CamNews

ផលិតផលថ្មី 

កក្រើកទៀតហើយ! អង្គការ NASA «រកឃើញភពថ្មីៗចំនួន០៧ ទៀត»

(ប៉ារីស)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​នៃអង្គការ​ណាសា (NASA) នាពេលថ្មីៗនេះ​បានប្រកាសឲ្យដឹង​អំពីរបក​គំហើញ​ដ៏​អស្ចារ្យ​​បំផុត​មួយ​​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក​នៃការរកឃើញ​ដ៏ថ្មីសន្លាង​នូវភព​ចំនួន​០៧​​ ដែលវិល​ជុំវិញ​ប្រព័ន្ធ​ផ្កាយ​តូចមួយ ដែលប្រការ​នេះកំពុង​បើកទូលាយ​នូវ​ទីតាំង​ដ៏ប្រសើរ​ជាងគេបង្អស់​សម្រាប់ការស្រាវជ្រាវ​ក៏ដូចជាស្វែង​រុករក​ជីវិត​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មាន​ដដែល​ ភពថ្មីទាំង០៧ខាងលើ​មានទំហំ​ និងទម្ងន់ប្រហាក់​ប្រហែល​នឹងភពផែនដី​របស់យើង​ដែរ​និង​ភាគ​​ច្រើន​ផ្សំ​ឡើង​​ពី​ថ្ម ហើយ​ភព​បី​​នៅ​ក្នុង​ចំណោម​នោះមាន​សភាពសាកសម​បំផុតក្នុងការ​ធ្វើជាទីជ្រកកោន​របស់ផ្ទៃទឹកដ៏​ធំល្វឹងល្វឺយ​ដែលអាចទ្រទ្រង់​ជីវិត​បាន​។ ម៉្យាងវិញទៀត​អ្វីដែលសំខាន់​ជាងនេះទៅទៀត​នោះគឺថា​រយៈចម្ងាយរបស់​ពួកវាពីភពផែនដី និងកម្រិត​ពន្លឺនៃផ្កាយ​របស់ពួកវា​មានឈ្មោះ​ថា Trappist-1 នឹងអនុញ្ញាត​ឲ្យអវកាសយានិក​ធ្វើការបែងចែក​បរិយាកាសនៃ​ភពនីមួយៗ ដើម្បីស្វែង​រកសញ្ញានៃ​សារធាតុទាំងឡាយ​នៃសកម្ម​ភាព​​របស់ភាវៈមាន​ជីវិត។

គួរបញ្ជាក់ដែរប្រព័ន្ធផ្កាយ Trappist-1 ដែលស្ថិតនៅ​ចម្ងាយត្រឹមតែ​ ៣៩ឆ្នាំពន្លឺប៉ុណ្ណោះពីភព​របស់យើងនោះ មានចំនួនភព​ដែល មាន​ទំហំ​ប្រហាក់​ប្រហែលនឹងផែនដី ​ហើយវិលជុំវិញ​ប្រព័ន្ធផ្កាយតែមួយគត់​ច្រើនជាង​បង្អស់ ហើយប្រព័ន្ធ​ផ្កាយតូចនេះ​មាន សីតុណ្ហភាព​មិនក្តៅពេក​រហូត​ដល់ធ្វើឲ្យទឹកក្លាយ​ជារំហួត និងមិនត្រជាក់​ពេករហូតដល់ធ្វើអ្វីៗ​ក្លាយជាទឹកកក​នោះឡើយ​៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Technology