បណ្ដាកាយវិការហាត់ប្រាណដែលនឹងណែនាំក្នុងអត្ថបទនេះ នឹងជួយធ្វើឱ្យសាច់ដុំបានរឹងមាំ ព្រមទាំងជួយដុតរំលាយជាតិខ្លាញ់ក្នុងរាងកាយ។ ដោយគ្រាន់តែចំណាយពេល ១៥នាទីរៀងរាល់ថ្ងៃ សម្រាប់ហាត់ នោះអ្នកនឹងមានរូបរាងស្រឡូន ទាក់ទាញមិនខាន ក្រោយពីមួយរយៈពេលខ្លី។
Alli McKee គ្រូបង្វឹកផ្នែកកាយសម្បទាដ៏ល្បីឈ្មោះនៅ Baltimore ឱ្យដឹងថា ៖ “លំហាត់ប្រាណគឺជាវិធីលឿនបំផុតដើម្បីបង្កើតភាពមាំមួយដល់ផ្នែកខាងក្រោមនៃរាងកាយ ដោយសារតែវាជួយដុតកំទេចជាតិខ្លាញ់សល់ក្នុងរាងកាយ និងជួយឱ្យសាច់ដុំបានរឹងមាំ” ។
ក្បាច់ហាត់ប្រាណខាងក្រោមនេះ ត្រូវបាន Alli McKee អនុវត្តសម្រាប់សិស្សទាំងឡាយរបស់អ្នកស្រី ហើយបាននាំមកនូវលទ្ធផលយ៉ាងគាប់ប្រសើរ។
កាយវិការទី ១
ឈរត្រង់ខ្លួន ជាមួយខ្សែកៅស៊ូ រឹបជើងទាំងពីរ នៅក្រោមជង្គង់ និងបន្ទន់ទង្គង់បន្ដិច។ រក្សាខ្សែកៅស៊ូឱ្យតឹង បោះជើងឆ្វេងទៅខាងជារាងអក្សរ A រួចដកជើងមកវិញ បន្ទាប់មកប្ដូរមកជើងស្ដាំវិញម្ដង។ បញ្ចេញកាយវិការបែបនេះ ឱ្យបានពី ៣០ ទៅ ៤០ដង។ នៅក្នុងពេលហាត់ អ្នកត្រូវប្រាកដថា ខ្សែកៅស៊ូនេះ ត្រូវបានរក្សាឱ្យតឹង និងនៅកន្លែងដដែល។
កាយវិការទី ២
បោះជើងស្ដាំទៅមុខមួយជំហានធំ រួចបន្ទន់ជង្គង់ទាំងពីរ ដូចក្នុងរូបខាងលើ។ បន្ទាប់មក ក្រោកឈរ និងដកជើងស្ដាំមកវិញ។ អនុវត្ដកាយវិការនេះ ឱ្យបានពី ១០ ទៅ ១២ដង ទើបបន្ដដោយប្ដូរជើង។
កាយវិការទី ៣
ក្នុងក្បាច់នេះ អ្នកនឹងហាត់ជាមួយដុំដែក។ បោះជើងទាំងពីរមកសងខាងឱ្យធំល្មម ចុងជើងត្រូវងាកចេញក្រៅបន្ដិច ដោយក្នុងដៃត្រូវកាន់ដុំដែក ដូចក្នុងរូបខាងលើ។ បន្ទន់ជង្គង់កាន់តែទាប កាន់តែល្អ។ ពេលបន្ទន់ជង្គង់ ត្រូវដាក់ទម្ងន់ទៅលើកែងជើង ហើយពេលក្រោកឈរត្រង់ ត្រូវដាក់ទម្ងន់ទៅលើម្រាមជើង។ អនុវត្តកាយវិការនេះ ឱ្យបានពី ១៥ ទៅ ២០ដង។
កាយវិការទី ៤
ដេកផ្ងារនៅលើឥដ្ឋ និងដាក់ជើងទៅលើបាល់ធំមួយ លើកដងខ្លួនត្រង់ពីស្មាដល់កែងជើង។ ក្រោយមក បត់ជង្គង់ លើកខ្លួនឡើង ដោយរំកិលបាល់មកក្បែរ។ អនុវត្តឱ្យបានពី ១៥ ដល់ ២០ដង។
ដោយ ៖ តារា
ប្រភព ៖ womenshealthmag