេទមធ្យម។ វាតែងតែបង្ហាញខ្លួនជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៦ ដល់ ២៥មេសា។

ភ្លៀងអាចម៍ផ្កាយ Eta Aquarid

ភ្លៀងអាចម៍ផ្កាយ Eta Aquarid កើតឡើងរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១៩មេសា ដល់ ២៨ឧសភា។
ភ្លៀងអាចម៍ផ្កាយនេះ មានប្រភពមកពីផ្កាយដុះកន្ទុយ 1P/Halley។

ភ្លៀងអាចម៍ផ្កាយ Delta Aquarid

ភ្លៀងអាចម៍ផ្កាយ Delta Aquarid កើតឡើងរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ១២កក្កដា ដល់ថ្ងៃទី ២៣
សីហា។ ភ្លៀងអាចម៍ផ្កាយ Delta Aquarid កើតឡើងដោយសារដុំថ្មដែលបែកចេញពីផ្កាយដុះ
កន្ទុយ 96P Machholz។

ចន្ទគ្រាសមួយផ្នែក

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គេអាចមើលឃើញបាតុភូតចន្ទគ្រាសនេះ នៅថ្ងៃទី ៧សីហា។ បាតុ
ភូតនេះអាចមើលឃើញដោយភ្នែកធម្មតា មិនបាច់ប្រើឧបករណ៍ជំនួយ។

ភ្លៀងអាចម៍ផ្កាយ Perseids

ភ្លៀងអាចម៍ផ្កាយ Perseids កើតឡើងក្នុងខែសីហារៀងរាល់ឆ្នាំ ហើយអ្នកអាចមើលឃើញច្បាស់
បំផុតក្នុងយប់នៃថ្ងៃទី ១២ និងទាបភ្លឺថ្ងៃទី ១៣សីហា។ ភ្លៀងអាចម៍ផ្កាយ Perseids គឺកើតឡើង
ដោយសារបំណែកដែលនៅសល់របស់ផ្កាយដុះកន្ទុយ 109P/ Swift-Tuttle។

ភ្លៀងអាចម៍ផ្កាយ Orionids

អ្នកចូលចិត្តវិស័យតារាសាស្ដ្រ អាចទស្សនាភ្លៀងអាចម៍ផ្កាយ Orionids ចាប់ពីថ្ងៃទី ២តុលា ដល់
ថ្ងៃទី ៧វិច្ឆិកា។

ភពសុក្រ និងភពព្រហស្បតិ៍ (Venus and Jupiter) ជួបគ្នា

ក្នុងថ្ងៃទី ១៣ វិច្ឆិកា ភពទាំងពីរខាងលើនឹងនៅក្បែរគ្នា ហើយវាហាក់ដូចជិតប៉ះគ្នាពេលមើលពី
ផែនដី។ អ្នកអាចទស្សនាបាតុភូតនេះនៅវេលាទាបភ្លឺនៃថ្ងៃខែខាងលើ ដោយមើលទៅទិសខាង
លិច មុនពេលព្រះអាទិត្យរះ។

ភ្លៀងអាចម៍ផ្កាយ Leonids

អ្នកអាចទស្សនាភ្លៀងអាចម៍ផ្កាយ Leonids នៅយប់នៃថ្ងៃទី ១៧ និងព្រឹកព្រលឹមថ្ងៃទី ១៨វិច្ឆិកា។
អាចម៍ផ្កាយនេះ កើតឡើងដោយសារបំណែករបស់ផ្កាយដុះកន្ទុយ Tempel-Tuttle។

ព្រះចន្ទយក្ស

ថ្ងៃទី ៣ធ្នូ ឆ្នាំ ២០១៧ ព្រះចន្ទនឹងនៅក្បែរផែនដីបំផុត ហើយវាមានសភាពធំជាងធម្មតា។ នេះគឺ
ជាបាតុភូតព្រះចន្ទយក្សក្នុងឆ្នាំ ២០១៧។

ភ្លៀងអាចម៍ផ្កាយ Geminids

នេះគឺជាភ្លៀងអាចម៍ផ្កាយធំបំផុតក្នុងឆ្នាំ ២០១៧។ អ្នកអាចគយគន់វានៅយប់ថ្ងៃទី១៣ និងទាបភ្លឺ
ថ្ងៃទី ១៤ធ្នូ។ ដើម្បីបានទស្សនាភ្លៀងអាចម៍ផ្កាយនេះ អ្នកត្រូវមើលទៅទិសខាងកើតនៅវេលា
កណ្ដាលយប់ និងត្រង់ពីលើក្បាល នៅវេលាម៉ោង១យប់ ហើយវាឆ្ពោះទៅទិសខាងលិចបន្តិចម្ដងៗ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ nationalgeographic


Tags: បាតុភូតធម្មជាតិ ឆ្នាំ ២០១៧ ភ្លៀងអាចម៍ផ្កាយ ព្រះចន្ទយក្ស ចន្ទគ្រាស